តម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក ខណៈលោកត្រាំដកថយពីការគំរាមកំហែងលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់

 


បរទេស  តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃទី ២៣ ខែមីនា ដែលជាការប្រែប្រួលតម្លៃដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកផ្អាកការវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ ហើយកំពុងចរចាអំពីលទ្ធភាពនៃការបញ្ចប់សង្គ្រាម។


ទាំងតម្លៃប្រេងឆៅទីផ្សារ Brent និងទីផ្សារ West Texas Intermediate (WTI) បានធ្លាក់ចុះជាង ១៤ ភាគរយ មុនពេលងើបឡើងវិញបន្តិចបន្តួច ដោយតម្លៃគោលសកលបានបិទក្នុងតម្លៃក្រោម ១០០ ដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេលជិតពីរសប្តាហ៍។


ការប្រកាសរបស់លោកត្រាំលើបណ្តាញសង្គម Truth Social បានធ្វើឱ្យមានការជួញដូរយ៉ាងវឹកវរ ដោយសារតែប្រធានាធិបតីអាមេរិករូបនេះបានដកថយពីការគំរាមកំហែងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់។ ដោយឡែក ខាងភាគីអ៊ីរ៉ង់វិញ បានបដិសេធដដែលៗថា ខ្លួនមិនបានចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះនោះទេ។


ទីផ្សារថាមពលបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកសង្គ្រាមកាលពីចុងខែកុម្ភៈ ដោយអ៊ីរ៉ង់បានបិទខ្ទប់ស្ទើរតែទាំងស្រុងនូវច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រហែលមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក។


ក្នុងចំណោមការប្រែប្រួលតម្លៃដ៏ធំបំផុតទាំង  មិនធ្លាប់មាននៅក្នុងកិច្ចសន្យាប្រេង Brent គឺមាន  លើកហើយដែលបានកើតឡើងចាប់តាំងពីជម្លោះនេះបានចាប់ផ្តើម។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានពណ៌នាអំពីវិបត្តិនាពេលបច្ចុប្បន្នថាជាការរអាក់រអួលនៃការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។


ថ្លែងនៅក្នុងសន្និសីទ CERAWeek ដោយ S&P Global ក្នុងទីក្រុង Houston លោក Marcel van Poecke ប្រធានផ្នែកថាមពលរបស់ក្រុមហ៊ុន Carlyle បាននិយាយថា ការរអាក់រអួលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា និងច្រកសមុទ្រHormuz គឺមិនដូចអ្វីដែលលោកធ្លាប់បានឃើញក្នុងអាជីពរបស់លោកនោះទេ។ លោកបានបន្តថា៖ «យើងមិនដែលស្ថិតក្នុងវិបត្តិបែបនេះទេ ដែលវាមានផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈពេលវែង»




មន្ត្រីអាមេរិកបានព្យាយាមយ៉ាងរហ័សក្នុងការបញ្ចុះតម្លៃទីផ្សារថាមពលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយសម្តីរបស់លោកត្រាំនៅថ្ងៃទី ២៣ ខែមីនា អំពីការបញ្ចប់សង្គ្រាម គឺជាការអត្ថាធិប្បាយចុងក្រោយបង្អស់ដែលហាក់ដូចជាត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងតម្លៃប្រេង។ បន្ថែមពីលើការប្រើសម្តីអន្តរាគមន៍ សហរដ្ឋអាមេរិកក៏បានប្រកាសបញ្ចេញប្រេងបម្រុងទុកក្នុងគ្រាអាសន្ន និងលើកលែងទណ្ឌកម្មមួយចំនួនលើប្រេងរបស់អ៊ីរ៉ង់ និងរុស្ស៊ីផងដែរ ក្នុងបំណងប៉ះប៉ូវដល់ការផ្គត់ផ្គង់ដែលបាត់បង់ដោយសារការបិទខ្ទប់ច្រក Hormuz


វោហារសាស្ត្រវាយបកគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីមានការគំរាមកំហែងជាបន្តបន្ទាប់ និងការបង្កើនកម្លាំងយោធាដែលបានធ្វើឱ្យទីផ្សារពិភពលោកមានភាពរង្គោះរង្គើ ជំរុញឱ្យមានការភ័យខ្លាចអតិផរណា និងបង្កឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់នៅទូទាំងតំបន់មជ្ឈិមបូព៌ា។


លោកត្រាំបាននិយាយថា បេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner កំពុងចរចាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ដោយបានលើកឡើងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចរួមគ្នាគ្រប់គ្រងច្រកសមុទ្រHormuz អ៊ីរ៉ង់បានបដិសេធដដែលៗថាការចរចាមិនបានប្រព្រឹត្តទៅនោះទេ ដែលនេះបានធ្វើឱ្យការលក់ចេញនៅថ្ងៃទី ២៣ ខែមីនា នៅមានកម្រិត។


ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញសង្គមថាការអះអាងរបស់ប្រធានាធិបតីអាមេរិកគឺជា «ព័ត៌មានក្លែងក្លាយ» ដែលត្រូវបានប្រើដើម្បី «បង្ខូចទីផ្សារហិរញ្ញវត្ថុ និងទីផ្សារប្រេង»


អ្នកវិភាគនៅក្រុមហ៊ុនឈ្មួញជើងសា PVM Oil Associates បានសរសេរក្នុងកំណត់សម្គាល់ថា៖ «ទីផ្សារកំពុងស្ថិតក្នុងភាពច្របូកច្របល់ទាំងស្រុង» ពួកគេបាននិយាយទៀតថា សារបង្ហោះចុងក្រោយរបស់លោកត្រាំ គឺជា «សញ្ញាច្បាស់លាស់នៃការចុះចាញ់នឹងកម្លាំងទីផ្សារ ការហក់ឡើងនៃតម្លៃប្រេង និងការធ្លាក់ចុះនៃភាគហ៊ុន»




រដ្ឋមន្ត្រីថាមពលរបស់លោកត្រាំបានកាត់បន្ថយការបារម្ភចំពោះផលប៉ះពាល់នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ មកលើទីផ្សារថាមពល ដោយនិយាយថា តម្លៃមិនទាន់ឡើងខ្ពស់ល្មមដល់ថ្នាក់បង្កឱ្យមាន «ការបំផ្លាញតម្រូវការជាក់ស្តែង» នៅឡើយទេ។


លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលបាននិយាយក្នុងអំឡុងពេលសុន្ទរកថានៅ CERAWeek ថា៖ «ទីផ្សារធ្វើអ្វីដែលទីផ្សារត្រូវធ្វើ។ តម្លៃបានឡើងថ្លៃដើម្បីផ្តល់សញ្ញាទៅកាន់អ្នកគ្រប់គ្នាដែលអាចផលិតបានកាន់តែច្រើន»


ការបន្ធូរបន្ថយភាពតានតឹងអាចនាំឱ្យមានការវិលត្រឡប់មកវិញនូវការផលិតប្រេងមួយចំនួនដែលបានបាត់បង់នៅមជ្ឈិមបូព៌ា ទោះបីជាយ៉ាងណាក៏ដោយ វានឹងអាស្រ័យយ៉ាងខ្លាំងលើថាតើម្ចាស់កប៉ាល់នឹងមានឆន្ទៈចាប់ផ្តើមការធ្វើនាវាចរណ៍ឆ្លងកាត់ច្រក Hormuz ឡើងវិញនៅពេលណាប៉ុណ្ណោះ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم