បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី៣០ ខែមីនា បាននិយាយថាសង្គ្រាមលើអ៊ីរ៉ង់បានសម្រេចគោលដៅលើសពីពាក់កណ្ដាលហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ថាវានឹងបញ្ចប់នៅពេលណានោះទេ។
លោកបានប្រាប់សារព័ត៌មានអាមេរិកបែបអភិរក្សនិយម Newsmax ថា៖ «វាពិតជាបានដើរហួសចំណុចពាក់កណ្ដាលផ្លូវហើយ។ ប៉ុន្តែខ្ញុំមិនចង់ដាក់កាលវិភាគលើរឿងនេះទេ»។
លោកបានបន្ថែមថា អ្វីដែលលោកចង់មានន័យនោះគឺ សង្គ្រាមបានដើរហួសពាក់កណ្ដាលផ្លូវ «ក្នុងទិដ្ឋភាពនៃបេសកកម្ម មិនមែនមានន័យក្នុងទិដ្ឋភាពនៃពេលវេលានោះទេ»។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានចាប់ផ្ដើមសង្គ្រាមនេះជាមួយលោក នេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដំបូងឡើយបានលើកឡើងថា ប្រតិបត្តិការនេះនឹងចំណាយពេលពី ៤ ទៅ ៦ សប្តាហ៍។ ចំណែកឯរដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio បាននិយាយកាលពីថ្ងៃទី៣០ ខែមីនាថា សង្គ្រាមនឹងអូសបន្លាយ«ច្រើនសប្តាហ៍» បន្ថែមទៀត ជាជាងរាប់ខែ ចំពេលដែលមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងពីសាធារណជនអាមេរិកចំពោះជម្លោះដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។
លោកនេតាន់យ៉ាហ៊ូបានបញ្ជាក់ថា សង្គ្រាមបានសម្រេចគោលដៅជាច្រើន រួមទាំងការសម្លាប់សមាជិក «រាប់ពាន់នាក់» នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ។
លោកបានបន្ថែមទៀតថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏ «ជិតនឹងបញ្ចប់ឧស្សាហកម្មអាវុធរបស់ពួកគេ [អ៊ីរ៉ង់] ផងដែរ»។
លោកបាននិយាយថា៖ «គឺមូលដ្ឋានឧស្សាហកម្មទាំងមូលតែម្ដង — ការកម្ទេចចោលទាំងអស់ ដូចជា រោងចក្រនានាទាំងរោងចក្រទាំងមូលៗ និងកម្មវិធីនុយក្លេអ៊ែរខ្លួនឯងតែម្ដង»។
លោកនេតាន់យ៉ាហ៊ូ និងលោកត្រាំបានអះអាងដដែលៗថា អ៊ីរ៉ង់ជិតនឹងផលិតបានអាវុធនុយក្លេអ៊ែរហើយ ដែលជាការអះអាងមួយមិនត្រូវបានគាំទ្រដោយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរនៃអង្គការសហប្រជាជាតិឡើយ ហើយវាបានកើតឡើងបន្ទាប់ពីលោកត្រាំបាននិយាយថា លោកបាន «កម្ទេច» ទីតាំងសំខាន់ៗក្នុងការវាយប្រហារកាលពីឆ្នាំមុនអស់ហើយ។
លោកនេតាន់យ៉ាហ៊ូក៏បានបង្ហាញពីទំនុកចិត្តដែរថា របបសាធារណរដ្ឋអ៊ីស្លាមរបស់អ៊ីរ៉ង់នឹងដួលរលំ ទោះបីជាលោកបានបញ្ជាក់ជាថ្មីថា នេះមិនមែនជាគោលដៅចម្បងក៏ដោយ។
លោកបាននិយាយថា៖ «ខ្ញុំគិតថារបបនេះនឹងដួលរលំពីខាងក្នុង។ ប៉ុន្តែនៅពេលនេះ អ្វីដែលយើងកំពុងធ្វើគឺគ្រាន់តែបន្ទាបសមត្ថភាពយោធារបស់ពួកគេ បន្ថយសមត្ថភាពមីស៊ីល បន្ថយសមត្ថភាពនុយក្លេអ៊ែរ និងធ្វើឱ្យពួកគេចុះខ្សោយពីខាងក្នុង»។
សង្គ្រាមនេះបានកើតឡើងប៉ុន្មានសប្តាហ៍មកហើយ បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងធំធេង ដែលបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកត្រាំបាននិយាយថា សង្គ្រាមនេះទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពក្នុងការ «ផ្លាស់ប្តូររបប» តាមរយៈការផ្ដល់អំណាចដល់បុគ្គលផ្សេងទៀតនៅក្នុងរដ្ឋដែលដឹកនាំដោយមេដឹកនាំសាសនានេះ ដែលលោកត្រាំយល់ថាអាចនឹងមានភាពអនុគ្រោះ (សម្របសម្រួល) ជាងមុន៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)



