ត្រាំសារភាពថា បានសុំ FIFA ពិនិត្យឡើងវិញនូវការពិន័យកាតក្រហមរបស់ខ្សែប្រយុទ្ធអាមេរិក

 


ស.រ.អា ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកពិតជាបានស្នើសុំឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ពិនិត្យមើលឡើងវិញនូវការពិន័យកាតក្រហម (ព្យួរការប្រកួត) របស់កីឡាករអាមេរិកម្នាក់ នៅក្នុងការប្រកួត World Cup មុនពេលដែលស្ថាប័នមួយនេះសម្រេចចិត្តពន្យារពេលពិន័យនោះ។


នៅក្នុងការថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ លោកត្រាំបានទទួលស្គាល់ថា លោកបានទូរសព្ទទៅប្រធានសហព័ន្ធ FIFA លោក Gianni Infantino ទាក់ទងនឹងកាតក្រហមដែលបានពិន័យលើខ្សែប្រយុទ្ធក្រុមជម្រើសជាតិសហរដ្ឋអាមេរិក កីឡាករ Folarin Balogun។ ប៉ុន្តែ លោកត្រាំ បានបដិសេធថា មិនមានការជ្រៀតជ្រែកណាមួយនៅក្នុងការសម្រេចចិត្តរបស់ FIFA នោះឡើយ។


កីឡាករ Balogun ទទួលបានកាតក្រហម បន្ទាប់ពីបានជាន់លើជើងរបស់កីឡាករ បូស្ន៊ី ក្នុងការប្រកួតវគ្គ Knockout កាលពីថ្ងៃពុធ។


យោងតាមច្បាប់របស់ FIFA កីឡាករដែលត្រូវបានបណ្តេញចេញពីទីលានបន្ទាប់ពីទទួលបានកាតក្រហម នឹងត្រូវព្យួរការប្រកួតដោយស្វ័យប្រវត្តិចំនួនមួយប្រកួតបន្ទាប់។ ប៉ុន្តែ សហព័ន្ធ FIFA បានប្រកាសកាលពីថ្ងៃអាទិត្យថា ការពិន័យព្យួរការប្រកួតរបស់ Balogun នឹងត្រូវពន្យាររហូតដល់ទៅមួយឆ្នាំ។


លោកត្រាំបាននិយាយថា វាមិនមែនជាកំហុសឆ្គងនោះទេ ដោយលោកបានពិពណ៌នាថាវាគ្រាន់តែជា "មនុស្សពីរនាក់កំពុងរត់ក្នុងល្បឿនលឿនបំផុត ហើយក៏បានបុកគ្នាដោយចៃដន្យតែប៉ុណ្ណោះ" និងបានហៅអាជ្ញាកណ្តាលម្នាក់នោះថា"មានភាពមិនប្រក្រតីបន្តិចបន្តួច"។


ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីច្បាប់ព្យួរការប្រកួត លោកត្រាំ បាននិយាយថា «វាជារឿងមួយដែលត្រូវដាក់ពិន័យនរណាម្នាក់សម្រាប់ការប្រកួត (ដែលកំពុងលេង) ប៉ុន្តែតើអ្នកអាចដាក់ពិន័យពួកគេសម្រាប់ការប្រកួតដែលមិនទាន់បានលេងដោយរបៀបណា? វាពិតជាអយុត្តិធម៌ណាស់»។


លោកត្រាំបានបន្តថា លោកមិនបានបង្គាប់បញ្ជាឱ្យប្រធានសហព័ន្ធ FIFA ធ្វើអ្វីនោះទេ ដោយបន្ថែមថា «ខ្ញុំមិនអាចប្រាប់គាត់ឱ្យធ្វើអ្វីបានឡើយ»។ លោកបានមានប្រសាសន៍ទៀតថា «ខ្ញុំមិនជឿថាគាត់ជាអ្នកធ្វើការសម្រេចចិត្តនោះទេ។ ខ្ញុំគិតថាគឺគណៈកម្មាធិការមួយជាអ្នកសម្រេចចិត្ត ហើយពួកគេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះថាចំណុចទីមួយ វាមិនមែនជាកំហុសឆ្គងនោះទេ»។




សហភាពសមាគមបាល់ទាត់អឺរ៉ុប ឬហៅកាត់ថា UEFA បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាចំពោះការសម្រេចចិត្តរបស់ FIFA ដោយនិយាយថា ការសម្រេចចិត្តនេះ "បានដើរហួសបន្ទាត់ក្រហមហើយ"។


UEFA បានលើកឡើងថា «កីឡាបាល់ទាត់ ក៏ដូចជាកីឡាដទៃទៀតដែរ គឺពឹងផ្អែកលើច្បាប់ ដែលជាមូលដ្ឋានសម្រាប់តែការប្រកួតប្រជែងដោយយុត្តិធម៌ ស្មោះត្រង់ និងមានតម្លាភាព»។ ស្ថាប័ននេះបានបន្ថែមថា «ជួនកាលច្បាប់អាចមានការបកស្រាយផ្សេងៗគ្នា។ ប៉ុន្តែនៅក្នុងករណីនេះ គឺមិនអាចឡើយ»។


UEFA បានប្រកែកថា «បាល់ទាត់គឺជាកីឡាដែលទទួលបានការស្រឡាញ់ចូលចិត្តជាងគេបំផុតនៅលើពិភពលោកដោយសារតែវាជាហ្គេមដ៏ស្រស់ស្អាត និងទទួលបានការទុកចិត្ត ព្រោះវាត្រូវបានលេងនៅគ្រប់ទីកន្លែងដោយប្រើប្រាស់ច្បាប់ដូចៗគ្នា»។


ស្ថាប័ននេះបានបន្តទៀតថា «យើងសូមសម្តែងនូវការមិនជឿទាល់តែសោះ ចំពោះការសម្រេចចិត្តដែលមិនធ្លាប់មានពីមុនមក មិនអាចយល់បាន និងមិនអាចដោះសារបានបែបនេះ»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



Previous Post Next Post