បរទេស ៖ ក្រសួងការបរទេសស្វីសបានបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រខាងមុខនេះ នៅឯរមណីយដ្ឋាន បឺហ្គិនស្តុក (Burgenstock) ក្នុងតំបន់ភាគកណ្តាលនៃប្រទេសស្វីស។
ក្រសួងបានឱ្យដឹងកាលពីថ្ងៃអង្គារថា ទីតាំងនេះត្រូវបានស្នើឡើងដោយអ្នកសម្របសម្រួលប៉ាគីស្ថាន និងកាតាក៏ដូចជាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ។ ក្រសួងបានបន្ថែមថា ប្រទេសស្វីសកំពុងដើរតួជាអ្នកសម្របសម្រួលដោយបង្កើតលក្ខខណ្ឌជាក់ស្តែង និងលក្ខខណ្ឌការទូតចាំបាច់នានា ដើម្បីឱ្យកិច្ចប្រជុំនេះអាចប្រព្រឹត្តទៅបាន។
រមណីយដ្ឋាននៅលើកំពូលភ្នំមួយនេះ ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសន្តិភាពអន្តរជាតិស្តីពីអ៊ុយក្រែនកាលពីពីរឆ្នាំមុនផងដែរ។
អត្ថបទនៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ គិតត្រឹមថ្ងៃអង្គារ។ ប៉ុន្តែសារព័ត៌មាន Wall Street Journal បានរាយការណ៍អំពីកិច្ចព្រមព្រៀងនេះ ដោយយោងតាមប្រភពជិតស្និទ្ធនឹងរឿងរ៉ាវនេះ។ ប្រភពដដែលបាននិយាយថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ចាប់ផ្តើមលក់ប្រេង និងឥន្ធនៈភ្លាមៗក្រោមផ្លូវកិច្ចព្រមព្រៀងនេះ ដែល "ផ្តល់ឱ្យរដ្ឋាភិបាលក្រុងតេហេរ៉ង់នូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដំបូង ដើម្បីបញ្ចប់ជម្លោះ"។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បានប្រាប់សារព័ត៌មានខាងលើថា ការបន្ធូរបន្ថយទណ្ឌកម្មប្រកបដោយនិរន្តរភាព នឹងត្រូវផ្សារភ្ជាប់ទៅនឹង "ការអនុវត្តរបស់អ៊ីរ៉ង់ទៅលើការទាមទាររបស់សហរដ្ឋអាមេរិក" ទាក់ទងនឹងបញ្ហានានា ដូចជាការបើកច្រកសមុទ្រ ហ័រមូស (Hormuz) និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាដើម។ រដ្ឋាភិបាលក្រុងតេហេរ៉ង់ នៅតែមិនទាន់ទទួលបានសិទ្ធិចូលប្រើប្រាស់ភ្លាមៗ ទៅលើមូលនិធិដែលកំពុងត្រូវបានបង្កក ដែលមានតម្លៃរាប់ពាន់លានដុល្លារនោះឡើយ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


