បរទេស ៖ កាលបរិច្ឆេទកំណត់ ៦០ ថ្ងៃ សម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងការឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេបានផុតកំណត់ ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារដោយពាក្យសម្តីយ៉ាងខ្លាំងៗលើប្រទេសអ៊ីរ៉ង់ ដោយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក «មិនប្រញាប់ប្រញាល់នោះទេ» ហើយក៏ «គ្មានកាលវិភាគ» ស្អីដែរ។
លោកត្រាំបានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ។
លោកក៏បានព្រមានប្រទេសអូម៉ង់ផងដែរ ជុំវិញកិច្ចពិភាក្សាស្របគ្នារបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់ លើការគ្រប់គ្រងច្រកសមុទ្រ Hormuz។ លោកត្រាំបានគំរាមកំហែងថានឹងទម្លាក់គ្រាប់បែកលើប្រទេសអូម៉ង់ ប្រសិនបើប្រទេសនេះ «ចូលមកពាំងផ្លូវ»។
លោកក៏បានអះអាងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងទាក់ទងតាមរយៈ «បណ្តាញក្រោយខ្នង» ជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។
ប៉ុន្តែ របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានបដិសេធ និងផ្ទុយពីការថ្លែងរបស់លោក។របាយការណ៍នេះបានដកស្រង់សម្តីអ្នកនាំពាក្យ IRGC ដែលបានបដិសេធការអះអាងរបស់លោកត្រាំអំពីកិច្ចពិភាក្សាផ្ទាល់ ដោយបានហៅវាថាជា «ការស្រមើស្រមៃរបស់លោក»។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ដែលនិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ អាចនឹងបើកការវាយប្រហារ ប្រសិនបើសហរដ្ឋអាមេរិក បរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន«ក្នុងរយៈពេលប៉ុន្មានសប្តាហ៍»។ មន្ត្រីរូបនោះបានព្រមានថា ពេលនេះរដ្ឋាភិបាលក្រុងតេហេរ៉ង់ កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនពី «ការការពារ» ទៅជា «ការវាយលុកពេញទំហឹង» ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនកំដៅភាពតានតឹងនៅច្រកសមុទ្រ Hormuz និងនៅក្នុងតំបន់ទាំងមូល៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

