មេដឹកនាំកំពូលរបស់អ៊ីរ៉ង់និយាយថា លោកបានអនុម័តលើកិច្ចព្រមព្រៀង ខណៈពេលដែលសហរដ្ឋអាមេរិកដកការបិទខ្ទប់កំពង់ផែ

 


បរទេស  មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡោះ ម៉ូចតាបា ខាមេនី (Ayatollah Mojtaba Khamenei) បាននិយាយកាលពីថ្ងៃទី ១៨ ខែមិថុនាថា លោកបានអនុម័តលើកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ទោះបីជាមានការខកចិត្តខ្លះៗក៏ដោយ ខណៈពេលដែលសហរដ្ឋអាមេរិកបានដកការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់។


ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយលោកត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ផេសេសគីយ៉ាន(Masoud Pezeshkian) បានចាប់ផ្តើមដំណាក់កាលរយៈពេល ៦០ ថ្ងៃសម្រាប់ការចរចាលើបញ្ហាទូលំទូលាយផ្សេងទៀតរវាងសត្រូវទាំងពីរ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។


ប៉ុន្តែនៅមានភាពមិនច្បាស់លាស់ជុំវិញជំហានបន្ទាប់ ហើយគេនៅមិនទាន់ច្បាស់នៅឡើយទេថាតើភាគីទាំងពីរ ដែលមិនមានទំនាក់ទំនងការទូតនឹងគ្នាទាល់តែសោះចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ មកនោះ នឹងរៀបចំពិធីចុះហត្ថលេខា និងការចរចានៅក្នុងប្រទេសស្វីសនៅថ្ងៃទី ១៩ ខែមិថុនា ដូចដែលបានប្រកាសពីមុនមកដែរឬយ៉ាងណាទេ។




តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ទោះបីជាសកម្មភាពនៅតែមានកម្រិតទាបនៅឡើយនៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាច្រកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនថាមពល ដែលអ៊ីរ៉ង់បានបិទខ្ទប់ក្នុងអំឡុងពេលជម្លោះ ហើយច្រកនេះគួរតែបើកឡើងវិញភ្លាមៗនៅក្រោមកិច្ចព្រមព្រៀង។


លោក ម៉ូចតាបា ខាមេនី ដែលបានក្លាយជាមេដឹកនាំកំពូលបន្ទាប់ពីឪពុករបស់លោក និងជាអ្នកគ្រប់គ្រងអ៊ីរ៉ង់ដ៏យូរលង់គឺលោក អាលី ខាមេនី (Ali Khamenei) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្រ្គាមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា លោកបានអនុម័តលើកិច្ចព្រមព្រៀងនេះ បើទោះបីជាមាន "ទស្សនៈខុសគ្នាដោយមិនបានបញ្ជាក់លម្អិតក៏ដោយ។


លោកបានបន្ថែមថា «ប៉ុន្តែខ្ញុំបានផ្តល់ការអនុញ្ញាតរបស់ខ្ញុំ ដោយសារតែការប្តេជ្ញាចិត្ត» ដែលធ្វើឡើងដោយមន្ត្រីនានា រួមទាំងលោក ផេសេសគីយ៉ាន ផងដែរ ដើម្បី «ការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់»


លោកបានបន្ថែមទៀតថា «ការចរចាផ្ទាល់ទល់មុខ» ជាមួយសហរដ្ឋអាមេរិកនឹងត្រូវធ្វើឡើងនៅពេលអនាគត ប៉ុន្តែនោះមិនមែន «មានន័យថាទទួលយកទស្សនៈរបស់សត្រូវនោះទេ»


កាលពីនៅកាន់អំណាច លោក អាលី ខាមេនី តែងតែអនុញ្ញាតឱ្យមន្ត្រីនានាបន្តការចរចាជាញឹកញាប់ ដោយរូបលោកផ្ទាល់មិនបានបង្ហាញពីភាពខ្នះខ្នែងខ្លាំងនោះឡើយ។


កូនប្រុសរបស់លោក ដែលត្រូវគេនិយាយថាបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដែរនោះ នៅមិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ចាប់តាំងពីត្រូវបានតែងតាំងជាមេដឹកនាំកំពូល។ ពិធីបុណ្យសពរបស់ឪពុកលោក ដែលគ្រោងនឹងធ្វើឡើងនៅដើមខែកក្កដា នឹងត្រូវគេតាមដានយ៉ាងដិតដល់ ដើម្បីរកមើលសញ្ញានៃអ្នកគ្រប់គ្រងថ្មីរូបនេះ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post