សហរដ្ឋអាមេរិកប្រកាសអំពីកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរជាមួយអារ៉ាប៊ីសាអូឌីត

 


បរទេស ៖ ក្រសួងថាមពលអាមេរិកបានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានឈានដល់កិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរស៊ីវិល ដែលជាកិច្ចព្រមព្រៀងអនុញ្ញាតឱ្យព្រះរាជាណាចក្រមួយនេះសាងសង់រ៉េអាទ័រនុយក្លេអ៊ែរដោយប្រើប្រាស់បច្ចេកវិទ្យាអាមេរិក និងធ្វើការចម្រាញ់អ៊ុយរ៉ានីញ៉ូម។


កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលជាមួយអារ៉ាប៊ីសាអូឌីត ត្រូវបានរៀបចំឡើងជាច្រើនឆ្នាំមកហើយ តាំងពីអាណត្តិទីមួយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងអាណត្តិរបស់អតីតប្រធានាធិបតី ចូ បៃដិន។


ខុសពីផែនការរបស់លោកបៃដិន កិច្ចព្រមព្រៀងបច្ចុប្បន្ននេះមិនរាប់បញ្ចូល «ពិធីសារបន្ថែម» ដែលអនុញ្ញាតឱ្យភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ចុះធ្វើការអធិការកិច្ចភ្លាមៗដោយគ្មានការជូនដំណឹងមុននោះឡើយ។


កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីតចម្រាញ់អ៊ុយរ៉ានីញ៉ូម និងកែច្នៃសំណល់នុយក្លេអ៊ែរឡើងវិញផងដែរ ដែលចំណុចទាំងពីរនេះគឺជាផ្លូវដែលអាចឈានទៅរកការផលិតអាវុធនុយក្លេអ៊ែរ។


អារ៉ាប់រួមអេមីរ៉ាតបានយល់ព្រមបោះបង់ចោលចំណុចទាំងពីរនេះ នៅពេលដែលខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៩។


ក្រសួងថាមពលអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright និងសមភាគីរបស់លោក គឺទ្រង់ Abdulaziz bin Salman បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ ដែលត្រូវបានគេស្គាល់ថាជា «កិច្ចព្រមព្រៀង ១២៣» រួមជាមួយនឹងកិច្ចព្រមព្រៀងការពារសុវត្ថិភាពទ្វេភាគី។




រដ្ឋបាលអាមេរិកបានថ្លែងថា កិច្ចព្រមព្រៀងនេះក៏អនុវត្តតាមកិច្ចព្រមព្រៀងមិនសាយភាយអាវុធនុយក្លេអ៊ែរ នៅក្នុងច្បាប់ថាមពលបរមាណូរបស់សហរដ្ឋអាមេរិក ដែលស្ថិតក្នុងចំណោមច្បាប់រឹងមាំបំផុតក្នុងពិភពលោក។


អារ៉ាប៊ីសាអូឌីតបានលើកឡើងជាយូរមកហើយថា ប្រសិនបើខ្លួនមិនចាប់ដៃគូជាមួយសហរដ្ឋអាមេរិកទេ ខ្លួនអាចនឹងចាប់ដៃគូជាមួយចិន ឬរុស្ស៊ី ដែលមានស្តង់ដារមិនសាយភាយអាវុធខុសពីនេះ។


ក្រសួងថាមពលបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជូនទៅកាន់សភាហើយ។ ប្រសិនបើសភាមិនបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងនេះក្នុងរយៈពេល ៩០ ថ្ងៃនៃសម័យប្រជុំទេ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន។ ប៉ុន្តែការបោះឆ្នោតទាត់ចោលការវេតូរបស់ប្រធានាធិបតី ត្រូវទាមទារឱ្យមានសំឡេងភាគច្រើន ២ ភាគ ៣។


អ្នកជំនាញផ្នែកនុយក្លេអ៊ែរមួយចំនួនបានអំពាវនាវឱ្យសមាជិកសភាបោះឆ្នោតបដិសេធកិច្ចព្រមព្រៀងនេះ។


លោកស្រី Kelsey Davenport នាយិកាគោលនយោបាយមិនសាយភាយអាវុធនុយក្លេអ៊ែរនៅសមាគមត្រួតពិនិត្យអាវុធ បានថ្លែងថា «យើងសូមអំពាវនាវដល់សមាជិកសភាទាំងអស់មកពីគណបក្សទាំងពីរ ឱ្យទទួលស្គាល់នូវហានិភ័យ ហើយប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីបដិសេធ ឬកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលស្នើឡើងដោយលោក ត្រាំ ជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីកុំឱ្យបើកទ្វារកាន់តែទូលាយសម្រាប់ការរីកសាយភាយអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា»។


កិច្ចព្រមព្រៀងដែលមានរយៈពេលប្រហែល ៣០ ឆ្នាំ សម្រាប់ការសាងសង់រ៉េអាទ័រ AP1000 ដែលមានតម្លៃរាប់សិបពាន់លានដុល្លារនេះ នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន Westinghouse ដែលជាកម្មសិទ្ធិរួមគ្នារបស់ក្រុមហ៊ុនCameco មានមូលដ្ឋាននៅកាណាដា និងក្រុមហ៊ុន Brookfield Asset Management៕(ប្រែសម្រួលដោយពិសិដ្ឋ សំណាង)

Previous Post Next Post