លោកត្រាំអះអាងថា លោកបាន «សង្គ្រោះចក្រភពអង់គ្លេសពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ» តាមរយៈការធ្វើសង្គ្រាមប្រឆាំងនឹងអុីរ៉ង់

 




ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកបាន «សង្គ្រោះ» អង់គ្លេសពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដោយសារតែការបើកការវាយប្រហារលើអុីរ៉ង់ ខណៈរូបលោកបានបន្តរិះគន់ចក្រភពអង់គ្លេសជាថ្មីចំពោះការបដិសេធមិនព្រមចូលរួមក្នុងជម្លោះនេះ។


ប្រធានាធិបតីរូបនេះក៏បានពិពណ៌នាដែរថា អង់គ្លេសកំពុងឈានដល់ «ចំណុចរបត់ដ៏ប្រថុយប្រថាន» ហើយបានបើកការវាយប្រហារសារជាថ្មីលើរដ្ឋាភិបាលក្រុងឡុងដ៍ ដោយនិយាយថា អន្តោប្រវេសន៍បានបង្កើតឱ្យមានតំបន់«ហាមឃាត់» នៅក្នុងទីក្រុងនេះ។


ក្នុងនោះដែរ លោកត្រាំបានឆ្កឹះកកាយជម្លោះដ៏យូរអង្វែងរបស់លោកជាមួយអភិបាលក្រុងឡុងដ៍ លោក Sir Sadiq Khan ឡើងវិញ ក្នុងអំឡុងពេលកិច្ចសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ ដោយបានវាយប្រហារលោកថាជា«មនុស្សអាក្រក់»។


ប៉ុន្តែប្រភពជិតស្និទ្ធនឹងអភិបាលក្រុងមកពីគណបក្សពលកររូបនេះ បានវាយបកវិញថា លោកត្រាំ «គ្រាន់តែមិនអាចយល់ពីជោគជ័យរបស់យើងប៉ុណ្ណោះ»។


ក្នុងការការពារទឡ្ហីករណ៍នៃការធ្វើសង្គ្រាមនេះ មេដឹកនាំអាមេរិករូបនេះបាននិយាយថា «ខ្ញុំក៏កំពុងតែសង្គ្រោះប្រទេសរបស់អ្នកពីការគំរាមកំហែងនេះដែរ»។


«ព្រោះប្រសិនបើអុីរ៉ង់មានអាវុធនុយក្លេអ៊ែរ ពួកគេប្រាកដជាមានឱកាសប្រើប្រាស់វានៅអឺរ៉ុបច្រើនជាង ព្រោះពួកគេមានសមត្ថភាពមីស៊ីលបាញ់ដល់ទីនោះ ខុសពីអាមេរិកដែលពួកគេមិនមាន។ ខ្ញុំកំពុងសង្គ្រោះប្រទេសរបស់អ្នកពីបញ្ហាមួយ ព្រោះពួកគេនឹងប្រើប្រាស់វា»។


លោកត្រាំបានធ្វើការកត់សម្គាល់បែបនេះ ខណៈដែលភាពតានតឹងរវាងរដ្ឋាភិបាលវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់នៅតែស្ថិតក្នុងកម្រិតពុះកញ្ជ្រោលជុំវិញច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់នៅក្នុងមជ្ឈិមបូព៌ា។


ផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់មួយនេះធ្លាប់តែបើកចំហ មុនពេលមានការវាយប្រហារពីសំណាក់អាមេរិក និងអុីស្រាអែលប្រឆាំងនឹងអុីរ៉ង់ ដែលមានគោលបំណងរារាំងប្រទេសនេះមិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។


ការរំខាននៅក្នុងច្រកសមុទ្រនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចរបស់អង់គ្លេសផងដែរ និងបានធ្វើឱ្យតម្លៃប្រេងសាំងកើនឡើងយ៉ាងខ្លាំង។


ប្រធានាធិបតីអាមេរិករូបនេះ បានរិះគន់ជាថ្មីចំពោះភាពរាក់រាក់របស់អង់គ្លេស ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Sir Keir Starmer ដែលមិនចង់ឱ្យខ្លួនធ្លាក់ចូលទៅក្នុងជម្លោះអុីរ៉ង់។


ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក Sir Keir ដំបូងឡើយ អង់គ្លេសបានបដិសេធមិនចូលរួមក្នុងការវាយប្រហាររបស់អាមេរិក និងអុីស្រាអែលប្រឆាំងនឹងអុីរ៉ង់នោះទេ។ ក្រោយមក លោក Sir Keir បានអនុញ្ញាតឱ្យកងកម្លាំងគាំទ្រការវាយប្រហារ «ការពារខ្លួន» លើគោលដៅនានា ដូចជាគ្រឿងបាញ់មីស៊ីលជាដើម។


ទោះជាយ៉ាងណាក៏ដោយ អង់គ្លេសមិនបានយល់ព្រមតាមការអំពាវនាវរបស់លោកត្រាំ ក្នុងការបញ្ជូនកងទ័ពជើងទឹកដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ។ មួយភាគប្រាំនៃកម្រិតផ្គត់ផ្គង់ប្រេង និងឧស្ម័នពិភពលោកជាទូទៅត្រូវឆ្លងកាត់ផ្លូវទឹកមួយនេះ ប៉ុន្តែអុីរ៉ង់បានបិទវាដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ។


លោកត្រាំ ដែលមានកំហឹងយ៉ាងខ្លាំង បានប្រៀបប្រដូចលោក Sir Keir ថា «មិនមែនជាលោក Churchill នោះទេ» ហើយបានជំរុញថា លោកបានបដិសេធការផ្តល់ជូនរបស់អង់គ្លេសក្នុងការបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់តំបន់នោះដោយសារតែវាមកយឺកពេក។ ប៉ុន្តែបណ្តារដ្ឋមន្ត្រីបានបដិសេធថា មិនដែលមានការផ្តល់ជូនបែបនេះកើតឡើងនោះទេ។


ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ GB News ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា «កុំភ្លេចឱ្យសោះថាអ្នកទទួលបានភាគរយដ៏ធំនៃប្រេងរបស់អ្នកពីច្រកសមុទ្រ Hormuz ហើយអ្នកមិនបាននៅទីនោះដើម្បីជួយខ្ញុំនោះទេ»៕(ដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post