មន្ទីរបញ្ចកោណ ៖ សង្គ្រាមរបស់អាមេរិកនៅអ៊ីរ៉ង់បណ្តាលឱ្យខាតបង់ថវិការហូតដល់ ៣៧,៥ ពាន់លានដុល្លារហើយ

 


ស.រ.អា ៖ ចំណាយលើសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ង់បានកើនឡើងដល់ ៣៧,៥ ពាន់លានដុល្លារអាមេរិក ហើយរហូតមកដល់ពេលនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងកាលពីថ្ងៃទី ២១ ខែកក្កដា ក្នុងពេលដែលលោកត្រូវប្រឈមមុខនឹងសមាជិកសភាជាលើកដំបូង ចាប់តាំងពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបានចាប់ផ្តើមឡើងវិញ ដើម្បីស្វែងរកថវិកាបន្ទាន់សម្រាប់ជម្លោះដែលមិនទទួលបានការគាំទ្រពីសាធារណជនមួយនេះ។


នៅសល់តែប្រាំមួយខែទៀតប៉ុណ្ណោះមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងជួបការលំបាកក្នុងការរក្សាសំឡេងភាគច្រើននៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យកំពុងទទួលបានការគាំទ្រខ្ពស់ក្នុងការស្ទង់មតិសាធារណៈ ខណៈដែលពួកគេព្យាយាមភ្ជាប់ជម្លោះសង្គ្រាមអ៊ីរ៉ង់ដែលប្រជាជនមិនពេញចិត្ត ទៅនឹងបញ្ហាហិរញ្ញវត្ថុ និងជីវភាពរស់នៅ។


លោក Hegseth បានប្រាប់សមាជិកសភានៅក្នុងអង្គជំនុំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា តួលេខនេះរាប់បញ្ចូលទាំងទិដ្ឋភាពមួយចំនួននៃសង្គ្រាម ក៏ដូចជាចំណាយដែលបានប៉ាន់ប្រមាណទុក រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។


គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) គណនារហូតដល់ឃើញតួលេខនេះដោយរបៀបណា។ ប្រភពមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីខែមីនាថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា រយៈពេលប្រាំមួយថ្ងៃដំបូងនៃសង្គ្រាម បានចំណាយអស់យ៉ាងហោចណាស់ ១១,៣ ពាន់លានដុល្លារអាមេរិក។





លោកត្រាំបានស្នើសុំសភា កាលពីខែមិថុនា នូវថវិកាបន្ថែមជិត ៩០ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនពាក់ព័ន្ធនឹងជម្លោះនៅអ៊ីរ៉ង់ ដោយបង្កើតឱ្យមានការប្រឈមមុខដាក់គ្នាមួយទៀតជាមួយសមាជិកសភា ដែលកំពុងមានការអាក់អន់ចិត្តនឹងសង្គ្រាម និងត្រូវប្រឈមមុខនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។


ទាំងសមាជិកសភាខាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានរអ៊ូរទាំចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈថា លោកត្រាំ និងក្រុមការងាររបស់លោក មិនបានផ្តល់ព័ត៌មានឱ្យពួកគេបានដឹងអំពីជម្លោះ ឬផែនការរបស់លោកនោះឡើយ។


លោកស្រី Patty Murray ព្រឹទ្ធសមាជិក និងជាមន្ត្រីជាន់ខ្ពស់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការថវិកា បានថ្លែងនៅក្នុងអង្គជំនុំថា «ប្រធានាធិបតីកំពុងគំរាមកំហែងដល់ការកើនឡើងនៃសង្គ្រាម និងឧក្រិដ្ឋកម្មសង្គ្រាមហើយថែមទាំងបង្ហាញគំនិតថា នេះអាចជាសង្គ្រាមមិនចេះចប់មិនចេះហើយមួយផ្សេងទៀត»។ លោកត្រាំបានចេញការគំរាមកំហែងធ្ងន់ធ្ងរជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការគំរាមលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលអ្នករិះគន់និយាយថា អាចរាប់ចូលជាឧក្រិដ្ឋកម្មសង្គ្រាម។




គណបក្សសាធារណរដ្ឋរបស់លោកត្រាំកំពុងកាន់កាប់សំឡេងភាគច្រើនតិចតួចបំផុតនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាដែលធ្វើឱ្យសេចក្តីព្រាងច្បាប់ថវិកាជាទូទៅត្រូវការការគាំទ្រពីគណបក្សប្រជាធិបតេយ្យ ដើម្បីអាចអនុម័តបាន។


លោកស្រី Kirsten Gillibrand ព្រឹទ្ធសមាជិកខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា «មូលហេតុដែលប្រជាជនខឹងសម្បារនឹងលោក និងរដ្ឋបាលមួយនេះ គឺដោយសារតែពាក្យសម្តីដែលលោកបានប្រើប្រាស់នាពេលកន្លងមក មិនត្រូវគ្នានឹងការពិតឡើយ»។


«វាអាចថាបញ្ចប់ ឬមិនទាន់បញ្ចប់។ វាអាចថាក្នុងរង្វង់ពីរប្រជាសប្តាហ៍ ឬមិនមែនពីរប្រជាសប្តាហ៍ វាអាចថាជាការបាញ់មីស៊ីល ឬមិនមែនជាការបាញ់មីស៊ីល»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post