សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមចរចាជាលើកដំបូង ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នា

 


..អា  សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមការចរចាជាលើកដំបូង ចាប់តាំងពីពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានគោលបំណងបញ្ចប់ការវាយប្រយុទ្ធគ្នា។


អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ានស៍ (JD Vance) ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាំម៉ាត់ បាគ័រ កាលីបាហ្វ(Mohammad Bagher Ghalibaf) និងរដ្ឋមន្ត្រីការបរទេស លោក អាប់បាស អារ៉ាកជី (Abbas Araghchi) បានធ្វើដំណើរទៅដល់ទីក្រុង ប៊ើហ្គេនស្តុក (Burgenstock) ប្រទេសស្វីស កាលពីថ្ងៃអាទិត្យ។ ពួកគេក៏ត្រូវបានចូលរួមដោយតំណាងមកពីប្រទេសប៉ាកីស្ថាន និងប្រទេសកាតា ដែលបានដើរតួជាអ្នកសម្របសម្រួលផងដែរ។


នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាធ្វើការចរចាដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយមួយ ក្នុងរយៈពេល ៦០ ថ្ងៃ។


ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានដកស្រង់សម្តីប្រភពដែលដឹងពីហេតុការណ៍នេះ ដោយនិយាយថាគណៈប្រតិភូអ៊ីរ៉ង់បានបដិសេធមិនចាប់ដៃ និងមិនចូលរួមក្នុងការថតរូបរួមគ្នាជាមួយភាគីសហរដ្ឋអាមេរិក នៅដើមដំបូងនៃកិច្ចពិភាក្សានោះទេ។ ទីភ្នាក់ងារនេះបានបន្តថា ភាគីសហរដ្ឋអាមេរិកមានបំណងចង់រៀបចំឱ្យមានឱកាសទាំងនោះកើតឡើង។




ភ្លាមៗបន្ទាប់ពីកិច្ចចរចាបានចាប់ផ្តើម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់ក្រុមប្រូកស៊ី (ក្រុមកងកម្លាំងតំណាងរបស់ខ្លួននៅក្នុងប្រទេសលីបង់ភ្លាមៗ មិនឱ្យបង្កបញ្ហាបន្តទៀត បើមិនដូច្នោះទេ សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លាម្តងទៀត។


ប្រធានសភាអ៊ីរ៉ង់ លោក កាលីបាហ្វ បាននិយាយនៅលើបណ្តាញសង្គមវិញថា អ៊ីរ៉ង់មិនយកចិត្តទុកដាក់ចំពោះការគំរាមកំហែងទាំងនោះឡើយ។ លោកបានបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិកគួរតែមានការប្រុងប្រយ័ត្នចំពោះការលើកឡើងរបស់ពួកគេ ហើយកងកម្លាំងអ៊ីរ៉ង់គឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតប។


នៅក្រោមអនុស្សរណៈនេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាបញ្ចប់រាល់ប្រតិបត្តិការយោធានៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យអ៊ីស្រាអែលបង្ហាញការអត់ធ្មត់ ជាមួយគ្នានឹងក្រុមហេសបូឡា (Hezbollah) ដែលជាក្រុមមូស្លីមស៊ីអ៊ីត គាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែការវាយប្រយុទ្ធគ្នានៅតែបន្តកើតមានកាលពីថ្ងៃសៅរ៍៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم