វ៉ាស៊ីនតោន ៖ យោងតាមប្រភពពីមន្ត្រី និងអតីតមន្ត្រីសហរដ្ឋអាមេរិក បានឱ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិកជឿជាក់ថាអ៊ីស្រាអែលប្រហែលជាមានផែនការលបសម្លាប់ក្រុមអ្នកចរចាកំពូលៗរបស់អ៊ីរ៉ង់ អំឡុងពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងចូលរួមក្នុងការចរចាដ៏រសើបមួយជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់ កាលពីនិទាឃរដូវ (ចន្លោះខែមីនា-ឧសភា) ឆ្នាំនេះ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នមួយ។
ការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលតាំងពីដើមសង្រ្គាមមកម៉្លេះ។ប៉ុន្តែក្តីបារម្ភរបស់អាមេរិកចំពោះការកំណត់គោលដៅលើមន្ត្រីអ៊ីរ៉ង់ជាក់លាក់ពីររូប រួមមាន លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងលោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានកើនឡើងយ៉ាងខ្លាំងអំឡុងពេលនៃការចរចាឈប់បាញ់ដ៏រសើបដែលបានចាប់ផ្តើមឡើងកាលពីខែមេសា។
ដោយបារម្ភថា កិច្ចប្រឹងប្រែងធ្វើឃាតរបស់អ៊ីស្រាអែលនឹងធ្វើឱ្យការចរចាត្រូវបរាជ័យ មន្ត្រីខ្លះបានបង្ហើបថាសហរដ្ឋអាមេរិកបានឈានទៅដល់ការស្នើសុំឱ្យបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ជួយផ្តល់ដំណឹងព្រមានដល់អ៊ីរ៉ង់ អំពីលទ្ធភាពដែលអ៊ីស្រាអែលអាចនឹងកំណត់គោលដៅលើមន្ត្រីទាំងពីររូបនេះ។
មន្ត្រីអាមេរិកបានទទួលស្គាល់ថា នៅក្នុងដំណាក់កាលដ៏ក្តៅគគុកនៃសង្រ្គាម លោក Araghchi និងលោក Ghalibaf ក្នុងនាមជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អាចចាត់ទុកជាគោលដៅស្របច្បាប់សម្រាប់អ៊ីស្រាអែល ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់អ៊ីរ៉ង់។ ប៉ុន្តែបន្ទាប់ពីការចរចាបានចាប់ផ្តើមយ៉ាងពិតប្រាកដក្នុងខែមេសា មន្ត្រីអាមេរិកជឿថាការព្យាយាមណាមួយក្នុងការសម្លាប់មេដឹកនាំអ៊ីរ៉ង់ទាំងនេះ នឹងបញ្ឈប់ការចរចាភ្លាមៗ ហើយធ្វើឱ្យការប្រយុទ្ធគ្នាចាប់ផ្តើមឡើងវិញ។
សង្រ្គាមបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ដោយផ្អែកមួយផ្នែកលើព័ត៌មានសម្ងាត់របស់អាមេរិក។ ខណៈពេលដែលការវាយប្រហាររបស់អាមេរិកផ្តោតលើកងទ័ពជើងទឹក និងកម្លាំងមីស៊ីលរបស់អ៊ីរ៉ង់ អ៊ីស្រាអែលបានផ្តល់អាទិភាពលើការកំណត់គោលដៅទៅលើថ្នាក់ដឹកនាំនៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាម ដោយមានបំណងសម្លាប់មន្ត្រីជាន់ខ្ពស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
សកម្មភាពនោះរួមបញ្ចូលទាំងការសម្លាប់មេដឹកនាំដែលមានទំនោរសម្របសម្រួល ដែលរដ្ឋបាលត្រាំ ធ្លាប់សង្ឃឹមថានឹងអាចចរចាជាមួយបាន ដូចជាលោក Ali Larijani មន្ត្រីសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ និងលោក Kamal Kharazi អតីតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ បុរសទាំងពីររូបនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំពេលដែលពួកគេកំពុងជាប់ពាក់ព័ន្ធក្នុងការចរចាជាមួយសហរដ្ឋអាមេរិក។
