ស.រ.អា ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងចូលរួមក្នុងកិច្ចចរចាជុំវិញច្រកសមុទ្រ Hormuz។ លោកបានបញ្ជាក់ថា អ្នកចរចាអ៊ីរ៉ង់ និងអូម៉ង់កំពុងធ្វើការដើម្បីអនុញ្ញាតឱ្យនាវាជាច្រើនទៀតអាចឆ្លងកាត់ផ្លូវទឹកនេះដោយសុវត្ថិភាព ហើយសហរដ្ឋអាមេរិកក៏កំពុងចូលរួមនៅក្នុងកិច្ចចរចាទាំងនោះដែរ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា «មានវឌ្ឍនភាពនៅក្នុងកិច្ចចរចាទាំងនោះ ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយនៅឡើយទេ។ យើងសង្ឃឹមថារឿងនេះនឹងកើតឡើងនាពេលឆាប់ៗខាងមុខ»។
កាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានសម្តែងនូវក្ដីសង្ឃឹមចំពោះការទម្លុះទម្លាយភាពទាល់ច្រកនេះ។ លោកបានប្រាប់បណ្តាញព័ត៌មាន CNBC ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងបើកផ្លូវទឹកនេះឡើងវិញយ៉ាងឆាប់បំផុតនៅថ្ងៃអង្គារ ឬថ្ងៃពុធ។
មន្ត្រីអ៊ីរ៉ង់នៅតែបន្តបដិសេធថា មិនបានធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ។ ពួកគេក៏បានព្រមានដល់នាវាទាំងឡាយឱ្យប្រើប្រាស់តែផ្លូវដែលទទួលបានការអនុម័តពីទីក្រុងតេហេរ៉ង់ប៉ុណ្ណោះ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានធ្វើអត្ថាធិប្បាយលើកិច្ចចរចាជាមួយប្រទេសអូម៉ង់ ដោយលោកបានលើកឡើងថា កិច្ចចរចាកំពុងមានវឌ្ឍនភាពនៅ «កម្រិតបច្ចេកទេសនិងនយោបាយ»៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)


