រថពាសដែក Novator តម្លៃ ៣០០.០០០ ដុល្លាររបស់អ៊ុយក្រែន ពេលនេះអាចបញ្ជាពីចម្ងាយបានហើយ...ដោយប្រើចង្កូតហ្គេម PlayStation

 


បរទេស ៖ រថពាសដែកយោធា Novator តម្លៃ ៣០០.០០០ ដុល្លារ របស់អ៊ុយក្រែន ពេលនេះអាចបញ្ជាបានដោយប្រើចង្កូតហ្គេម PlayStation។


នៅក្នុងវីដេអូមួយដែលបានចែករំលែកនៅលើបណ្តាញសង្គម X ក្រសួងការពារជាតិអ៊ុយក្រែនបានសរសេរថារថពាសដែកដឹកជញ្ជូនកងទ័ព (APC) មួយនេះ ពេលនេះ «ទទួលបានសមត្ថភាពបញ្ជាពីចម្ងាយហើយ»។


ប្រភពដដែលបានបន្តថា «ការមិនមានអ្នកបើកបរនៅក្នុងរថយន្ត បានជួយបង្កើនសមត្ថភាពផ្ទុករបស់វា។ វាក៏បានកាត់បន្ថយយ៉ាងខ្លាំងនូវហានិភ័យចំពោះអាយុជីវិត និងសុខភាពរបស់បុគ្គលិកយោធាផងដែរ»។


វីដេអូនោះបានបង្ហាញពីរថពាសដែកទម្ងន់ជិត ៩ តោន ត្រូវបានបញ្ជាដោយចង្កូតហ្គេម PlayStation។


គេអាចមើលឃើញអ្នកបញ្ជាស្ថិតនៅក្នុងបន្ទប់ដ៏មានផាសុកភាពមួយជាមួយនឹងចង្កូតហ្គេម ខណៈដែលរថពាសដែកNovator កំពុងបើកបរជុំវិញទីវាលមួយ។




យោងតាមក្រុមហ៊ុន Ukrainian Armor ដែលជាក្រុមហ៊ុនផលិតរថពាសដែក Novator បានឱ្យដឹងថា រថពាសដែកAPC នេះមានរន្ធសម្រាប់បាញ់កាំភ្លើងចំនួន ៥ និងអាចដឹកមនុស្សបានរហូតដល់ ១០ នាក់ក្នុងពេលតែមួយ។


វាក៏មានបំពាក់កញ្ចក់ការពារគ្រាប់ ដែលមានស្រទាប់បន្ថែមសម្រាប់ទប់កម្ទេចកញ្ចក់កុំឱ្យហោះខ្ទាតផងដែរ។


រថពាសដែកនេះមានល្បឿនអតិបរមាប្រហែល ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានចម្ងាយបើកបរធម្មតាយ៉ាងហោចណាស់ប្រហែល ៥០០ គីឡូម៉ែត្រ។


ទោះបីជាការសម្រេចចិត្តប្រគល់ការគ្រប់គ្រងរថពាសដែកដ៏មានឥទ្ធិពលបែបនេះទៅឱ្យអ្នកបញ្ជាដោយប្រើឧបករណ៍បញ្ជា PlayStation មើលទៅហាក់ដូចជាប្លែកបន្តិចក៏ដោយ ប៉ុន្តែកងទ័ពមេរិកបានធ្វើរឿងស្រដៀងគ្នានេះជាយូរមកហើយ។




ទស្សនាវដ្តី Wired បានរាយការណ៍ក្នុងឆ្នាំ ២០២៤ ថា កងទ័ពជើងគោក និងកងពលតូចទាហានជើងទឹកអាមេរិក បានប្រើប្រាស់ឧបករណ៍បញ្ជា Xbox អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយយកទៅប្រើប្រាស់គ្រប់បែបយ៉ាងចាប់តាំងពីដ្រូនខ្នាតតូច រហូតដល់ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ។


ឧបករណ៍បញ្ជាទាំងនេះ ថែមទាំងត្រូវបានប្រើប្រាស់ដើម្បីបញ្ជាផ្នែកខ្លះនៃនាវាមុជទឹក រួមទាំងបង្គោលអង់តែនអុបទិកផងដែរ។


កងទ័ពអាមេរិកក៏បានដាក់ពង្រាយឧបករណ៍បញ្ជា Xbox សម្រាប់ឱ្យទាហានប្រើប្រាស់ជាមួយនឹងប្រព័ន្ធឡាស៊ែរថាមពលខ្ពស់ (Palletised-High Energy Laser) ដែលប្រើកាំរស្មីឡាស៊ែរដើម្បីបាញ់ទម្លាក់ដ្រូន និងគ្រាប់មីស៊ីលដែលហោះចូលមកផងដែរ។


លោក Tom Phelps ដែលកាលនោះជានាយកផលិតផលនៅក្រុមហ៊ុន iRobot បានប្រាប់សារព័ត៌មាន Business Insider ក្នុងឆ្នាំ ២០១៣ ថា «ត្រឹមឆ្នាំ ២០០៦ ហ្គេមដូចជា Halo គឺមានឥទ្ធិពលខ្លាំងនៅក្នុងជួរយោធ។ ដូច្នេះ យើងបានធ្វើការជាមួយយោធាដើម្បីធ្វើឱ្យគំនិតនេះក្លាយជាការអនុវត្តទូទៅ និងជាស្តង់ដារ... វាត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំធេងមួយ ដោយទាហានវ័យក្មេងដែលមានបទពិសោធន៍លេងហ្គេមច្រើន អាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស»។




