ក្រុមហាម៉ាសយល់ព្រម «លុបបំបាត់អាវុធទាំងស្រុង» នៅតំបន់ហ្គាហ្សា បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដើម្បីសន្តិភាពនៅមជ្ឈិមបូព៌ា

 


ស.រ.អា ៖ លោក ដូណាល់ ត្រាំ បានសម្រេច «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ» មួយ ដែលរួមបញ្ចូលទាំង «ការលុបបំបាត់អាវុធទាំងស្រុង» របស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ក្នុងគោលបំណងបញ្ឈប់ការវាយប្រហារភេរវកម្មលើប្រទេសអ៊ីស្រាអែល។


លោកត្រាំបានថ្លែងថា កិច្ចព្រមព្រៀងដែលធ្វើឡើងដោយ «ក្រុមប្រឹក្សាសន្តិភាព» គឺជាផ្នែកមួយនៃផែនការ ២០ចំណុចរបស់លោក ដើម្បីនាំយកសន្តិភាពមកកាន់តំបន់មជ្ឈិមបូព៌ា។ ក្រុមហាម៉ាសបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានBBC ថា ពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងនេះហើយ។


នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីយប់ថ្ងៃព្រហស្បតិ៍ លោកត្រាំបានអបអរសាទរអ្វីដែលលោកហៅថាជា «ជំហានដ៏ធំធេងឆ្ពោះទៅរកសន្តិភាព និងសន្តិសុខប្រកបដោយចីរភាព» នៅក្នុងតំបន់។


លោកបានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងតំបន់ហ្គាហ្សាដោយរដ្ឋាភិបាលប៉ាឡេស្ទីនថ្មី ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសន្តិភាព ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីន»។




លោកត្រាំបានបន្ថែមថា «ទន្ទឹមនឹងនេះ អ៊ីស្រាអែលនឹងទទួលបានសន្តិសុខដែលខ្លួនសមនឹងទទួលបាន ដោយតំបន់ហ្គាហ្សានឹងមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវាយប្រហារភេរវកម្មទៀតឡើយ»។


លោកប្រធានាធិបតីបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្ត «ទៅតាមដំណាក់កាលដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន» ដែលនៅទីបំផុតនឹងឈានទៅដល់ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។


កងកម្លាំងស្ថិរភាពអន្តរជាតិ និងកងកម្លាំងនគរបាលប៉ាឡេស្ទីនថ្មី នឹងធ្វើការរួមគ្នាដើម្បីរក្សាតំបន់ហ្គាហ្សាឲ្យ «មានសុវត្ថិភាពសម្រាប់ប្រជាជននៅក្នុងតំបន់ និងប្រទេសជិតខាង»។


លោកត្រាំបានថ្លែងអំណរគុណដល់អ្នកសម្របសម្រួលក្នុងនាមប្រទេសអេហ្ស៊ីប កាតា និងតួកគី «សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ពួកគេ» រួមជាមួយនឹងក្រុមការងាររបស់លោកផ្ទាល់។


លោកបានមានប្រសាសន៍ថា «កាលពីមួយឆ្នាំមុន មានសង្គ្រាមយ៉ាងខ្លាំងក្លា វិបត្តិមនុស្សធម៌ និងចំណាប់ខ្មាំងដែលត្រូវគេឃុំឃាំងយ៉ាងព្រៃផ្សៃ។ យើងបានសម្រេចបាននូវវឌ្ឍនភាពជាប្រវត្តិសាស្ត្រ ហើយនៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើ»។




«សូមអបអរសាទរដល់អ្នកទាំងអស់គ្នាចំពោះវឌ្ឍនភាពដ៏អស្ចារ្យនេះ ដែលមនុស្សគ្រប់គ្នាធ្លាប់តែនិយាយថា មិនអាចសម្រេចបានសោះនោះ!»


លោកត្រាំបានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន នេតាន់យ៉ាហ៊ូ កាលពីសប្តាហ៍មុន។សារព័ត៌មាន Daily Mail បានទាក់ទងទៅកាន់នាយករដ្ឋមន្ត្រី ដើម្បីសុំការអត្ថាធិប្បាយ។


នៅក្នុង «ផែនទីបង្ហាញផ្លូវ» ប្រវែង ៤ ទំព័រសម្រាប់កិច្ចព្រមព្រៀងនេះ មន្ត្រីអាមេរិកបាននិយាយថា ទាំងក្រុមហាម៉ាស និងអ៊ីស្រាអែល នឹងបន្តស្ថិតនៅក្នុងដំណាក់កាលដដែល រហូតទាល់តែភាគីទាំងពីរបានសម្រេចគោលដៅដែលបានកំណត់។


ក្រុមហាម៉ាសតូចៗនៅក្នុងតំបន់ហ្គាហ្សានឹងត្រូវរំលាយជាមុនសិន មុនពេលពួកគេកម្ទេចហេដ្ឋារចនាសម្ព័ន្ធរូងភ្នំក្រោមដីរបស់ពួកគេ។


នៅពេលដែលផែនទីបង្ហាញផ្លូវត្រូវបានបញ្ចប់ រដ្ឋបាលប៉ាឡេស្ទីនទម្រង់ថ្មី នឹងគ្រប់គ្រងអាវុធទាំងអស់នៅក្នុងតំបន់ហ្គាហ្សា។




កាលពីដើមខែនេះ ក្រុមហាម៉ាសបានរំលាយរដ្ឋាភិបាលរបស់ខ្លួននៅតំបន់ហ្គាហ្សា ហើយកំពុងរៀបចំផ្ទេរអំណាចទៅឱ្យគណៈកម្មាធិការបច្ចេកទេសដែលគាំទ្រដោយអង្គការសហប្រជាជាតិ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង។


កាលពីខែតុលាឆ្នាំមុន លោកត្រាំបានគូសរំលេចផែនការបញ្ចប់សង្គ្រាមដែលបង្កឡើងដោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាស។


លោកប្រធានាធិបតីអាមេរិក បានសន្យាមិនត្រឹមតែ «បញ្ចប់សង្គ្រាមភ្លាមៗ» នៅក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង «កិច្ចព្រមព្រៀងទាំងមូល» ដើម្បីបញ្ឈប់ជម្លោះដែលបានបំផ្លិចបំផ្លាញតំបន់ទាំងមូលអស់រយៈពេល«រាប់ពាន់ឆ្នាំ» មកហើយ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



أحدث أقدم