ចិន-នេប៉ាល់ ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ឆាប់រហ័សដ៏មហន្តរាយនៅតាមបណ្តោយព្រំដែននេប៉ាល់-ចិនបានកើនឡើងដល់ ៩៥៥ នាក់។ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ស្វែងរកមនុស្សដែលបាត់ខ្លួនជាង ៤.៤០០នាក់ទៀត ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេត្រូវជួបការលំបាក ដោយសារតែខ្វះខាតគ្រឿងចក្រធុនធ្ងន់។
អាជ្ញាធរនេប៉ាល់កាលពីថ្ងៃចន្ទបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីកាលពីថ្ងៃពុធ បានកើនឡើងដល់ ៩៣៩ នាក់ នៅទូទាំងប្រទេស។
មនុស្សជាង ៣.៩០០ នាក់ នៅតែមិនទាន់រកឃើញ រួមទាំងជនជាតិនជប៉ុន ៥ នាក់ផងដែរ។ គេនៅមិនទាន់ច្បាស់នៅឡើយទេថា ហេតុអ្វីបានជាអាជ្ញាធរកាត់បន្ថយចំនួនអ្នកបាត់ខ្លួនពីតួលេខដើម ដែលមានរហូតដល់ជាង ៤.២០០នាក់នោះ។
នៅផ្នែកម្ខាងទៀតនៃព្រំដែន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មនុស្ស ១៦ នាក់បានស្លាប់ និងជាង៥៤០ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។
កងកម្លាំងយោធា និងនគរបាលប្រមាណ ១០.០០០ នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងតំបន់រងផលប៉ះពាល់ក្នុងប្រទេសនេប៉ាល់។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងប្រព្រឹត្តទៅដោយយឺតយ៉ាវដោយសារហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងកង្វះខាតគ្រឿងចក្រធុនធ្ងន់ដែលចាំបាច់សម្រាប់កាយយកអំបែងបាក់បែក និងដីល្បាប់។
កិច្ចខិតខំប្រឹងប្រែងសង្គ្រោះកំពុងបន្តធ្វើឡើងនៅក្នុងស្រុក Rasuwa និង Nuwakot របស់នេប៉ាល់ ជាកន្លែងដែលមនុស្សជាង ៩០០ នាក់កំពុងជាប់នៅឯរោងចក្រវារីអគ្គិសនី។
អាជ្ញាធរឧតុនិយមក្នុងស្រុករំពឹងថា ភ្លៀងនឹងបន្តធ្លាក់រ៉ាំរ៉ៃពេញមួយសប្តាហ៍។ អាជ្ញាធរបានព្រមានថា ទន្លេនានាអាចនឹងហក់ឡើង និងហូរហៀរខ្លាំងម្តងទៀត៕


