បរទេស ៖ កងទ័ពអ៊ីស្រាអែលបាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលសំដៅទៅរកប្រទេសអ៊ីស្រាអែល កាលពីក្រោយម៉ោង ១០ យប់ថ្ងៃអាទិត្យ។
មុននេះបន្តិច កងកម្លាំងអ៊ីស្រាអែលបានប្រកាសថា ពួកគេបានវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់ក្រុមហេសបូឡា (Hezbollah) ដែលជាក្រុមមូស្លីមស៊ីអ៊ីត គាំទ្រដោយអ៊ីរ៉ង់ នៅជិតរដ្ឋធានីបៃរូត នៃប្រទេសលីបង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ លោក អ៊ីស្រាអែល កាតស៍(Israel Katz) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ការវាយប្រហារចុងក្រោយនេះ គឺជាការឆ្លើយតបទៅនឹងការបាញ់ប្រហាររបស់ក្រុមហេសបូឡាមកលើទឹកដីអ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារកាលពីថ្ងៃអាទិត្យនេះ គឺជាការវាយប្រហារលើកដំបូងបង្អស់ដោយអ៊ីរ៉ង់មកលើអ៊ីស្រាអែល ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី ៨ ខែមេសា។
លោក ម៉ូសេន រេហ្សាអ៊ី (Mohsen Rezaee) ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានប្រកាសម្តងហើយម្តងទៀតថា ខ្លួននឹងមិនអត់ឱនចំពោះការរំលោភលើបទឈប់បាញ់ និងការឈ្លានពានប្រឆាំងនឹងប្រទេសលីបង់នោះឡើយ។ ពួកឈ្លានពានបានទទួលការឆ្លើយតបរបស់ពួកគេហើយនៅយប់នេះ»។
លោកបានបន្ថែមថា «ការឆ្លើយតបនេះគឺជាការព្រមានមួយសម្រាប់ពួកគេឱ្យបញ្ឈប់ទង្វើបង្កហេតុរបស់ខ្លួន។ រាល់សកម្មភាពថ្មីណាមួយ នឹងត្រូវជួបប្រទះនឹងការឆ្លើយតបយ៉ាងចាស់ដៃជាងនេះ និងត្រូវបង់ថ្លៃខ្ពស់ជាងនេះ»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



