ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ នៅថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៦ មានករណីបុរសម្នាក់ឈ្មោះ អែក សុវណ្ណារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ភ្លាមៗកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកើតហេតុភ្លាមៗធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។បុរសបែកថ្នាំខាលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើតេស្តទឹកនោមរកឃើញជាប់សារធាតុញៀនដែលអាចសន្និដ្ឋានបានថា «ប្រហែលបុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបាត់បង់ស្មារតី(បែកថ្នាំ) ទើបបញ្ចេញអាកប្បកិរិយាគម្រាមកំហែងបំភិតបំភ័យរហូតអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារយ៉ាងដូច្នេះ»។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ ប្រសិនបើបងប្អូន បានជួបហេតុការណ៍ណាមួយ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានឈ្មោះថា Phnom Penh Gendarmerie៕(BBN)



