អ៊ីរ៉ង់ ប្រាប់ក្រុមហ៊ូធីឱ្យត្រៀមខ្លួនបិទផ្លូវដឹកជញ្ជូនប្រេងតាមសមុទ្រក្រហម

 


បរទេស ៖ អរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តកើនឡើងកម្តៅយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (US Central Command) បានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទីប្រាំមួយជាប់ៗគ្នា ខណៈដែលខ្លួនកំពុងបន្តរក្សាការបិទផ្លូវទឹក។


ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលក្រុងតេហេរ៉ង់បានស្នើសុំឱ្យក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន "ត្រៀមខ្លួនជាស្រេចដើម្បីបិទផ្លូវដឹកជញ្ជូនប្រេងតាមសមុទ្រក្រហម"។




របាយការណ៍នេះបានដកស្រង់សម្តីពីប្រភពជាច្រើនដែលលើកឡើងថា រដ្ឋាភិបាលក្រុងតេហេរ៉ង់បានស្នើឱ្យក្រុមនេះត្រៀមខ្លួនបិទច្រកសមុទ្រ បាប់ អែលម៉ាន់ដេប (Bab el-Mandeb) ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។


ភាពតានតឹងនៅច្រកសមុទ្រ ហ័រមូស (Hormuz) បានធ្វើឱ្យផ្លូវសមុទ្រក្រហមក្លាយជាផ្លូវជំនួសដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនប្រេងចេញពីតំបន់នោះ។




ប្រភពមួយជិតស្និទ្ធនឹងក្រុមហ៊ូធីបានប្រាប់រ៉យទ័រថា ក្រុមនេះបានបញ្ចប់ការត្រៀមលក្ខណៈដើម្បីវាយប្រហារលើនាវាដឹកជញ្ជូន តាមរយៈការដាក់ពង្រាយគ្រាប់មីស៊ីល និងដ្រូននៅជិតច្រកសមុទ្រនោះហើយ៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)

Previous Post Next Post