ការវិវត្តនេះបានកើតឡើងចំពេលដែលលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសថា អ៊ុយក្រែន និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងនយោបាយស្តីពីអាជ្ញាប័ណ្ណសម្រាប់ការផលិតគ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 Patriot ដោយបានបន្ថែមថា ការផ្គត់ផ្គង់ដ៏សំខាន់នៃគ្រាប់មីស៊ីលទាំងនេះនឹងមកដល់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។


Patriot គឺជាប្រព័ន្ធការពារដែនអាកាសផលិតដោយសហរដ្ឋអាមេរិក។ គ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 របស់វា (មកពីពាក្យពេញថា Patriot Advanced Capability-3) គឺជាអាវុធលោកខាងលិចមួយក្នុងចំណោមអាវុធតិចតួចដែលអាចបាញ់ទម្លាក់គ្រាប់មីស៊ីលបាលីស្ទិក ដែលរុស្ស៊ីបានបាញ់កាន់តែខ្លាំងឡើងៗសំដៅទៅលើទីក្រុងនានារបស់អ៊ុយក្រែន។


លោកហ្សេឡេនស្គី ដែលបានថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីត្រឡប់មកពីកិច្ចប្រជុំកំពូលណាតូ និងការចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសតួកគី ក៏បានមានប្រសាសន៍ផងដែរថា ការចរចាកំពុងបន្តជាមួយសហរដ្ឋអាមេរិកលើ «កិច្ចព្រមព្រៀងដ្រូន» ឬការរួមគ្នាផលិតដ្រូន។




លោកហ្សេឡេនស្គីបាននិយាយសំដៅលើការទទួលបានគ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 ថា «ខ្ញុំជឿថា នេះជាកិច្ចប្រជុំកំពូលដ៏មានផ្លែផ្កាសម្រាប់អ៊ុយក្រែន។ នៅថ្ងៃខាងមុខ យើងនឹងទទួលបានកញ្ចប់ជំនួយពីសហរដ្ឋអាមេរិកហើយវាក៏មានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយចំនួនទៀតផងដែរ»។


លោកបានបន្តទាក់ទងនឹងការផលិតគ្រាប់មីស៊ីល Patriot សម្រាប់អ៊ុយក្រែនថា «យើងបានដោះស្រាយបញ្ហានេះតាមផ្លូវនយោបាយហើយ។ ឥឡូវនេះ វាមានសារៈសំខាន់ខ្លាំងណាស់ដែលក្រុមបច្ចេកទេសរបស់យើង តំណាងទាំងអស់មកពីក្រសួងផ្សេងៗ និងតំណាងនៃអំណាចប្រតិបត្តិ ចាប់ផ្តើមធ្វើការលើរឿងនេះដោយមិនបង្អង់យូរ ដើម្បីឱ្យយើងអាចទទួលបានអាជ្ញាប័ណ្ណយ៉ាងឆាប់រហ័ស និងចាប់ផ្តើមការផលិតនៅក្នុងប្រទេសអ៊ុយក្រែនឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។


លោកហ្សេឡេនស្គីបានអំពាវនាវជាយូរមកហើយសម្រាប់ការផ្គត់ផ្គង់គ្រាប់មីស៊ីលស្ទាក់ចាប់ឱ្យបានលឿនជាងមុនដើម្បីអាចបាញ់ទម្លាក់គ្រាប់មីស៊ីលបាលីស្ទិករុស្ស៊ី ដែលជាតម្រូវការកាន់តែបន្ទាន់បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះលើរដ្ឋធានីរបស់អ៊ុយក្រែន និងទីក្រុងផ្សេងទៀត។


លោកហ្សេឡេនស្គីបានបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងដ្រូនណាមួយត្រូវបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅឡើយទេ «ប៉ុន្តែមានឯកសារមួយចំនួនត្រូវបានចុះហត្ថលេខារួចហើយ ដើម្បីឱ្យភាគីអាមេរិកអាចទទួលបានដ្រូនប្រភេទផ្សេងៗ និងទម្រង់ខុសៗគ្នាពីអ៊ុយក្រែន ដែលសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍យកទៅធ្វើការសាកល្បង។ ហើយពួកគេកំពុងទទួលបានវាពីយើង»។




លោកបានបន្តថា ទាំងនោះរួមមាន «ទាំងដ្រូនលើអាកាស និងដ្រូនលើទឹក (marine drones) ព្រមទាំងបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ»។ លោកក៏បានបន្ថែមទៀតថា ការពិភាក្សានឹងបន្តធ្វើឡើងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនលើការអភិវឌ្ឍប្រព័ន្ធប្រឆាំងមីស៊ីលដាច់ដោយឡែកមួយ ដោយមានការរៀបចំកិច្ចប្រជុំមួយនៅប្រទេសបារាំងក្នុងពេលដ៏ខ្លីខាងមុខនេះ។


លោកហ្សេឡេនស្គីបានបញ្ជាក់ថា «វាគឺសម្រាប់គោលដៅបាលីស្ទិក ស្រដៀងគ្នានឹង Patriot ដែរ ប៉ុន្តែខ្ញុំអាចនិយាយបានថា វាជាប្រព័ន្ធដែលផលិតបានច្រើនក្នុងទ្រង់ទ្រាយធំ និងមានតម្លៃថោកជាង។ យ៉ាងហោចណាស់ នោះជាភារកិច្ចដែលខ្ញុំបានដាក់ចេញសម្រាប់ក្រុមហ៊ុនផលិតរបស់យើង។ នេះជាម៉ូដែលរបស់អឺរ៉ុប។ កិច្ចប្រជុំរបស់យើងលើរឿងនេះនឹងធ្វើឡើងនៅប្រទេសបារាំង ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»៕

Previous Post Next Post