លោកហ្សេឡេនស្គីស្នើជួបចរចាទល់មុខគ្នាក្នុងលិខិតបើកចំហទៅលោកពូទីន

 


បរទេស  លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអំពាវនាវឲ្យមានជំនួបផ្ទាល់រវាងរូបលោក និងលោក វ្ល៉ាឌីមៀ ពូទីននៅក្នុងការប៉ុនប៉ងជាថ្មីដើម្បីបញ្ចប់សង្គ្រាម។


នៅក្នុងលិខិតចំហមួយផ្ញើជូនប្រធានាធិបតីរុស្ស៊ី មេដឹកនាំអ៊ុយក្រែនរូបនេះបានលើកឡើងថា វាគឺជាការ "ខុសឆ្គងមួយក្នុងការរង់ចាំរហូតទាល់តែសង្គ្រាមនៅអឺរ៉ុបក្លាយជាចំណុចផ្តោតការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកម្តងទៀតដោយលោកបានបន្ថែមថា សន្តិភាពអាចកើតមានឡើងបានតែ "តាមរយៈការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ីប៉ុណ្ណោះ។


លោកក៏បានអំពាវនាវឲ្យមានការឈប់បាញ់ទាំងស្រុងក្នុងអំឡុងពេលនៃការចរចាដែលបានស្នើឡើងផងដែរ ដែលជាអ្វីមួយដែលលោកពូទីនបានបដិសេធកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកគិតថា "វាជារឿងដ៏អស្ចារ្យប្រសិនបើមេដឹកនាំទាំងពីរជួបគ្នា។


វិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួនបានទទួលលិខិតនោះហើយ ហើយលោកពូទីននឹងទទួលបានការរាយការណ៍សង្ខេបអំពីខ្លឹមសារនៃលិខិតនេះ។


ទឹកដមសម្តីនៅក្នុងលិខិតនោះមានភាពរឹងរូស និងថែមទាំងមានលក្ខណៈឌឺដងទៀតផង ដោយបានទាក់ទាញការចាប់អារម្មណ៍ទៅលើការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ុយក្រែនទៅលើទឹកដីរុស្ស៊ី។


លោក ហ្សេឡេនស្គី បានគូសបញ្ជាក់ថា "បន្ទាប់ពីកាន់អំណាចអស់រយៈពេល ២៦ ឆ្នាំមកនេះ វ័យបានចាប់ផ្តើមជះឥទ្ធិពលមិនល្អលើលោកពូទីនហើយ។ លិខិតនោះក៏បានរួមបញ្ចូលនូវការអញ្ជើញមួយផងដែរ។




លោក ហ្សេឡេនស្គី បានសរសេរថា "អ៊ុយក្រែនស្នើឲ្យបញ្ចប់សង្គ្រាមនេះតាមរយៈការចរចាដោយផ្ទាល់រវាងពួកយើង និងលោក។ ខ្ញុំសូមស្នើឲ្យមានជំនួបមួយ"


នេះមិនមែនជាការផ្តល់សំណើថ្មីថ្មោងពីសំណាក់មេដឹកនាំអ៊ុយក្រែននោះទេ។ ដូចដែលធ្លាប់បានធ្វើពីមុនមក វិមានក្រឹមឡាំងបានឆ្លើយតបថា លោក ហ្សេឡេនស្គី ត្រូវបានស្វាគមន៍ក្នុងការជួបលោកពូទីន នៅទីក្រុងមូស្គូ។


អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការទទួលស្គាល់ជាសាធារណៈរបស់រដ្ឋាភិបាលក្រុងគៀវថា សហរដ្ឋអាមេរិក "កំពុងផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើបញ្ហាប្រទេសអ៊ីរ៉ង់"


លោក ហ្សេឡេនស្គី បានសរសេរថា "វាជារឿងខុសឆ្គងក្នុងការគ្រាន់តែរង់ចាំរហូតទាល់តែសង្គ្រាមនៅអឺរ៉ុបត្រឡប់មកស្ថិតនៅចំកណ្តាលនៃការយកចិត្តទុកដាក់របស់ពួកគេវិញ"


នៅក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មានបរទេសក្នុងទីក្រុង St Petersburg ដោយហាក់បីដូចជាមិនទាន់បានឃើញខ្លឹមសារនៃលិខិតនោះ លោកពូទីន បាននិយាយថា លោក "ពិតជាត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការឈានទៅរកកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនប៉ុន្តែលោកបានមានប្រសាសន៍ថា ការសម្រុះសម្រួលគ្នាគឺជារឿងចាំបាច់ត្រូវតែធ្វើ។


លោកពូទីនបានផ្តល់យោបល់ថា ដោយសារតែលោកត្រាំកំពុងរវល់ជាមួយបញ្ហាអ៊ីរ៉ង់ សហភាពអឺរ៉ុប (EU) អាចបញ្ចុះបញ្ចូលលោក ហ្សេឡេនស្គី ឲ្យប្រគល់ទឹកដីឲ្យរុស្ស៊ីបាន។


ជំហរដ៏រឹងមាំតាំងពីដើមរៀងមករបស់លោកពូទីន គឺថា អ៊ុយក្រែនគួរតែដកខ្លួនចេញពីតំបន់ចំនួនបួនដែលត្រូវបានគ្រប់គ្រងដោយរុស្ស៊ីមួយផ្នែក រួមមាន ដូណេតស្ក៍ (Donetsk), លូហានស្ក៍ (Luhansk), ឃឺសិន (Kherson) និងហ្សាប៉ូរីហ្សៀ (Zaporizhzhia) ហើយត្រូវបោះបង់ចោលការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចូលជាសមាជិកអង្គការណាតូ (NATO)


