ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកនឹងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីលដែលប្រើប្រាស់ក្នុងប្រព័ន្ធការពារដែនអាកាស Patriot។
លោកត្រាំបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃពុធ នៅទីក្រុងអង់ការ៉ា រដ្ឋធានីរបស់តួកគី នៅក្រៅជំនួបនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ(NATO) នៅទីនោះ។
លោកត្រាំបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីល Patriot ព្រមទាំងផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា (know-how) ដើម្បីធ្វើការងារនេះផងដែរ។
បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រឈមមុខនឹងការលំបាកក្នុងការបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី។ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ជាញឹកញាប់អំពីតម្រូវការចាំបាច់នៃគ្រាប់មីស៊ីលស្ទាក់ចាប់ទាំងនេះ។
នៅក្នុងជំនួបនោះ លោក ហ្សេឡេនស្គី បានលើកឡើងថា ប្រព័ន្ធការពារ Patriot របស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន គឺជាប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិកដ៏ល្អបំផុតនៅលើពិភពលោក។
ដោយនិយាយសំដៅទៅលើការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង និងគោលដៅផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី លោកត្រាំបាននិយាយថា «វាគឺជាការបង្កើនកម្តៅនៃសង្រ្គាម ប៉ុន្តែវាក៏ជាការបង្កើនកម្តៅមួយដែលអាចជួយនាំទៅរកទីបញ្ចប់នៃសង្រ្គាមផងដែរ»។
នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បណ្តាប្រទេសជាសមាជិកបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងរឹងមាំ និងមិនងាករេរបស់សម្ព័ន្ធភាពនេះចំពោះប្រទេសអ៊ុយក្រែន។ អង្គការណាតូបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលថា «សម្រាប់ឆ្នាំ២០២៦ ក្រុមប្រទេសសម្ព័ន្ធមិត្តសន្យាថានឹងផ្តល់ជំនួយជាឧបករណ៍យោធា ជំនួយបច្ចេកទេសនិងការបណ្តុះបណ្តាលក្នុងតម្លៃ ៧០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តជាអធិបតេយ្យរបស់ខ្លួនក្នុងការរក្សាកម្រិតជំនួយប្រហាក់ប្រហែលគ្នានេះយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧»៕ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)


