ឃាត់ខ្លួនជនជាតិចិន ១៩នាក់ក្នុងបុរីប៉េងហួត ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណី«ឆបោកតាមអនឡាញ»



 ភ្នំពេញ  កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams)មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ និងដកហូតសម្ភារៈភស្តុតាងមួយចំនួន។


កិច្ចប្រតិបត្តិការបង្រ្កាបខាងលើនេះធ្វើឡើង កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ 


វត្ថុតាងដកហូតរួមមាន ទូរសព្ទដៃ ១២៣គ្រឿងកុំព្យូទ័រ All in One ០៨ គ្រឿងម៉ូនីទ័រ ០២ គ្រឿង , កុំព្យូទ័រយួរដៃ០១គ្រឿង, CPU ០១គ្រឿង មួក និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចចិន ចំនួន ០៣ កំប្លេ 




តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំងនេះ បានប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងបង្កប់ដើម្បីធ្វើសកម្មភាពឆបោកតាមអនឡាញ Online Scams ក្រោមរូបភាពក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ជាសមត្ថកិច្ចប្រទេសចិន។


បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។




សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦  


សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ (ដោយBBN04)

Previous Post Next Post