ការសង្ស័យរបស់រដ្ឋបាលត្រាំអំពីផែនការដែលអាចកើតមានរបស់អ៊ីស្រាអែលក្នុងការសម្លាប់អ្នកចរចាកំពូលទាំងពីររូបនេះ បង្ហាញឱ្យឃើញពីរបៀបដែលគោលដៅសង្រ្គាមរបស់អាមេរិក និងអ៊ីស្រាអែល (ដែលធ្លាប់តែស៊ីសង្វាក់គ្នាយ៉ាងខ្លាំងនៅដើមសង្រ្គាម) បានងាកចេញពីគ្នាខុសគ្នាស្រឡះយ៉ាងលឿន។ ហើយខណៈពេលដែលសហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងសន្តិភាព អ៊ីស្រាអែលបានបង្ហាញមន្ទិលសង្ស័យតាំងពីការផ្អាកការប្រយុទ្ធគ្នាដំបូងក្នុងខែមេសាម៉្លេះ។
ការឈប់បាញ់បណ្តោះអាសន្នរយៈពេលពីរសប្តាហ៍ដំបូងក្នុងខែមេសា ត្រូវបានទទួលយកទាំងមិនសូវពេញចិត្តពីសំណាក់មន្ត្រីអ៊ីស្រាអែល និងបង្កឱ្យមានការបារម្ភយ៉ាងខ្លាំងពីសាធារណជននៅក្នុងប្រទេសអ៊ីស្រាអែលថាសហរដ្ឋអាមេរិកកំពុងបញ្ចប់សង្រ្គាមលឿនពេក។ ជំនួសឱ្យការត្រូវបានបណ្តេញចេញពីអំណាច រដ្ឋាភិបាលអ៊ីរ៉ង់បានក្លាយទៅជារឹងរូសជាងមុនទៅទៀត ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើប្រទេសកាន់តែខ្លាំង។
លោក Araghchi និងលោក Ghalibaf គឺជាមន្ត្រីគន្លឹះក្នុងការចរចាជាមួយប្រទេសនានាក្នុងតំបន់ ដើម្បីសម្រេចបាននូវការឈប់បាញ់ និងឈានទៅរកសន្តិភាពយូរអង្វែងជាមួយសហរដ្ឋអាមេរិក។ កាលពីខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងក្របខណ្ឌមួយ ដែលស្វែងរកការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងកំណត់គ្រោងឆ្អឹងសម្រាប់ការចរចាបន្តបន្ទាប់ទៀតលើកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។
មន្ត្រី និងអ្នកវិភាគនៅក្នុងប្រទេសអ៊ីស្រាអែលបានចាត់ទុកកិច្ចព្រមព្រៀងដំបូងនោះថាជាគ្រោះមហន្តរាយមួយពីព្រោះវាមិនបានសម្រេចនូវគោលដៅសង្រ្គាមរបស់ប្រទេសខ្លួន ក្នុងការបង្ខំឱ្យមានការផ្លាស់ប្តូររបប ការបំផ្លាញកម្លាំងប្រូកស៊ី (កងកម្លាំងតំណាង) របស់អ៊ីរ៉ង់ និងការកម្ទេចកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ឱ្យធ្ងន់ធ្ងរនោះទេ។ មន្ត្រីអ៊ីស្រាអែលក៏បារម្ភដែរថា កិច្ចព្រមព្រៀងនេះនឹងបញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារទៅក្នុងប្រទេសអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យពួកគេស្តារប្រទេសឡើងវិញយ៉ាងលឿនក្រោយសង្រ្គាម ដោយគ្មានការរឹតត្បិតលើមហិច្ឆតានុយក្លេអ៊ែររបស់ពួកគេឱ្យមានប្រសិទ្ធភាពនោះឡើយ។
អ្នកនាំពាក្យស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។
នៅពេលសួរអំពីផែនការរបស់អ៊ីស្រាអែល និងការព្រមានដល់អ៊ីរ៉ង់ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានកត់សម្គាល់ថាការចរចារវាងគណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅតែបន្ត ហើយលោក Steve Witkoff ប្រភពការទូតពិសេស និងលោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតី មានជំនួបប្រកបដោយផ្លែផ្កានៅប្រទេសកាតា។ មន្ត្រីរូបនោះបាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឱ្យដំណើរការសន្តិភាពនេះ «បន្តដំណើរការទៅមុខ»។
កាលពីខមីនា កាសែត Wall Street Journal បានរាយការណ៍ថា អ៊ីស្រាអែលមានឈ្មោះលោក Araghchi និងលោក Ghalibaf នៅក្នុងបញ្ជីគោលដៅវាយប្រហារ ប៉ុន្តែបានដកចេញជាបណ្តោះអាសន្ន នៅពេលដែលសហរដ្ឋអាមេរិកពិភាក្សាអំពីការចាប់ផ្តើមចរចាជាមួយអ៊ីរ៉ង់។ มន្ត្រីអាមេរិក និងមន្ត្រីមជ្ឈិមបូព៌ាម្នាក់បាននិយាយថារដ្ឋបាលលោក ត្រាំ បានដឹងនៅពេលនោះថា យ៉ាងហោចណាស់ក៏លោក Ghalibaf ស្ថិតនៅក្នុងបញ្ជីគោលដៅរបស់អ៊ីស្រាអែលដែរ ហើយបានស្នើសុំឱ្យអ៊ីស្រាអែលអត់ធ្មត់។
