មនុស្ស ៥៣ នាក់ត្រូវបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

 


បរទេស ៖ អាជ្ញាធរឥណ្ឌូនេស៊ីបានឱ្យដឹងថា មនុស្សចំនួន ៥៣ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានហេតុការណ៍រញ្ជួយដីកាលពីថ្ងៃសៅរ៍ នៅតំបន់ភាគខាងកើតនៃប្រទេស។ គ្រោះរញ្ជួយដីកម្លាំង ៧,៧ រិច្ឆទ័រនៅជិតកោះ Flores ក៏បានបង្កការខូចខាតដល់ផ្ទះសម្បែងជាង ២០០ ខ្នងផងដែរ។


មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានប្រកាសពីចំនួនអ្នកស្លាប់នេះកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងតំបន់ដែលនៅជិតចំណុចកណ្តាលនៃរញ្ជួយដី ដែលផ្លូវធ្វើដំណើរត្រូវបានកាត់ផ្តាច់។


ប្រជាពលរដ្ឋជាង ៥.០០០ នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេរងការខូចខាត។ ការស្វែងរកស្បៀងអាហារ ទឹកស្អាត ភួយ និងសម្ភារៈសង្គ្រោះផ្សេងៗទៀត បានក្លាយជាកិច្ចការដ៏សំខាន់ជាចាំបាច់។



បុរសអាយុ ៦៣ ឆ្នាំម្នាក់ ដែលបានភៀសខ្លួនជាមួយគ្រួសារទៅកាន់ទីទួលសុវត្ថិភាពដើម្បីគេចពីទឹករលកស៊ូណាមីបាននិយាយថា ឥឡូវនេះពួកគេកំពុងដេកនៅក្រៅផ្ទះក្រោមដើមឈើ។ លោកបានបន្ថែមថា ប្រជាជនត្រូវការតង់កៅស៊ូ ទឹកផឹក អាហារ និងសម្ភារៈប្រើប្រាស់សម្រាប់កុមារ។


រដ្ឋាភិបាលឥណ្ឌូនេស៊ីបានថ្លែងថា ខ្លួនបានបញ្ជូនយន្តហោះដើម្បដឹកជញ្ជូនសម្ភារៈសង្គ្រោះចំនួន ២៧ តោនទៅកាន់តំបន់ជាច្រើនត្រឹមយប់ថ្ងៃសៅរ៍។ រដ្ឋាភិបាលបន្ថែមថា ខ្លួនបានពង្រាយកងកម្លាំងយោធា និងនគរបាលជាង ៣.៥០០នាក់ទៅកាន់តំបន់នោះផងដែរ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post