សហរដ្ឋអាមេរិកនិយាយថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងមិនមានការទារកម្រៃឡើយ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអ៊ីរ៉ង់

 


បរទេស  សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី ១៥ ខែមិថុនាថា នាវាទាំងឡាយនឹងធ្វើដំណើរដោយមិនបាច់បង់ប្រាក់កម្រៃឡើយ តាមរយៈច្រកសមុទ្រ Hormuz ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់មួយ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយអាមេរិកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រូវតែបំពេញតាមការប្ដេជ្ញាចិត្តរបស់ខ្លួនឱ្យបានរួចរាល់សិន មុននឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចណាមួយ។


អត្ថប្រយោជន៍ទាំងនោះ រួមមានទាំងលទ្ធភាពបង្កើតមូលនិធិស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃ ៣០០ពាន់លានដុល្លារអាមេរិកសម្រាប់ប្រទេសដែលរងការខ្ទេចខ្ទីដោយសារសង្គ្រាមមួយនេះ ប៉ុន្តែការបញ្ចេញកញ្ចប់ថវិកានេះ នឹងត្រូវ «ភ្ជាប់ទៅនឹងលទ្ធផលនៃការអនុវត្តជាក់ស្តែង» នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលត្រាំ នៅក្នុងការផ្តល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយក្រុមអ្នកយកព័ត៌មាន។


មន្ត្រីរូបនោះបានបន្តថា លោកត្រាំ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ានស៍ (J.D. Vance) និងប្រធានសភាអ៊ីរ៉ង់លោក ម៉ូហាំម៉ាត់ បាហ្គ័រ កាលីបាហ្វ (Mohammad Bagher Ghalibaf) បានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកលើឯកសារដែលគេហៅថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី ១៤ ខែមិថុនា។




មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា «ប្រធានាធិបតីចង់ចុះហត្ថលេខាលើឯកសារនេះដោយផ្ទាល់ខ្លួនឯង ព្រោះលោកចង់បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោកចំពោះដំណើរការមួយនេះ»


ប៉ុន្តែលោកវ៉ានស៍បានទទួលស្គាល់ថា គ្រោងឆ្អឹងនៃកិច្ចព្រមព្រៀងដ៏ខ្លីនេះ បានទុកបញ្ហាដែលស្មុគស្មាញ និងបន្លាយពេលបំផុត ជាពិសេសគឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទៅដោះស្រាយនៅពេលក្រោយ។


លោកវ៉ានស៍បានប្រាប់ទូរទស្សន៍ CNN ថា «អនុស្សរណៈនៃការយោគយល់នេះ មានប្រវែងប្រហែលមួយទំព័រកន្លះប៉ុណ្ណោះ ដូច្នេះវាជាឯកសារដែលមានលក្ខណៈទូទៅខ្លាំងណាស់»


លោកវ៉ានស៍នឹងដឹកនាំកិច្ចពិភាក្សាផ្នែកបច្ចេកទេសនៅសប្តាហ៍នេះ ហើយនឹងចូលរួមក្នុងពិធីចុះហត្ថលេខាផ្ទាល់ ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កូនប្រសារបស់លោកត្រាំ គឺលោក ចារេដ គូសណឺ(Jared Kushner) និងប្រេសិតពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា លោក ស្ទីវ វីតខូហ្វ (Steve Witkoff) ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។


លោកត្រាំ ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល G-7 នៅក្នុងប្រទេសបារាំង បានមានប្រសាសន៍ថា ខ្លឹមសារនៃអត្ថបទកិច្ចព្រមព្រៀងនេះ ទំនងជានឹងត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីថ្ងៃទី ១៩ ខែមិថុនា ប៉ុន្តែមន្ត្រីអាមេរិកបាននិយាយថា វានឹងត្រូវ «បញ្ចេញក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខនេះ»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post