បរទេស ៖ ក្រុមអ្នកនយោបាយអ៊ីរ៉ង់និយមតឹងរ៉ឹង ដែលកំពុងគ្រប់គ្រងទីក្រុងតេហេរ៉ង់ ចាប់តាំងពីលោក ដូណាល់ ត្រាំបានសម្លាប់មេដឹកនាំកំពូលអាយ៉ាតូឡាមកនោះ ពេលនេះកំពុងបង្កើនការអំពាវនាវឱ្យបង្កើតគ្រាប់បែកនុយក្លេអ៊ែរខណៈដែលរបបនេះអះអាងថា ខ្លួនមានអ្នកប្រយុទ្ធចំនួនមួយលាននាក់ កំពុងរង់ចាំត្រៀមលក្ខណៈទប់ទល់នឹងការវាយលុកតាមជើងគោកពីសំណាក់សហរដ្ឋអាមេរិក។
មេដឹកនាំនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ពេលនេះកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ លើការស្វែងរកអាវុធនុយក្លេអ៊ែរជាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
បន្ទាប់ពីមរណភាពរបស់មេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) នៅដើមសង្រ្គាមក្រុមអ្នកនិយមតឹងរ៉ឹងរបស់ IRGC បានក្លាយជាកម្លាំងគ្របដណ្តប់ដ៏មានឥទ្ធិពលនៅក្នុងប្រទេស។ លោកត្រាំបានអះអាងថា លោកបានកម្ចាត់ក្រុមមេដឹកនាំសាសនាអ៊ីរ៉ង់និយមតឹងរ៉ឹងអស់ហើយ ប៉ុន្តែរបបអ៊ីស្លាមនេះកំពុងបង្ហាញខ្លួនដូចជា "សត្វនាគហ៊ីដ្រា" (Hydra) ដែលក្បាលថ្មីនីមួយៗដែលដុះឡើង មានភាពរឹងមាំ និងមានបំណងសងសឹកខ្លាំងជាងមុន។
កន្លងមក របបនេះតែងតែបដិសេធថាខ្លួនមិនស្វែងរកគ្រាប់បែកនុយក្លេអ៊ែរឡើយ ដោយសារលោកខាមេនីបានហាមឃាត់អាវុធនុយក្លេអ៊ែរ ដោយចាត់ទុកថាជាវត្ថុខុសច្បាប់ក្នុងសាសនាអ៊ីស្លាម។ ទោះជាយ៉ាងណាក៏ដោយ បណ្តាទីភ្នាក់ងារចារកម្មលោកខាងលិចបានថ្លែងជាសាធារណៈថា អ៊ីរ៉ង់បានលួចចម្រាញ់ និងស្តុកទុកសារធាតុអ៊ុយរ៉ាញ៉ូមដោយសម្ងាត់ ដើម្បីឈានទៅរកការបង្កើតអាវុធ។
មេដឹកនាំក្រុងតេហេរ៉ង់ ពេលនេះកំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបោះបង់ចោលនូវគោលជំហររបស់ខ្លួនចំពោះអាវុធនុយក្លេអ៊ែរទាំងស្រុង។
ប្រភពនានាបានប្រាប់រ៉យទ័រថា ការវាយប្រហារឥតឈប់ឈរពីអាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យរបបនេះជឿជាក់ថាពួកគេគ្មានចំណេញអ្វីឡើយក្នុងការបង្អង់ការបង្កើតគ្រាប់បែក។
កាលពីថ្ងៃព្រហស្បតិ៍ លោកត្រាំបានបន្លាយពេលកំណត់របស់លោកក្នុងការមិនវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ ដោយបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «យោងតាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់សូមឱ្យសេចក្តីថ្លែងការណ៍នេះតំណាងឱ្យការផ្អាករយៈពេលនៃការបំផ្លាញរោងចក្រថាមពលចំនួន ១០ ថ្ងៃ រហូតដល់ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨ យប់ (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក)។ ការចរចាកំពុងបន្ត ហើយបើទោះបីជាមានសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអ្នកដទៃក៏ដោយ ក៏ការចរចានោះកំពុងដំណើរការយ៉ាងល្អប្រសើរ»។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានអះអាងថា កងទ័ពជាងមួយលាននាក់ត្រូវបានចល័ត ដើម្បីត្រៀមលក្ខណៈសម្រាប់ការឈ្លានពានតាមជើងគោករបស់អាមេរិក ក្នុងគោលបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ការបង្កើនកម្លាំងនេះកើតឡើងចំពេលមានការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់លោកត្រាំ ក្នុងការដណ្តើមយកកោះKharg ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់សម្រាប់គ្រប់គ្រងផ្លូវទឹកដ៏មានសារៈសំខាន់នេះ។
អ៊ីរ៉ង់បានចាប់ផ្តើមពង្រឹងកោះនេះ ដោយការដាក់អន្ទាក់ដូចជា មីនប្រឆាំងមនុស្ស និងមីនប្រឆាំងរថក្រោះ នៅតាមតំបន់ដែលរំពឹងថាមានការចុះចតរបស់ទ័ពអាមេរិក។ មន្ត្រីអាមេរិកបានព្រមានរដ្ឋបាលត្រាំ ថា រាល់ប្រតិបត្តិការជើងគោកនឹងនាំមកនូវហានិភ័យខ្ពស់ រួមទាំងលទ្ធភាពនៃការបាត់បង់ជីវិតទាហានអាមេរិកក្នុងចំនួនដ៏ច្រើន។
មេបញ្ជាការមន្ទីរបញ្ចកោណ (Pentagon) បានបញ្ជាឱ្យកងទ័ពឆ័ត្រយោងប្រហែល ២.០០០ នាក់ ពីកងពលធំទ័ពអាកាសលេខ ៨២ ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាកាលពីយប់មិញ ដើម្បីចូលរួមជាមួយកងម៉ារីនប្រហែល ៤.៥០០នាក់ ដែលកំពុងធ្វើដំណើរទៅកាន់តំបន់នោះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់លោកត្រាំ បង្ហាញសញ្ញាបរាជ័យ។
អ្នកនយោបាយនិយមតឹងរ៉ឹង លោក Mohammad Javad Larijani ដែលជាបងប្រុសរបស់មន្ត្រីជាន់ខ្ពស់ លោក Ali Larijani (ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃអង្គារសប្តាហ៍មុន) ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋដកស្រង់សម្តីកាលពីសប្តាហ៍នេះ ដោយបានជំរុញឱ្យអ៊ីរ៉ង់ផ្អាកសមាជិកភាពរបស់ខ្លួនពីសន្ធិសញ្ញា NPT។
លោកបាននិយាយថា៖ «សន្ធិសញ្ញា NPT គួរតែត្រូវបានផ្អាក។ យើងគួរតែបង្កើតគណៈកម្មាធិការមួយ ដើម្បីវាយតម្លៃថា តើ NPT មានប្រយោជន៍អ្វីខ្លះសម្រាប់យើងដែរឬទេ។ ប្រសិនបើវាបង្ហាញថាមានប្រយោជន៍ យើងនឹងត្រឡប់ទៅចូលរួមវិញ។ ប្រសិនបើមិនមានទេ ពួកគេ [សហគមន៍អន្តរជាតិ] អាចទុកវាដោយខ្លួនឯងទៅ»៕(ប្រែសម្រួលដោយពិសិដ្ឋ សំណាង)





