អ៊ីរ៉ង់ ៖ កងកម្លាំងសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានជោគជ័យក្នុងការវាយប្រហារលើទីតាំងយោធាអុីរ៉ង់នៅក្នុងការវាយប្រហារជុំចុងក្រោយរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអុីរ៉ង់បាននិយាយថា ការវាយប្រហារមួយបានប៉ះពាល់ដល់មនុស្សជាច្រើននាក់ដែលកំពុងប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ ហើយពួកគេបានហៅទង្វើនេះថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍ថា ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងបង្កឱ្យរបួស ៦៧ នាក់ផ្សេងទៀត នៅក្នុងពិធីអបអរសាទរមួយក្នុងស្រុក ស៊ីរិក (Sirik) ភាគខាងត្បូង។
ក្រសួងការបរទេសបានចេញថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយនិយាយថា ការវាយប្រហារនេះបានរំលោភលើ«ច្បាប់អន្តរជាតិ»។
ប្រធានសភា លោក មូហាម៉ាត់ បាហ្គឺ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) បានរិះគន់យ៉ាងខ្លាំងៗលើសហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ថាបានសម្លាប់កុមារ និងប្រជាជនស៊ីវិលនៅក្នុងការវាយប្រហារជាច្រើនលើកអំឡុងពេលមានជម្លោះ។
អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក លោក ធីម ហកគីនស៍ (Tim Hawkins) បាននិយាយថាពួកគេ «បានដឹងអំពីរបាយការណ៍ទាំងនេះ» ហើយកំពុង «ពិនិត្យមើលរឿងនេះ»។ លោកបានបន្ថែមថា កងទ័ពអាមេរិក «មិនដែលតម្រង់ទិសដៅលើប្រជាជនស៊ីវិលឡើយ»។
ថ្លែងនៅឯសេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានកោតសរសើរចំពោះការវាយប្រហារចុងក្រោយនេះ។ លោកបានមានប្រសាសន៍ថា កងកម្លាំងអាមេរិកបានវាយប្រហារលើអុីរ៉ង់ «យ៉ាងធ្ងន់ធ្ងរ» ហើយលោកមិនរំពឹងថាការឃោសនាយុទ្ធនាការដែលបានកកើតឡើងវិញនេះនឹងអូសបន្លាយ «យូរពេក» នោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការបន្ថែមទៀត។
លោក ត្រាំ បានប្រាប់ថា «វាគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយកាលពីយប់មិញ ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការធ្វើវាម្តងទៀតនៅពេលណាក៏បានដែលយើងចង់បាន»។
លោកបានបន្តថា សហរដ្ឋអាមេរិកកំពុងរក្សាការគ្រប់គ្រងលើច្រកសមុទ្រ ហ័រមូស (Strait of Hormuz) និងបានវាយប្រហារលើសមត្ថភាពរ៉ាដា និងការដាក់គ្រាប់មីនរបស់អុីរ៉ង់។
កាលពីពេលមុន លោកបានស្នើនៅលើបណ្តាញសង្គមថា ច្រកផ្លូវទឹកនេះអាចនឹងត្រូវប្តូរឈ្មោះទៅជា «ច្រកសមុទ្រត្រាំ» (TRUMP STRAIT)៕(ដោយ ពិសិដ្ឋ សំណាង)