អ៊ុយក្រែនបានបដិសេធដាច់ខាតចំពោះការកាត់ទឹកដី ដោយនិយាយថា វានឹងធ្វើឲ្យរុស្ស៊ីកាន់តែមានចិត្តក្លាហានក្នុងការឈ្លានពានម្តងទៀត ដូចដែលខ្លួនបានធ្វើកាលពីឆ្នាំ ២០២២ នៅពេលដែលរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំ រយៈពេលប្រាំបីឆ្នាំបន្ទាប់ពីបានកាត់យកតំបន់គ្រីមេ (Crimea) ដោយខុសច្បាប់។


ការចរចាឈប់បាញ់បានជាប់គាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយកិច្ចពិភាក្សាសន្តិភាពកាលពីមុនៗនៅក្នុងទីក្រុងហ្សឺណែវ (Geneva), អាប៊ូដាប៊ី (Abu Dhabi) និងអ៊ីស្តង់ប៊ុល (Istanbul) សុទ្ធតែបានបរាជ័យ។


នៅក្នុងលិខិតដែលមានប្រវែងជាង .៨០០ ពាក្យនោះ លោក ហ្សេឡេនស្គី បានលើកឡើងថា "វាមិនមែនមានន័យថាពួកយើងនៅក្នុងប្រទេសអ៊ុយក្រែនមានការព្រួយបារម្ភអំពីជោគវាសនារបស់ទាហានរុស្ស៊ី បន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលសង្គ្រាមរបស់លោកបាននាំមកកាន់ប្រទេសរបស់យើងនោះទេ។"




"ប៉ុន្តែខ្ញុំបារម្ភអំពីប្រជាជនអ៊ុយក្រែន។ ពួកយើងកំពុងបាត់បង់ប្រជាជនរបស់យើង ហើយរាល់ការបាត់បង់នីមួយៗគឺមានភាពឈឺចាប់ខ្លាំងណាស់សម្រាប់ពួកយើង"


លោក ហ្សេឡេនស្គី បាននិយាយថា ប្រជាជនរុស្ស៊ីបាននឿយណាយនឹងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់អ៊ុយក្រែន ការខ្វះខាតប្រេងសាំង និងតម្លៃទំនិញដែលកំពុងកើនឡើង ក៏ដូចជានឿយណាយនឹងសង្គ្រាមផងដែរ។


លោកបានអង្វរថា "កុំខ្លាចក្នុងការដើរចេញពីសង្គ្រាមនេះ។ នោះគឺជាអ្វីដែលសំខាន់បំផុតដែលត្រូវបានទាមទារពីលោកនៅពេលនេះ"


លោកបានមានប្រសាសន៍ថា អ៊ុយក្រែនកំពុងស្នើឲ្យបញ្ចប់សង្គ្រាម "តាមរយៈការចរចាដោយផ្ទាល់រវាងពួកយើង"លោក ហ្សេឡេនស្គី បាននិយាយថា ការចរចាផ្ទាល់អាចប្រព្រឹត្តទៅនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសស្វីស ឬតួកគី ជាដើម។


រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អង់ឌ្រី ស៊ីប៊ីហា (Andriy Sybiha) បាននិយាយថា "លិខិតចំហនេះ គឺជាសំណើដ៏គត់មុត និងមានអត្ថន័យដើម្បីបញ្ចប់សង្គ្រាម"


លោកបានបន្ថែមថា "យើងរំពឹងថានឹងមានការឆ្លើយតបដ៏មានអត្ថន័យចំពោះសំណើនេះ។ វាដល់ពេលត្រូវបញ្ចប់សង្គ្រាមនេះហើយ។ វាដល់ពេលដែលត្រូវជ្រើសរើសយកសន្តិភាពហើយ"


លិខិតរបស់ប្រធានាធិបតីអ៊ុយក្រែន បានលេចឡើងនៅថ្ងៃតែមួយដែលលោកពូទីន កំពុងស្ថិតនៅក្នុងទីក្រុង សាំង ពីធឺស្បឺគ ដែលជាទីកន្លែងកំពុងប្រារព្ធវេទិកាសេដ្ឋកិច្ចដ៏ធំមួយ។


កាលពីថ្ងៃមុន ទីក្រុងគៀវបានបើកការវាយប្រហារដោយដ្រូននៅលើតំបន់ជាយក្រុង St Petersburg ដែលជាការវាយប្រហារមួយត្រូវបានលើកឡើងនៅក្នុងសាររបស់លោក ហ្សេឡេនស្គី ថាជាការ "ទៅសួរសុខទុក្ខ"


ដោយឡែក អាជ្ញាធរគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់គ្រីមេ បានទម្លាក់កំហុសលើអ៊ុយក្រែនចំពោះការស្លាប់របស់ប្រជាជនចំនួនបួននាក់ នៅក្នុងការវាយប្រហារលើទីក្រុង Simferopol អ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារលើដេប៉ូផ្ទុកប្រេងមួយកន្លែង។


ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ លោកពូទីនហាក់ដូចជាបានបង្ហាញការសង្ស័យភ្លាមៗអំពីថាតើជំនួប ឬកិច្ចព្រមព្រៀងណាមួយអាចកើតឡើងបានដែរឬយ៉ាងណានោះ៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)

Previous Post Next Post