សហរដ្ឋអាមេរិក បើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីលោកត្រាំប្តេជ្ញាវាយបកវិញយ៉ាង «ខ្លាំងក្លា»

 


ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការវាយប្រហារថ្មីៗបន្ថែមទៀតលើអ៊ីរ៉ង់កាលពីថ្ងៃទី ៨ ខែកក្កដា និងព្រមានពីផលវិបាក "កាន់តែអាក្រក់ជាងនេះ" ប្រសិនបើរដ្ឋាភិបាលក្រុងតេហេរ៉ង់នៅតែបន្តវាយប្រហារលើនាវាដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដឹកជញ្ជូនប្រេងដ៏សំខាន់បំផុត។


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា មានការផ្ទុះឡើងនៅទីតាំងជាច្រើនតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់ បន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសពីការវាយប្រហាររលកថ្មីមួយទៀត។


ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ (IRNA) បានរាយការណ៍ថា គេបានឮសំឡេងយន្តហោះចម្បាំងហោះពីលើកោះ Kish ហើយការផ្ទុះជាច្រើនបានអង្រួនទីក្រុងកំពង់ផែ Bandar Abbas, Konarak និង Chabahar ដែលធ្វើឱ្យតំបន់មួយចំនួននៅក្នុងទីក្រុងទាំងនោះត្រូវដាច់ចរន្តអគ្គិសនី។


លោកត្រា​ំបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «នេះគឺជាការសងសឹកចំពោះការទម្លាក់គ្រាប់បែកលើនាវាដឹកជញ្ជូនដោយអ៊ីរ៉ង់កាលពីម្សិលមិញ។ ប្រសិនបើសកម្មភាពបែបនេះកើតឡើងម្តងទៀត វានឹងកាន់តែអាក្រក់ជាងនេះទៅទៀត!»។


ខណៈកំពុងបញ្ជាឱ្យមានការវាយបកទៅលើទីក្រុងតេហេរ៉ង់ លោកត្រាំ កាលពីព្រឹកថ្ងៃទី ៨ ខែកក្កដា បានថ្លែងថាលោករំពឹងថាការផ្ទុះឡើងនៃជម្លោះយោធាចុងក្រោយនេះនឹងបញ្ចប់ទៅវិញយ៉ាងឆាប់រហ័ស ហើយលោកក៏បានបើកផ្លូវសម្រាប់ការចរចាបន្ថែមទៀតផងដែរ។




បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយសមត្ថភាពរបស់កងកម្លាំងអ៊ីរ៉ង់ «ក្នុងការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍» នៅក្នុងច្រកសមុទ្រ កន្លែងដែលមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកត្រូវហូរឆ្លងកាត់ជាធម្មតា។


CENTCOM បានបង្ហោះនៅលើបណ្តាញសង្គម X ថា «សហរដ្ឋអាមេរិកកំពុងទាមទារឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការឈ្លានពានដោយគ្មានហេតុផលចុងក្រោយបង្អស់ មកលើនាវាដឹកជញ្ជូនពាណិជ្ជកម្ម»។


ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់បាននិយាយថា សំឡេងផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas, Konarak និង Chabahar។


មុនពេលបញ្ជាឱ្យមានការវាយប្រហារចុងក្រោយនេះ លោកត្រាំបានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ ដែលបានជំរុញឱ្យប្រទេសសម្របសម្រួលដូចជា ប៉ាគីស្ថាន កាតា និងអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។


ច្រកសមុទ្រ Hormuz នៅតែជាចំណុចក្តៅបំផុតនៅក្នុងជម្លោះមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈជាមួយនឹងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់លោក Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលសពរបស់លោកនឹងត្រូវបញ្ចុះនៅក្នុងស្រុកកំណើតរបស់លោកនៅទីក្រុង Mashhad នាថ្ងៃទី ៩ ខែកក្កដានេះ។




រដ្ឋាភិបាលក្រុងតេហេរ៉ង់នៅតែទទូចចង់គ្រប់គ្រងច្រកសមុទ្រនេះ ដោយនិយាយថា ខ្លួននឹងទារកម្រៃសម្រាប់ការឆ្លងកាត់ និងគំរាមវាយប្រហារលើនាវាទាំងឡាយណាដែលងាកចេញពីផ្លូវដែលខ្លួនបានអនុញ្ញាត។


កងទ័ពរបស់អ៊ីរ៉ង់បានវាយប្រហារលើនាវាហោចណាស់ចំនួនបីគ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបង្កឱ្យមានការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់សហរដ្ឋអាមេរិកទៅលើគោលដៅនានារបស់អ៊ីរ៉ង់កាលពីថ្ងៃទី ៧ ខែកក្កដាបន្ទាប់មកក៏មានការវាយប្រហារសងសឹកពីអ៊ីរ៉ង់ទៅលើបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រវិញ។


លោកត្រាំបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលណាតូ (NATO) ក្នុងទីក្រុងអង់ការ៉ា (Ankara) ថា «យើងនឹងវាយពួកគេឱ្យធ្ងន់ធ្ងរនៅយប់នេះ។ ពួកគេបានរំលោភលើកិច្ចព្រមព្រៀងជារៀងរាល់ថ្ងៃ»។


ទោះជាយ៉ាងណាក៏ដោយ ក្រោយមកលោកបានបន្ថែមថា «អ្វីៗដែលកើតឡើង នឹងត្រូវបញ្ចប់ទៅវិញយ៉ាងឆាប់រហ័សបំផុត»។


តម្លៃប្រេងបានហក់ឡើងខ្ពស់រហូតដល់ ៨ ភាគរយ ភ្លាមៗបន្ទាប់ពីការលើកឡើងមុននេះរបស់លោកត្រាំ ដែលថាបទឈប់បាញ់ត្រូវបាន «បញ្ចប់»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post