លោកត្រាំថាអ៊ីរ៉ង់ «ខ្លាច» មិនហ៊ានទទួលស្គាល់ថាចង់បានកិច្ចព្រមព្រៀង ខណៈរដ្ឋាភិបាលក្រុងតេហេរ៉ង់បដិសេធការចរចា

 


..អា  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែមីនា បានអះអាងថា ប្រទេសអ៊ីរ៉ង់កំពុងចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាព ដោយលោកបានលើកឡើងថា ការបដិសេធរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ គឺដោយសារតែអ្នកចរចាអ៊ីរ៉ង់ខ្លាចត្រូវភាគីខ្លួនឯងសម្លាប់ចោល។


នៅក្នុងពិធីជប់លៀងអាហារពេលល្ងាចសម្រាប់សមាជិកសភាមកពីបក្សសាធារណរដ្ឋ លោកបានថ្លែងថា៖ «តាមពិតទៅ ពួកគេកំពុងចរចា ហើយពួកគេចង់បានកិច្ចព្រមព្រៀងខ្លាំងណាស់។ ប៉ុន្តែពួកគេមិនហ៊ាននិយាយចេញមកទេព្រោះពួកគេយល់ថា ពួកគេនឹងត្រូវសម្លាប់ដោយប្រជាជនរបស់ខ្លួនឯង»


លោកបានបន្ថែមថា៖ «ពួកគេក៏ខ្លាចនឹងត្រូវសម្លាប់ដោយពួកយើងផងដែរ»


វោហារសាស្ត្រដែលកាន់តែតានតឹងឡើងនេះ បានធ្វើឱ្យរលាយបាត់នូវក្តីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹងក្នុងពេលឆាប់ៗ ខណៈដែលអំពើហិង្សានៅលើសមរភូមិមិនទាន់បង្ហាញសញ្ញានៃការថយចុះឡើយ បន្ទាប់ពីឆ្លងកាត់អស់រយៈពេលជិត ៤សប្តាហ៍។ 


លោកត្រាំបានរំលឹកឡើងវិញនូវការអះអាងរបស់លោកថា អ៊ីរ៉ង់កំពុងត្រូវបាន «កម្ទេច» នៅក្នុងជម្លោះដែលឈានចូលដល់សប្តាហ៍ទី៤ ទោះបីជារដ្ឋាភិបាលក្រុងតេហេរ៉ង់នៅតែរក្សាការគ្រប់គ្រងយ៉ាងណែនលើផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នៅច្រកសមុទ្រ Hormuz ក៏ដោយ។


លោកក៏បានវាយប្រហារទៅលើគូប្រជែងនយោបាយក្នុងស្រុកផងដែរ ដោយបានចោទប្រកាន់ថា ខាងបក្សប្រជាធិបតេយ្យកំពុងព្យាយាម «បង្វែរអារម្មណ៍ពីភាពជោគជ័យដ៏អស្ចារ្យដែលយើងកំពុងទទួលបានក្នុងប្រតិបត្តិការយោធានេះ»




លោកត្រាំបាននិយាយបែបចំអកចំពោះការអំពាវនាវរបស់បក្សប្រជាធិបតេយ្យ ដែលចង់ឱ្យលោកសុំការយល់ព្រមពីសភាសម្រាប់ជម្លោះនេះថា៖ «ពួកគេមិនចូលចិត្តពាក្យ 'សង្គ្រាមទេ ព្រោះអ្នកត្រូវតែសុំការយល់ព្រម ដូច្នេះខ្ញុំនឹងប្រើពាក្យថា 'ប្រតិបត្តិការយោធាជំនួសវិញ»


ការអត្ថាធិប្បាយរបស់មេដឹកនាំអាមេរិករូបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងថា «យើងមិនមានបំណងចរចានោះទេ»


លោក Araghchi បានថ្លែងតាមទូរទស្សន៍រដ្ឋថា «នាពេលបច្ចុប្បន្ន គោលនយោបាយរបស់យើងគឺការបន្តការតស៊ូ» ដោយលោកបានបន្ថែមថា ការដែលសហរដ្ឋអាមេរិក «និយាយអំពីការចរចានៅពេលនេះ គឺជាការទទួលស្គាល់បរាជ័យ» របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។


អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានបដិសេធផែនការសន្តិភាពរបស់អាមេរិកថា៖ «ប្រសិនបើអ៊ីរ៉ង់ខកខានក្នុងការទទួលយកការពិតនៃស្ថានភាពបច្ចុប្បន្ន... លោកត្រាំនឹងធានាថា ពួកគេនឹងត្រូវរងការវាយប្រហារខ្លាំងជាងអ្វីដែលពួកគេធ្លាប់ជួបប្រទះពីមុនទៅទៀត»


អ្នកស្រីបានបន្តថា៖ «ប្រធានាធិបតីត្រាំមិនមែននិយាយលេងសើចទេ ហើយលោកត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កការវាយប្រហារយ៉ាងខ្លាំងក្លា។ អ៊ីរ៉ង់មិនគួរធ្វើការគណនាខុសម្តងទៀតឡើយ» ទោះជាយ៉ាងណា អ្នកស្រីក៏បានបន្ថែមដែរថា «ការពិភាក្សានៅតែបន្ត»


អ្នកស្រី Leavitt បានបដិសេធមិននិយាយថា តើសហរដ្ឋអាមេរិកកំពុងទាក់ទងជាមួយនរណានៅក្នុងទីក្រុងតេហេរ៉ង់នោះទេ បន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូល Ali Khamenei ដែលកូនប្រុសរបស់លោក និងជាអ្នកបន្តតំណែង គឺលោក Mojtaba Khamenei មិនទាន់ត្រូវបានគេឃើញបង្ហាញខ្លួនជាសាធារណៈនៅឡើយ។


អ្នកនាំពាក្យរូបនេះក៏បានបដិសេធមិនបញ្ជាក់ពីសេចក្តីរាយការណ៍ដែលថា មន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងអនុប្រធានាធិបតី J.D. Vance គ្រោងនឹងជួបពិភាក្សាជាមួយភាគីអ៊ីរ៉ង់នៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់នោះទេ។


មន្ត្រីប៉ាគីស្ថានបាននិយាយមុននេះថា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាតបានបញ្ជូនផែនការ ១៥ចំណុចរបស់អាមេរិកទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ហើយបានរីករាលដាលពាសពេញតំបន់ចាប់តាំងពីពេលនោះមក។




ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Press TV បានស្រង់សម្តីមន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលក្រុងតេហេរ៉ង់បាន«ឆ្លើយតបជាអវិជ្ជមាន» ចំពោះផែនការនេះ ហើយថាសង្គ្រាមនឹងបញ្ចប់ទៅតាមលក្ខខណ្ឌរបស់ទីក្រុងតេហេរ៉ង់តែប៉ុណ្ណោះ ដែលរួមមានទាំងការធានាមិនឱ្យមានការវាយប្រហារនាពេលអនាគត។


លោក Araghchi បានបញ្ជាក់ថា៖ «យើងស្វែងរកការបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់យើង និងតាមរបៀបដែលវានឹងមិនកើតឡើងម្តងទៀតនៅទីនេះឡើយ»


ស្របពេលដែលមានសេចក្តីរាយការណ៍ថា កងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀតកំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ប្រទេសអ៊ីរ៉ង់ក៏បានគំរាមបើកសមរភូមិថ្មីដោយកំណត់គោលដៅលើការដឹកជញ្ជូនតាមសមុទ្រក្រហមប្រសិនបើសហរដ្ឋអាមេរិកបើកការឈ្លានពានតាមផ្លូវគោក៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم