សហរដ្ឋអាមេរិកវាយប្រហារលើអ៊ីរ៉ង់៣យប់ជាប់គ្នា ខណៈត្រាំថា កិច្ចព្រមព្រៀងនៅតែ «អាចទៅរួច»

 


បរទេស ៖ សហរដ្ឋអាមេរិកបានបើកការវាយប្រហារជាថ្មីម្តងទៀតទៅលើប្រទេសអ៊ីរ៉ង់កាលពីព្រលឹមថ្ងៃទី ១៤ខែកក្កដា ដែលបង្ហាញពីការកើនឡើងកម្ដៅថ្មីមួយទៀតក្នុងការបន្តអរិភាពឡើងវិញ ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់នៅតែអាចទៅរួចក៏ដោយ។


លោកត្រាំបានប្រាប់អ្នកសម្របសម្រួលកម្មវិធីវិទ្យុអភិរក្សនិយម លោក Hugh Hewitt កាលពីថ្ងៃទី ១៣ ខែកក្កដាថា«យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លានៅយប់នេះ ហើយយើងនឹងបន្តវាយប្រហារពួកគេឱ្យខ្លាំងនៅថ្ងៃស្អែក»។


តម្លៃប្រេងបានហក់ឡើងខ្លាំងជាង ៩ ភាគរយ ដោយសារតែការព្រួយបារម្ភអំពីការផ្ទុះឡើងវិញនៃជម្លោះ។  


បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសថា ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង២០:៤៥ ដែលជាការវាយប្រហារយប់ទីបីជាប់ៗគ្នា។


CENTCOM បានឲ្យដឹងថា «ការវាយប្រហារទាំងនេះនឹងបន្តបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងអ៊ីរ៉ង់និងកាត់បន្ថយសមត្ថភាពរបស់ពួកគេក្នុងការវាយប្រហារលើជនស៊ីវិលស្លូតត្រង់ និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz»។  




កាលពីព្រលឹមថ្ងៃទី ១៤ ខែកក្កដា អារ៉ាប់រួមអាមីរ៉ាត (UAE) បាននិយាយថា អ៊ីរ៉ង់បានវាយប្រហារលើនាវាចំនួនពីរនៅក្នុងផ្លូវទឹកដ៏សំខាន់នេះ ដោយបានសម្លាប់សមាជិកនាវិកម្នាក់ និងបង្កឱ្យរបួស ៨ នាក់ផ្សេងទៀត។  


អារ៉ាប់រួមដែលជាប្រទេសសម្បូរប្រេង គឺជាសម្ព័ន្ធមិត្តកំពូលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយបានរាយការណ៍អំពីការវាយប្រហារដោយកាំជ្រួច និងដ្រូនជាច្រើនលើកពីសំណាក់ប្រទេសអ៊ីរ៉ង់។


ក្រសួងការពារជាតិអារ៉ាប់រួមបានសរសេរនៅលើបណ្តាញសង្គម X ថា «ក្រសួងការពារជាតិប្រកាសថា នាវាដឹកប្រេងជាតិ Mombasa និង Al Bahiyah ត្រូវបានកំណត់គោលដៅដោយកាំជ្រួចគ្រូស (cruise missiles) របស់អ៊ីរ៉ង់ចំនួនពីរគ្រាប់ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់គន្លងនាវាចរណ៍ភាគខាងត្បូងនៃច្រកសមុទ្រ Hormuz នៅក្នុងដែនទឹករបស់ប្រទេសអូម៉ង់»។  


ការរាយការណ៍អំពីការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីកងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ កាលពីថ្ងៃទី ១៣ ខែកក្កដា បានប្រកាសពីការវាយប្រហារថ្មីលើប្រទេសបារ៉ែន ហ៊្សកដានី កូវ៉ែត និងអូម៉ង់៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



Previous Post Next Post