កណ្តាល ៖ បុរសម្នាក់ដែលបានបើករថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឱ្យស្លាប់ស្រ្តីម្នាក់និងរបួស៤នាក់ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ហើយរត់គេចខ្លួនឥឡូវបានចូលខ្លួនមកសារភាពកំហុសនៅមុខសមត្ថកិច្ចនាថ្ងៃទី៤ ខែសីហា ពេលនេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សរសេរថា ថ្មីៗនេះ មានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តបុកជាមួយ ម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឱ្យ(ស្លាប់០១នាក់ស្រី) និងរងរបួសស្រាល៤នាក់ (ស្រី០៣នាក់) កើតហេតុកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២ឭ១១និង២០នាទីយប់ នៅចំណុចខាងមុខហាង168 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ហេតុលារណ៍ខាងលើនេះ មានការខូចខាត៖ ម៉ូតូសណ្ដោងរ៉ឺម៉ក ០១គ្រឿង (ធ្ងន់) និងរថយន្ត ០១គ្រឿង (ធ្ងន់) ម៉ាកMERCEDES BENZ S500 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា JEC.SENG។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរជុំវិញកន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេ បន្តបើកមកដល់មុខកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល រួចចតរថយន្តហើយគេចខ្លួន។
ចំពោះមូលហេតុបឋមករណីខាងលើ បណ្ដាលមកពី«អ្នកបើកបររថយន្តបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទៅបុកជាមួយម៉ូតូសណ្ដោងរឺម៉កបើកបរមានទិសដៅផ្ទុយគ្នា និងបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ»។
សមត្ថកិច្ចជំនាញស្រាវជ្រាវដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ ស៊ឹង ស៊ុនសេង ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិខ្មែរសញ្ជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ១៧អា ផ្លូវ៣២០ ភូមិ៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំពោះជនខាងលើត្រូវចូលខ្លួនមកអនុវត្តនីតិវិធី នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាបន្ទាន់ យ៉ាងយូរត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
នៅថ្ងៃទី៤សីហាឆ្នាំ២០២៦ ជនបង្កឈ្មោះស៊ឹង ស៊ុនសេង បានចូលខ្លួួនមកសារភាពនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ហើយពេលនេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕(BBN)







