ឃាត់ខ្លួនជនបរទេស៩នាក់បន្ថែមទៀត នៅបុរីប៉េងហួត ខណ្ឌច្បារអំពៅ ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញខុសច្បាប់



 ភ្នំពេញ  កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនជាតិចិន៨នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់បន្ទាប់ពីបានឃាត់ជនបរទេស១៩នាក់នៅម្តុំទីតាំងដដែល កាលពីថ្ងៃទី១៧មីនា 


កិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភីស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ 


ទន្ទឹមនឹងការឃាត់ខ្លួនមនុស្ស មន្ត្រីជំនាញបានដកហូតវត្ថុតាងបច្ចេកទេសមួយចំនួន រួមមាន៖ ទូរសព្ទដៃ ២៤៧គ្រឿងកុំព្យូទ័រ All in One ០៨គ្រឿងធុង CPU ០២គ្រឿង និងម៉ូនីទ័រ ០២គ្រឿង។




សមត្ថកិច្ចសន្និដ្ឋានថា ទីតាំងខាងលើគឺជាកន្លែងដំណើរការល្បែងស៊ីសងអនឡាញ ដែលមានគោលដៅបោកបញ្ឆោតទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន។


បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។




គួររំលឹកថា កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦កន្លងមក សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណីពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញខុសច្បាប់ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ និងដកហូតសម្ភារៈភស្តុតាងមួយចំនួន៕(ដោយ BBN04)



أحدث أقدم