ស.រ.អា ៖ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាលើការបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈដែលយោធាអាមេរិកត្រៀមលក្ខណៈសម្រាប់ជំហានបន្ទាប់នៅក្នុងយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកម្នាក់ និងមនុស្សបីនាក់ទៀតដែលដឹងពីបញ្ហានេះ។
ការដាក់ពង្រាយកងទ័ពនេះអាចជួយផ្តល់ជម្រើសបន្ថែមដល់លោកត្រាំ នៅពេលដែលលោកពិចារណាលើការពង្រីកប្រតិបត្តិការ ខណៈដែលសង្រ្គាមអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទីបីហើយ។
ជម្រើសទាំងនោះរួមមានការធានានូវការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់នាវាដឹកប្រេងតាមរយៈច្រកសមុទ្រHormuz ដែលជាបេសកកម្មមួយនឹងត្រូវសម្រេចជាចម្បងតាមរយៈកងកម្លាំងជើងអាកាស និងជើងទឹក ប៉ុន្តែប្រភពបួននាក់ រួមទាំងមន្ត្រីអាមេរិកពីរនាក់ បាននិយាយថា ការការពារច្រកសមុទ្រនេះ ក៏អាចមានន័យថាជាការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរក្សាការសម្ងាត់ជូនប្រភពទាំងនោះ ដើម្បីឱ្យពួកគេអាចនិយាយអំពីផែនការយោធាបាន។
រដ្ឋបាលលោកត្រាំក៏បានពិភាក្សាអំពីជម្រើសក្នុងការបញ្ជូនកងកម្លាំងជើងគោកទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ផងដែរដែលជាមជ្ឈមណ្ឌលសម្រាប់ ៩០ ភាគរយនៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ នេះបើតាមការលើកឡើងពីមនុស្សបីនាក់ដែលដឹងពីបញ្ហានេះ និងមន្ត្រីអាមេរិកបីនាក់ទៀត។ មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថា ប្រតិបត្តិការបែបនេះនឹងមានហានិភ័យខ្ពស់ណាស់ ព្រោះអ៊ីរ៉ង់មានសមត្ថភាពវាយប្រហារកោះនេះដោយប្រើមីស៊ីល និងដ្រូន។
សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើគោលដៅយោធានៅលើកោះនេះកាលពីថ្ងៃទី ១៣ ខែមីនា ហើយលោកត្រាំបានព្រមានថានឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងដ៏សំខាន់របស់កោះថែមទៀត ប៉ុន្តែដោយសារតួនាទីដ៏សំខាន់របស់វាចំពោះសេដ្ឋកិច្ចអ៊ីរ៉ង់ ការគ្រប់គ្រងកោះនេះទំនងជាត្រូវបានចាត់ទុកថាជាជម្រើសល្អជាងការបំផ្លាញវាចោល នេះបើតាមការយល់ឃើញរបស់អ្នកជំនាញយោធា។
រាល់ការប្រើប្រាស់កងទ័ពជើងគោកអាមេរិក ទោះបីជាសម្រាប់បេសកកម្មមានកម្រិតក៏ដោយ ក៏អាចបង្កជាហានិភ័យនយោបាយដ៏សំខាន់សម្រាប់លោកត្រាំបានដែរ ដោយសារការគាំទ្រទាបពីសាធារណជនអាមេរិកចំពោះយុទ្ធនាការនៅអ៊ីរ៉ង់ និងការសន្យាកាលពីយុទ្ធនាការបោះឆ្នោតរបស់លោកផ្ទាល់ ក្នុងការចៀសវាងការអូសទាញអាមេរិកឱ្យចូលទៅក្នុងជម្លោះថ្មីៗនៅមជ្ឈិមបូព៌ា។
មន្ត្រីរដ្ឋបាលលោកត្រាំក៏បានពិភាក្សាអំពីលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងអាមេរិកដើម្បីដណ្តើមយកស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់អ៊ីរ៉ង់ផងដែរ។
ប្រភពទាំងនោះមិនជឿថា ការដាក់ពង្រាយកងកម្លាំងជើងគោកនៅកន្លែងណាមួយក្នុងប្រទេសអ៊ីរ៉ង់នឹងកើតឡើងភ្លាមៗនោះទេ ប៉ុន្តែបានបដិសេធមិនពិភាក្សាអំពីព័ត៌មានលម្អិតនៃផែនការប្រតិបត្តិការរបស់អាមេរិកឡើយ ខណៈដែលអ្នកជំនាញនិយាយថា ភារកិច្ចនៃការដណ្តើមយកស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នឹងមានភាពស្មុគស្មាញ និងគ្រោះថ្នាក់បំផុតសូម្បីតែសម្រាប់កងកម្លាំងប្រតិបត្តិការពិសេសក៏ដោយ។
មន្ត្រីសេតវិមានម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មិនទាន់មានការសម្រេចចិត្តបញ្ជូនកងទ័ពជើងគោកនៅពេលនេះទេ ប៉ុន្តែប្រធានាធិបតីត្រាំរក្សាជម្រើសទាំងអស់នៅក្នុងដៃរបស់លោកដោយភាពវៃឆ្លាត ហើយលោកកំពុងផ្តោតលើការសម្រេចបាននូវគោលដៅដែលបានកំណត់ទាំងអស់នៃប្រតិបត្តិការ Epic Fury ដែលរួមមានការបំផ្លាញសមត្ថភាពមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ កម្ចាត់កងទ័ពជើងទឹករបស់ពួកគេ ធានាថាក្រុមតំណាង (Proxy) ភេរវកររបស់ពួកគេមិនអាចធ្វើឱ្យតំបន់អស្ថិរភាព និងធានាថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
ក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
ការពិភាក្សានេះកើតឡើងខណៈដែលយោធាអាមេរិកបន្តវាយប្រហារលើកងទ័ពជើងទឹក ស្តុកមីស៊ីល និងដ្រូនព្រមទាំងឧស្សាហកម្មការពារជាតិរបស់អ៊ីរ៉ង់។
សហរដ្ឋអាមេរិកបានបើកការវាយប្រហារច្រើនជាង ៧.៨០០ លើក ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅថ្ងៃទី ២៨ខែកុម្ភៈ និងបានបំផ្លាញ ឬធ្វើឱ្យខូចខាតនាវាអ៊ីរ៉ង់ជាង ១២០ គ្រឿងគិតមកទល់ពេលនេះ នេះបើយោងតាមតារាងទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមីនា ដោយទីបញ្ជាការដ្ឋានកណ្តាលអាមេរិក ដែលគ្រប់គ្រងកងទ័ពអាមេរិកប្រមាណ ៥០.០០០ នាក់នៅមជ្ឈិមបូព៌ា៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



