បុគ្គលឆេង ភារុន វិលពីប្រទេសវៀតណាមមកសារភាពកំហុស បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំណត់ឱសានវាទ៤៨ម៉ោង

 


ភ្នំពេញ ៖ បន្ទាប់​ពី​មាន​សំណូមពរ​ពី​​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឱ្យជនដៃដល់​ឈ្មោះ​ ឆេង​ ភារុន​ ចូលសារភាព ហេីយ​វិលត្រលប់​ពី​ប្រទេស​វៀតណាម​ មកប្រទេសកម្ពុជា ដើម្បីអនុវត្តច្បាប់​ចំពោះ​ទង្វើ​របស់​ខ្លួន​ នៅ​ព្រឹកថ្ងៃទី​២៤​ ខែសីហា​ ឆ្នាំ​២០២៦​ នេះ​ ឈ្មោះ​ ឆេង​ ភារុន​ បាន​ត្រលប់​មកវិញ​ហើយ​។


គួររំលឹកថា ពាក់ព័ន្ធនឹងឈ្មោះឆេង​ ភារុន​ ,ឯកឧត្តមស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរតាមបណ្តាញសង្គមកាលពីថ្ងៃទី២៣សីហាថា «ខ្ញុំទុកពេលឱ្យ៤៨ម៉ោង បន្ទាប់ពីការបង្ហោះសារនេះ!»។


ឯកឧត្តមបន្តថា តាមរយៈបណ្ដាញទំនាក់ទំនងសង្គមនេះ ខ្ញុំសូមផ្ញើសារណែនាំទៅកាន់ លោក ឆេង ភារុណ ដែលប្រព្រឹត្តអំពើហិង្សា ដោយយកដបស្រាវាយក្បាលជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នោះ សូមលោកមានភាពក្លាហាន និងស្មារតីភ្ញាក់រលឹក ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់។ 


ឯកឧត្តមបន្តថា ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំទុករយៈពេល៤៨ម៉ោង ឱ្យចូលខ្លួនមកសារភាព និងអនុវត្តនីតិវិធីជាមួយសមត្ថកិច្ច។ ក្នុងន័យនេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យក្រុមគ្រួសារ និងមិត្តភក្ដិលោក ឆេងភារុណ ជួយផ្ដល់ព័ត៌មាន និងពន្យល់ណែនាំបន្ថែម។ 


ឯកឧត្តមបន្តថា ខ្ញុំសូមជម្រាបជូនដែរថា បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីនេះ ខ្ញុំបានទាក់ទងដោយផ្ទាល់ ទៅកាន់ឯកឧត្តម លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។


ដូច្នេះ ក្នុងរយៈពេលដូចខ្ញុំបានបញ្ជាក់ខាងលើ សូមលោក ឆេង ភារុណ បើកំពុងនៅក្នុងប្រទេសវៀតណាម ត្រូវប្រញាប់វិលចូលមាតុប្រទេសដោយខ្លួនឯង និងសូមកុំព្យាយាមពួនសំងំ ឬប៉ុនប៉ងធ្វើដំណើរបន្តទៅប្រទេសណាមួយពីព្រោះលោកប្រាកដជាដឹងច្បាស់ហើយថា គ្មានថ្ងៃអាចរួចខ្លួននោះទេ។


ឯកឧត្តមបន្តទៀតថា ខ្ញុំក៏សូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិថា ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាលលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រូបខ្ញុំផ្ទាល់ និងក្នុងនាមក្រសួងមហាផ្ទៃ គឺដាច់ខាតមិនអនុញ្ញាតឱ្យជនល្មើស រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕(BBN)

أحدث أقدم