លោកត្រាំនិយាយថា លោកគិតថាសង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ «ឆាប់ៗនេះ»

 


ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៦ ខែសីហា បានប្រាប់អ្នកសារព័ត៌មានថា លោកជឿជាក់ថាសង្គ្រាមជាមួយអ៊ីរ៉ង់នឹងត្រូវបញ្ចប់នាពេលឆាប់ៗ ហើយបានថ្លែងថា កងកម្លាំងប្រដាប់អាវុធកំពុងជួបប្រទះបញ្ហាប្រឈមជាមួយនឹងការផ្គត់ផ្គង់អាវុធមួយចំនួន។


លោកត្រាំបានថ្លែងនៅក្នុងបន្ទប់ធ្វើការ គឺការិយាល័យពងក្រពើ ដោយសំដៅលើប្រទេសអ៊ីរ៉ង់ យ៉ាងដូច្នេះថា «ខ្ញុំគិតថាវាជិតដល់ទីបញ្ចប់ហើយ។ ខ្ញុំមិនគិតថាពួកគេអាចបន្តបានយូរទៀតនោះទេ»។


ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី ៤ ខែសីហាថា កងទ័ពជើងគោកអាមេរិកបានប្រើប្រាស់អស់នូវស្តុកសកលភាគច្រើននៃគ្រាប់មីស៊ីលរយៈឆ្ងាយដែលមានភាពទាត់ស្តាត់ខ្ពស់ ក្នុងអំឡុងពេលសង្គ្រាមរយៈពេល ៥ ខែជាមួយអ៊ីរ៉ង់។


នៅពេលត្រូវបានសួរអំពីស្ថានភាពនៃស្តុកគ្រាប់យុទ្ធភ័ណ្ឌ លោកត្រាំបានលើកឡើងថា អាមេរិកមានការផ្គត់ផ្គង់អាវុធប្រភេទខ្លះស្ទើរតែមិនចេះរីងស្ងួត ប៉ុន្តែបានទទួលស្គាល់ថា ស្តុកអាវុធប្រភេទផ្សេងទៀតមានកម្រិត។




លោកត្រាំបានមានប្រសាសន៍ថា «យើងមានគ្រាប់យុទ្ធភ័ណ្ឌប្រភេទខ្លះដែលមានថាមពលខ្លាំងក្លា ដែលយើងមានការផ្គត់ផ្គង់ស្ទើរតែគ្មានដែនកំណត់។ យើងក៏មានប្រភេទផ្សេងទៀតដែលការផ្គត់ផ្គង់មានភាពតឹងតែងបន្តិច»។


លោកត្រាំបានបន្ថែមថា ក្រុមហ៊ុនការពារជាតិអាមេរិកកំពុងសាងសង់រោងចក្រផលិតបន្ថែមទៀត រួមទាំងទីតាំងផលិតគ្រាប់មីស៊ីល Patriot និង Tomahawk ផងដែរ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post