បរទេស ៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការបិទផ្លូវទឹកយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញ ខណៈដែលភាគីទាំងពីរបាននិងកំពុងវាយបកគ្នាទៅវិញទៅមក។
បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងថា ខ្លួនបាន «បង្វែរទិសដៅ» នាវាពាណិជ្ជកម្មចំនួនពីរគ្រឿង ដែលបានព្យាយាមបើកឆ្លងកាត់តំបន់បិទផ្លូវទឹកនោះ។
រដ្ឋាភិបាលវ៉ាស៊ីនតោនក៏កំពុងបង្កើនសម្ពាធយោធាលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ផងដែរ។ CENTCOM បានប្រកាសកាលពីថ្ងៃពុធថា កងទ័ពបានបើកការវាយប្រហាររលកថ្មីប្រឆាំងនឹងអ៊ីរ៉ង់។ កងកម្លាំងអាមេរិកបាននិងកំពុងបន្តការវាយប្រហាររយៈពេល ៥ ថ្ងៃជាប់ៗគ្នាមកហើយ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកំណត់គោលដៅវាយប្រហារលើរោងចក្រអគ្គិសនី និងស្ពាននានារបស់អ៊ីរ៉ង់ប្រសិនបើរដ្ឋាភិបាលក្រុងតេហេរ៉ង់មិនព្រមវិលត្រឡប់មកចរចាវិញទេនោះ។ នៅពេលដែលអ្នកយកព័ត៌មានម្នាក់នៅរដ្ឋ Pennsylvania បានសួរថា តើលោកកំពុងកំណត់ឱសានវាទសម្រាប់ការវាយប្រហារលើស្ពានទាំងនោះដែរឬយ៉ាងណា លោកត្រាំបានឆ្លើយតបថា «ខ្ញុំមិនចូលចិត្តដាក់ឱសានវាទទេ។ ប៉ុន្តែពួកគេដឹងច្បាស់ណាស់ ពួកគេដឹងរឿងរ៉ាវហើយ។ ពួកគេគួរតែធ្វើខ្លួនឱ្យបានល្អ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្លែងថា ឥឡូវនេះពួកគេកំពុង «ផ្តោតលើការការពារខ្លួន» និង «គ្មានផែនការ» សម្រាប់ការចរចានោះទេ។
លោកបានបន្តថា «ចាប់តាំងពីដំបូងមក យើងបាននិយាយថា ការប្តេជ្ញាចិត្តត្រូវដូរនឹងការប្តេជ្ញាចិត្ត។ មានន័យថា យើងបំពេញតាមការប្តេជ្ញាចិត្តរបស់យើង ដរាបណាភាគីម្ខាងទៀតគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ។ ភាគីម្ខាងទៀតបានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ដូច្នេះយើងក៏ដូចគ្នាដែរ គឺបានផ្អាកការបំពេញកាតព្វកិច្ចរបស់យើងនៅកន្លែងណាដែលចាំបាច់»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានចុះផ្សាយនូវសេចក្តីថ្លែងការណ៍របស់ប្រធានសភា លោក Mohammad Bagher Ghalibaf ដោយលោកបានលើកឡើងថា ប្រសិនបើគ្មាន «ផលប្រយោជន៍» ទទួលបានពីកិច្ចព្រមព្រៀងទាំងនោះទេ គឺ «គ្មានហេតុផល» ណាមួយដែលត្រូវបន្តរក្សាការប្តេជ្ញាចិត្តនោះឡើយ។
គេហទំព័រព័ត៌មានអាមេរិក Axios បានស្រង់សម្តីពីប្រភពនានាដែលនិយាយថា រដ្ឋបាលត្រាំបាននិងកំពុងពិភាក្សាអំពីការវាយប្រហារដ៏ធំធេងថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់។ លោកត្រាំបានដឹកនាំកិច្ចប្រជុំមួយនៅក្នុងបន្ទប់ប្រជុំស្ថានការណ៍បន្ទាន់កាលពីថ្ងៃអង្គារ អំពីផែនការនេះ។ អនុប្រធានាធិបតី JD Vance, រដ្ឋមន្ត្រីការបរទេស Marco Rubio, រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth និងមន្ត្រីជាន់ខ្ពស់ដទៃទៀតបានចូលរួមក្នុងកិច្ចប្រជុំនោះ។ របាយការណ៍បានឱ្យដឹងថា កិច្ចប្រជុំបានផ្តោតលើ «ការវាយប្រហារដ៏បំផ្លិចបំផ្លាញ» ដែលនឹងមាន «វិសាលភាពធំទូលាយជាង» ការវាយប្រហារដែលកំពុងបន្តធ្វើឡើងនៅច្រកសមុទ្រ Hormuz។
លោកត្រាំក៏អាចនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីប្រទេសអ៊ីរ៉ង់ និងស្ថានភាពនៅក្នុងប្រទេសលីបង់ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយបានស្រង់សម្តីមន្ត្រីជាច្រើនដែលនិយាយថា កិច្ចប្រជុំរបស់ពួកគេអាចនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន យ៉ាងឆាប់បំផុតនៅថ្ងៃចន្ទខាងមុខ។ ប៉ុន្តែ រដ្ឋាភិបាលអ៊ីស្រាអែលមិនទាន់បានប្រកាសជាផ្លូវការអំពីកិច្ចប្រជុំនេះនៅឡើយទេ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



