លោកស្រី គីម យ៉ូជុង រិះគន់ការតេស្តសាកល្បងមីស៊ីល Tomahawk របស់ជប៉ុន

 


កូរ៉េខាងជើង ៖ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការបាញ់តេស្តសាកល្បងមីស៊ីល Tomahawk នាពេលថ្មីៗនេះរបស់ប្រទេសជប៉ុន ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលពីថ្ងៃទី ៥ ខែសីហា។


លោកស្រី គីម យ៉ូជុង បានបន្ថែមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងធ្វើការជ្រើសរើសជម្រើសយោធាថ្មីៗ ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ជប៉ុន។




លោកស្រីបានចង្អុលបង្ហាញពីការបាញ់សាកល្បងមីស៊ីល គ្រូស (cruise missile) ចម្ងាយឆ្ងាយរបស់ជប៉ុនកាលពីប៉ុន្មានថ្ងៃមុន ពីនាវាវាយប្រហារ Aegis Chokai នៃកងកម្លាំងស្វ័យការពាររបស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិកក៏ដូចជាការបាញ់តេស្តសាកល្បងមីស៊ីលផ្សេងទៀត និងការចូលរួមរបស់ជប៉ុននៅក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅប្រទេសហ្វីលីពីនកាលពីខែឧសភា។


លោកស្រីគីមបាននិយាយថា កន្លងមក រដ្ឋាភិបាលក្រុងតូក្យូបានព្យាយាម "លាក់បាំងមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាមហាអំណាចយោធា" ហើយ «សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយសកម្មភាពយោធាដ៏គ្រោះថ្នាក់ទាំងនេះរបស់ជប៉ុន»។




ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ជប៉ុន ដែលអាចបង្កជាការគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងជើងលោកស្រីគីមបានថ្លែងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង «នឹងរៀបចំជម្រើសយោធាបន្ថែមទៀត»ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم