អ៊ីរ៉ង់បញ្ជាក់ពីមរណភាពរបស់ប្រធានសន្តិសុខលោក Larijani ខណៈដែលលោកត្រាំរិះគន់ខ្លាំងៗលើសម្ព័ន្ធមិត្តណាតូ



 អ៊ីរ៉ង់  នៅថ្ងៃទី ១៧ ខែមីនា អ៊ីរ៉ង់បានបញ្ជាក់ពីមរណភាពរបស់ប្រធានសន្តិសុខជាតិដ៏មានអំណាចរបស់ខ្លួន បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ហើយបានប្តេជ្ញាថានឹងតាមប្រមាញ់ និង «កម្ចាត់» មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei


មរណភាពរបស់លោក Ali Larijani តំណាងឱ្យការវាយសំពងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសអ៊ីរ៉ង់ ដែលមេដឹកនាំកាន់អំណាចយូរអង្វែងរបស់ខ្លួន គឺលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់កាលពីបីសប្តាហ៍មុន នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្គ្រាមនៅមជ្ឈិមបូព៌ា។


ការធ្វើឃាតនេះបានកើតឡើងនៅពេលដែលប្រធានសភាអ៊ីរ៉ង់បានប្តេជ្ញាថា ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងច្រកសមុទ្រHormuz នឹងមិនត្រឡប់ទៅរកសភាពដើមដូចមុនពេលមានសង្គ្រាមនោះទេ ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើសម្ព័ន្ធមិត្តដែលបានបដិសេធការអំពាវនាវរបស់លោក ក្នុងការជួយអមដំណើរនាវាដឹកប្រេងឆ្លងកាត់ផ្លូវទឹកដែលត្រូវបានបិទខ្ទប់។


លោក Larijani ដែលជាមនុស្សជិតស្និទ្ធនឹងអតីតមេដឹកនាំកំពូល Ayatollah បានជួយដឹកនាំយុទ្ធនាការសងសឹករបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមនេះ។


ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់បានប្រកាសថា៖ «បន្ទាប់ពីការតស៊ូអស់មួយជីវិតដើម្បីភាពរីកចម្រើនរបស់អ៊ីរ៉ង់ និងបដិវត្តន៍អ៊ីស្លាម នៅទីបំផុតលោកបានសម្រេចនូវបំណងប្រាថ្នាដ៏យូរអង្វែងរបស់ខ្លួន ដោយឆ្លើយតបនឹងការហៅរបស់ព្រះជាម្ចាស់ និងទទួលបាននូវព្រះគុណដ៏ផ្អែមល្ហែមនៃការស្លាប់ដើម្បីសាសនា ប្រកបដោយកិត្តិយសក្នុងសមរភូមិនៃការបម្រើជាតិ»




យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមប្រឹក្សាក៏បាននិយាយផងដែរថា កូនប្រុសរបស់លោក Larijani និងអនុប្រធានរបស់លោក គឺលោក Alireza Bayat ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។


កងទ័ពអ៊ីស្រាអែលបានប្តេជ្ញាថា ខ្លួននឹងកម្ចាត់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei ដែលជាកូនប្រុសរបស់អតីតមេដឹកនាំកំពូល Ayatollah ដែលបានឡើងកាន់អំណាចបន្ទាប់ពីមរណភាពរបស់ឪពុកលោកកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។


អ្នកនាំពាក្យយោធា លោកឧត្តមសេនីយ៍ត្រី Effie Defrin បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងមិនដឹងអំពី Mojtaba Khamenei ទេ យើងមិនឮដំណឹងពីគាត់ យើងមិនឃើញគាត់ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកនូវរឿងមួយ៖ យើងនឹងតាមដានគាត់ រកគាត់ឱ្យឃើញ និងកម្ចាត់គាត់»(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Previous Post Next Post