សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីក្មេងបង្កហិង្សាប៉ុនប៉ងឃាតកម្មក្បែរកោះនរា ខណ្ឌច្បារអំពៅ



ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ដែលពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយប្រើអាវុធកាប់ប្រហារលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅតំបន់ក្បែរ កោះនរា ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបានហើយ ខណៈរូបគេជាជនដៃដល់ផ្ទាល់ក្នុងអំពើហិង្សានេះ។



ប្រតិបត្តិការឃាត់ខ្លួនបានអនុវត្តក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។


ជនសង្ស័យឈ្មោះ ម៉ាក់ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដេគ័រ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។ចំណែកជនរងគ្រោះមានចំនួន២នាក់ ១ឈ្មោះ អុិត ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកលក់ដូរ ទី២ឈ្មោះ វ៉ន ជីវ័ន្ដ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់ដូរ។



សូមរំលឹកថា ករណីហិង្សាប៉ុនប៉ងឃាតកម្មនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខ ផ្សារទំនើបអាសុី តាមបណ្តោយផ្លូវជាតិលេខ១ ក្បែរតំបន់ កោះនរា ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈបក្ខពួកផ្សេងទៀត កំពុងត្រូវបានស្រាវជ្រាវបន្ត។

96
أحدث أقدم