មុនពេលមានមហន្តរាយទឹកជំនន់ នេប៉ាល់បានស្នើសុំចិនផ្តល់ការព្រមានជាមុន ខណៈដែលហានិភ័យកើនឡើងខ្ពស់

 



បរទេស ៖ បីខែមុនពេលផ្ទាំងទឹក ភក់ និងថ្ម បានបុកទម្លុះចុះមកតាមជ្រលងភ្នំហិម៉ាល័យដែលស្ថិតនៅព្រំដែនរវាងប្រទេសនេប៉ាល់ និងចិនយ៉ាងសន្ធោសន្ធៅ ដោយសម្លាប់មនុស្សរាប់រយនាក់ អ្នកជំនាញ និងមន្ត្រីមកពីប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងកដ្ឋមណ្ឌូ ដើម្បីពិភាក្សាអំពីហានិភ័យនៃគ្រោះមហន្តរាយបែបនេះ។


នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៧ ខែឧសភា នៅក្នុងរដ្ឋធានីនៃប្រទេសនេប៉ាល់ មន្ត្រីនេប៉ាល់ចំនួន ១០ រូប និងមន្ត្រីចិនប្រហែលជាងដប់រូប រួមទាំងមន្ត្រីមកពីតំបន់ទីបេតិ៍ ជាទីដែលគ្រោះមហន្តរាយបានកើតឡើង បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការឃ្លាំមើល និងការឆ្លើយតបទៅនឹងទឹកជំនន់ អាកាសធាតុ និងគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងផ្ទាំងទឹកកក នេះបើយោងតាមរបៀបវារៈដែលរៀបចំដោយភាគីនេប៉ាល់ និងត្រូវបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។


អ្នកចូលរួមបានអំពាវនាវឱ្យមានវិធានការរួមគ្នាក្នុងការកាត់បន្ថយហានិភ័យ រួមទាំងការធ្វើសារពើភ័ណ្ឌបឹងទឹកកក និងការរៀបចំផែនទីបង្ហាញពីគ្រោះថ្នាក់ផងដែរ។


ប៉ុន្តែមន្ត្រីនេប៉ាល់ពីររូបបានប្រាប់រ៉យទ័រថា ពួកគេមិនបានទទួលព័ត៌មានច្រើនដូចដែលពួកគេចង់បានពីប្រទេសចិនពាក់ព័ន្ធនឹងហានិភ័យនៃផ្ទាំងទឹកកក និងកម្រិតទឹកបន្ទាប់ពីកិច្ចប្រជុំនោះទេ ហើយពួកគេបារម្ភថា ការចែករំលែកទិន្នន័យមិនគ្រប់គ្រាន់ អាចរារាំងដល់សមត្ថភាពរបស់ពួកគេក្នុងការទស្សន៍ទាយ និងត្រៀមលក្ខណៈរៀបចំសម្រាប់គ្រោះមហន្តរាយធំៗ។


លោក Sauhardra Joshi ជាអ្នកជលសាស្ត្រនៅនាយកដ្ឋានទស្សន៍ទាយទឹកជំនន់របស់នេប៉ាល់ ដែលបានចូលរួមកិច្ចប្រជុំកាលពីខែឧសភា បាននិយាយថា «អ្វីដែលយើងពិតជាចង់បានពីពួកគេ ហើយនៅតែចង់បាន គឺប្រសិនបើមានចលនានៃផ្ទាំងទឹកកកកើតឡើងទាន់ពេល និងចលនាដំបូងៗនៅជុំវិញតំបន់នោះ យើងចង់ដឹងឱ្យបានលឿនបន្តិច»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post