លោក Ghalibaf ស្ទើរតែត្រូវបានសម្លាប់ទាំងនៅក្នុងសង្រ្គាមរយៈពេល ១២ ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ និងម្តងទៀតនៅក្នុងជម្លោះឆ្នាំ២០២៦ នៅពេលដែលអ៊ីស្រាអែលបានកំណត់គោលដៅលើការប្រជុំសម្ងាត់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៅក្នុងប៊ុនឃឺ (Bunker) ក្រោមភ្នំមួយ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បីរូប និងការអត្ថាធិប្បាយជាសាធារណៈរបស់មន្ត្រីនានា។ នៅក្នុងព្រឹត្តិការណ៍ទាំងពីរនោះ លោក Ghalibaf ត្រូវបានជួយសង្គ្រោះចេញពីក្រោមគំនរបាក់បែក។
អំឡុងពេលចរចា អ៊ីរ៉ង់បានចាត់វិធានការការពារជាច្រើនក្នុងបំណងធ្វើឱ្យអ៊ីស្រាអែលមានការពិបាកក្នុងការវាយប្រហារលើមន្ត្រីជាន់ខ្ពស់។ កាលពីខែមេសា លោក Ghalibaf មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងIslamabad ដើម្បីជួបជាមួយអនុប្រធានាធិបតី ជេ ឌី វ៉ាន (J.D. Vance)។ ប៉ុន្តែមន្ត្រីសន្តិសុខអ៊ីរ៉ង់មានការបារម្ភថាអ៊ីស្រាអែលនឹងប្រើប្រាស់ឱកាសនោះដើម្បីធ្វើឃាតលោក Ghalibaf ឬលោក Araghchi ដើម្បីបំផ្លាញការចរចា។
មន្ត្រីទាំងនោះបាននិយាយថា ភាគីអ៊ីរ៉ង់បានស្វែងរកការធានាពីសហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួលប៉ាកីស្ថាននិងកាតា ថាអ៊ីស្រាអែលនឹងមិនអនុវត្តប្រតិបត្តិការសម្ងាត់ណាមួយដែលកំណត់គោលដៅលើគណៈប្រតិភូអ៊ីរ៉ង់នោះទេ។ យន្តហោះចម្បាំងរបស់ប៉ាកីស្ថានបានហោះហើរអមដំណើរយន្តហោះអ៊ីរ៉ង់ ដែលដឹកគណៈប្រតិភូអ៊ីរ៉ង់ជាង ៧០នាក់ ចាប់ពីព្រំដែនអ៊ីរ៉ង់រហូតដល់ទីក្រុង Islamabad និងហោះអមដំណើរត្រឡប់មកវិញនៅពេលបញ្ចប់កិច្ចប្រជុំ។
ប៉ុន្តែនៅលើផ្លូវត្រឡប់ទៅទីក្រុងតេអេរ៉ង់វិញ ការគំរាមកំហែងសន្តិសុខពីអ៊ីស្រាអែលបានលេចឡើង។ កងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់បានជូនដំណឹងដល់យន្តហោះដែលដឹកលោក Ghalibaf ត្រឡប់ទៅទីក្រុងតេអេរ៉ង់វិញថា ពួកគេទទួលបានព័ត៌មានសម្ងាត់ថា អ៊ីស្រាអែលមានផែនការវាយប្រហារលើបណ្តោយយន្តហោះនោះ ហើយយន្តហោះចម្បាំងអ៊ីស្រាអែលពីរគ្រឿងបានចូលមកក្នុងលំហអាកាសរបស់អ៊ីរ៉ង់ ពីព្រំដែនខាងលិចក្បែរប្រទេសអ៊ីរ៉ាក់។
លោក Mahdi Mohammadi ទីប្រឹក្សាជាន់ខ្ពស់របស់លោក Ghalibaf ដែលបានរួមដំណើរទៅទីក្រុង Islamabad ដែរនោះ បានបញ្ជាក់ពីហេតុការណ៍នេះនៅលើបណ្តាញសង្គមរបស់លោក។ យន្តហោះនោះបានចុះចតជាបន្ទាន់នៅក្នុងទីក្រុង Mashhad ដែលជាព្រលានយន្តហោះរបស់អ៊ីរ៉ង់ដែលនៅជិតព្រំដែនប៉ាកីស្ថានបំផុត ហើយគណៈប្រតិភូអ៊ីរ៉ង់បានធ្វើដំណើរតាមផ្លូវគោកប្រហែល ៨ ម៉ោង ដើម្បីត្រឡប់ទៅទីក្រុងតេអេរ៉ង់វិញ។
ទោះជាយ៉ាងណា មន្ត្រីទាំងនោះនៅតែបន្តធ្វើដំណើរ។ នៅចុងខែឧសភា លោក Ghalibaf និងលោក Araghchi បានហោះទៅប្រទេសកាតាសម្រាប់ការចរចា ហើយបន្ទាប់មកបានធ្វើដំណើរទៅកាន់ប្រទេសស្វីសក្នុងខែមិថុនាជំនួបផ្ទាល់ភ្នែកលើកទីពីរជាមួយលោក ជេ ឌី វ៉ាន និងគណៈប្រតិភូអាមេរិក៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


