ជនជាតិអ៊ីរ៉ង់តម្រង់ជួររង់ចាំទិញប្រេងសាំង បន្ទាប់ពីរដ្ឋបាលអាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មី

 


អ៊ីរ៉ង់ ៖ ជួររង់ចាំយ៉ាងវែងអន្លាយបានកើតឡើងនៅតាមស្ថានីយប្រេងសាំងក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី ២៥ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗ ក្នុងគោលបំណងដាក់សម្ពាធឱ្យអ៊ីរ៉ង់ចុះចាញ់។


រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្វែរមកប្រើប្រាស់ឧបករណ៍សេដ្ឋកិច្ច ពោលគឺប្រាំមួយខែបន្ទាប់ពីសង្គ្រាមលើអ៊ីរ៉ង់បានឈានដល់ភាពជាប់គាំង ដោយកិច្ចពិភាក្សាសន្តិភាពត្រូវរាំងស្ទះ ហើយចរាចរណ៍ភាគច្រើនតាមច្រកសមុទ្រHormuz ដ៏សំខាន់ត្រូវប្រឈមនឹងការបិទផ្លូវ។


រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃទី ២៤ ខែសីហា បានលាតត្រដាងពីផែនការ"ច្របាច់កសេដ្ឋកិច្ច" ប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា "គោលបំណង គឺដើម្បីផ្តាច់រាល់ខ្សែជីវិតសេដ្ឋកិច្ចដែលទ្រទ្រង់របបផ្តាច់ការមួយនេះ"។


ទោះបីជាមេដឹកនាំអ៊ីរ៉ង់បានមើលស្រាលចំពោះការព្រមានធ្ងន់ៗទាំងនេះ ដោយសារធ្លាប់បានស៊ូទ្រាំនឹងទណ្ឌកម្មជាច្រើនទសវត្សរ៍មកហើយក្តី ក៏ប៉ុន្តែប្រជាជនមួយចំនួននៅក្នុងរដ្ឋធានីសម្តែងការព្រួយបារម្ភថា ពួកគេនឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។


លោក Mehdi Yazdian អាយុ ៥៥ ឆ្នាំ ជាភ្នាក់ងារអចលនទ្រព្យ បានអំពាវនាវឱ្យអាជ្ញាធរត្រួតពិនិត្យថ្លៃទំនិញ ដោយពោលថា «ប្រជាជនកំពុងរងទុក្ខវេទនា ទាំងអ្នកដែលមានជីវភាពធូរធារ និងអ្នកដែលមានជីវភាពខ្សត់ខ្សោយ។ ប្រាកដណាស់ ទណ្ឌកម្មទាំងនេះកំពុងមានឥទ្ធិពល ប៉ុន្តែជាធម្មជាតិ ប្រជាជនយើងជាមនុស្សរឹងមាំ»។


អ៊ីរ៉ង់បានជួបប្រទះនឹងវិបត្តិអតិផរណាយ៉ាងខ្ពស់កប់ពពករួចជាស្រេចមុនពេលសង្គ្រាមចាប់ផ្តើម ដែលកត្តានេះបានរុញច្រានឱ្យមានចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងខ្លាំងក្លាបំផុតកាលពីខែមករា។


អាជ្ញាធរបានឆ្លើយតបទៅនឹងចលនានោះដោយការបង្ក្រាប ដែលក្រុមសិទ្ធិមនុស្សបរទេសបានអះអាងថា បានសម្លាប់មនុស្សអស់រាប់ពាន់នាក់។ រដ្ឋាភិបាលបានទម្លាក់កំហុសលើអំពើហិង្សានោះថាជា "សកម្មភាពភេរវកម្ម" ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។


លោក Kia Farahani អាយុ ៤៥ ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស បានលើកឡើងថា ចលាចលស្រដៀងគ្នានេះអាចនឹងកើតឡើងសារជាថ្មី។ លោកបាននិយាយថា «សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំមិនខ្លាចសង្គ្រាមទាល់តែសោះ ព្រោះនេះជាទឹកដីរបស់យើង។ ប៉ុន្តែខ្ញុំគិតថាសង្គ្រាមនេះនឹងផ្តោតលើសេដ្ឋកិច្ចច្រើនជាង ហើយនឹងធ្វើឱ្យប្រជាជនមានសម្ពាធយ៉ាងខ្លាំង ហើយឥឡូវនេះប្រហែលជានឹងមានការតវ៉ាកើតឡើងម្តងទៀត»។


ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតមនុស្សជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការតវ៉ានាអំឡុងរដូវរងា ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកបានថ្លែងថា អ៊ីរ៉ង់កំពុង "សម្លាប់បាតុករ សូម្បីតែពេលដែលពួកគេមិនបានធ្វើបាតុកម្មក៏ដោយ ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក"។


លោកបានសរសេរលើបណ្តាញសង្គម Truth Social ថា «វាជាវិបត្តិមនុស្សធម៌ដ៏ធំធេងបំផុត ហើយវាត្រូវតែបញ្ឈប់ជាបន្ទាន់ ឥឡូវនេះ»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post