រំពឹងថានឹងមានហ្វូងមនុស្សយ៉ាងច្រើនកុះករនៅក្នុងពិធីដង្ហែសពមេដឹកនាំអ៊ីរ៉ង់ លោក Ali Khamenei

 


បរទេស  ហ្វូងមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានគេរំពឹងថា នឹងមកជួបជុំគ្នានៅថ្ងៃទី៦ ខែកក្កដា សម្រាប់ពិធីដង្ហែសពអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei នៅក្នុងទីក្រុងតេហេរ៉ង់ ដោយអាជ្ញាធរសង្ឃឹមថានឹងអាចជៀសវាងកុំឱ្យមានភាពវឹកវរដដែលៗដូចដែលបានកើតឡើងក្នុងពិធីបុណ្យសពរបស់អ្នកកាន់តំណែងមុនរបស់លោក។


អ្នករៀបចំកម្មវិធីបាននិយាយថា បន្ទាប់ពីតម្កល់សពឱ្យសាធារណជនគោរពវិញ្ញាណក្ខន្ធនៅក្នុងវិហារអ៊ីស្លាម Grand Mosalla នៃទីក្រុងតេហេរ៉ង់អស់រយៈពេលពីរថ្ងៃ សពរបស់លោក Khamenei នឹងត្រូវដង្ហែឆ្លងកាត់ទីក្រុងរយៈពេលពី ១០ ទៅ ១២ម៉ោង ដោយចាប់ផ្តើមពីម៉ោង ៦ព្រឹក (ត្រូវនឹងម៉ោង :៣០នាទីព្រឹក នៅប្រទេសកម្ពុជា)


យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឱ្យដឹងថា ពិធីបុណ្យសពរបស់អតីតមេដឹកនាំមុនរបស់លោក គឺលោកAyatollah Ruhollah Khomeini កាលពីឆ្នាំ១៩៨៩ បានទាក់ទាញមនុស្សចូលរួមប្រមាណ ១០លាននាក់ ហើយការរុញច្រានគ្នារបស់ហ្វូងមនុស្សបានបណ្តាលឱ្យមនុស្សស្លាប់ជាង ១០នាក់ និងរបួសជាង ១០.០០០នាក់។




ប្រជាជនរាប់ពាន់នាក់បានមកបំពេញពេញវិហារ Grand Mosalla កាលពីថ្ងៃទី៥ ខែកក្កដា ដើម្បីចូលរួមសម្តែងការគោរពវិញ្ញាណក្ខន្ធចំពោះលោក Khamenei និងសមាជិកគ្រួសារចំនួន ៤នាក់ផ្សេងទៀត ដែលទាំងអស់គ្នាបានបាត់បង់ជីវិតកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយផ្អែកលើព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក។ មហាកំផែងបេតុងដ៏ធំត្រូវបានដាក់ខណ្ឌចែករវាងសាធារណជន និងក្តារមឈូស ដើម្បីការពារកុំឱ្យមានការរត់ជាន់គ្នា។


គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើសាធារណជននឹងអាចចូលទៅជិត និងមានសិទ្ធិចូលរួមក្នុងកម្រិតណា អំឡុងពេលពិធីដង្ហែនេះ ប៉ុន្តែអាជ្ញាធរនៅតែចងចាំយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៨៩ ពួកគេត្រូវបានបង្ខំចិត្តប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីដឹកជញ្ជូនសពលោក Khomeini ទៅបញ្ចុះ បន្ទាប់ពីក្រុមអ្នកកាន់ទុក្ខបានសម្រុកចូលឡោមព័ទ្ធរថយន្តដឹកសព បណ្តាលឱ្យរហែកក្រណាត់រុំសព ហើយសពបានធ្លាក់ចុះមកដី។


ក្រៅពីការបញ្ចុះសពបុរសដែលបានគ្រប់គ្រងរបបសាធារណរដ្ឋអ៊ីស្លាមមួយនេះអស់រយៈពេលជាង ៣ទសវត្សរ៍កន្លះទៅ ពិធីបុណ្យសពនេះក៏ជាឱកាសមួយសម្រាប់អាជ្ញាធរអ៊ីរ៉ង់ក្នុងការបង្ហាញពីភាពធន់ និងរឹងមាំរបស់ពួកគេឡើងវិញផងដែរ បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអស់រយៈពេល ៥សប្តាហ៍ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post