រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Bessent ប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់

 



ស.រ.អា ៖ សហរដ្ឋអាមេរិកបានគំរាមកំហែងអ៊ីរ៉ង់ដោយការដាក់ពិន័យសេដ្ឋកិច្ចថ្មីៗ។ ឥឡូវនេះ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានប្រកាសពីវិធានការទណ្ឌកម្មយ៉ាងទូលំទូលាយលើក្រុមហ៊ុន និងបុគ្គលទាំងឡាយណាដែលធ្វើអាជីវកម្មជាមួយប្រទេសនេះ។ លោកបានពិពណ៌នាអំពីវិធានការទាំងនេះថាជា "ទិវា D-Day" ផ្នែកសេដ្ឋកិច្ច។


លោក Bessent បានធ្វើការប្រកាសបែបនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ។ លោកបាននិយាយថាសហរដ្ឋអាមេរិកហៅទណ្ឌកម្មនេះថា "ប្រតិបត្តិការអ្នកផ្តាច់ខ្លួនខាងសេដ្ឋកិច្ច"។


លោក Bessent បាននិយាយថា «យើងកំពុងបើកការវាយប្រហារផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងបណ្តាញទំនាក់ទំនងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់នៅជុំវិញពិភពលោក។ គោលបំណងរបស់យើងគឺកាត់ផ្តាច់រាល់ខ្សែជីវិតសេដ្ឋកិច្ចដែលទ្រទ្រង់របបផ្តាច់ការនេះ រហូតទាល់តែរបបទីក្រុងតេហេរ៉ង់ត្រូវស្ថិតក្នុងស្ថានភាពឯកោ»។


លោក Bessent បានព្រមានថា ប្រទេសទាំងឡាយណាដែលបំពានលើទណ្ឌកម្មទាំងនេះ អាចនឹងត្រូវបិទមិនឱ្យប្រើប្រាស់ប្រព័ន្ធសេដ្ឋកិច្ចដែលផ្អែកលើប្រាក់ដុល្លារឡើយ។ លោកបានបន្ថែមថា ប្រធានាធិបតី ដូណាល់ ត្រាំ បានទូរស័ព្ទទៅកាន់មេដឹកនាំពិភពលោក ដើម្បីពិភាក្សាអំពីយុទ្ធនាការផ្តាច់ទំនាក់ទំនងពីក្រុងតេហេរ៉ង់។ លោកបានបញ្ជាក់ថា ក្រសួងរតនាគារនឹងប្រកាសពីទណ្ឌកម្មបន្ថែមទៀត រួមទាំងទណ្ឌកម្មលើគ្រឹះស្ថានហិរញ្ញវត្ថុធំៗ នៅត្រឹម «ចុងសប្តាហ៍នេះ»។


មេដឹកនាំអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការប្រកាសនេះ តាំងពីមុនពេលលោក Bessent ចាប់ផ្តើមថ្លែងការណ៍ទៅទៀត។កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ដែលបានហៅទណ្ឌកម្មនេះថាជា "សេណារីយ៉ូដែលយកមកប្រើឡើងវិញ"។ ប្រធានសភា លោក Mohammad Bagher Ghalibaf បានច្រានចោលការប្រកាសនេះនៅលើបណ្តាញសង្គម កាលពីថ្ងៃចន្ទ ដោយចាត់ទុកថាជា "ការគំរាមកំហែងឥតប្រយោជន៍"។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកមិនស្ថិតក្នុង "ជំហរខាងសេដ្ឋកិច្ចដែលអាចកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងទៀតបន្ថែមទៀតនោះឡើយ"៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)

Previous Post Next Post