ភ្នំពេញ ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បន្ទាប់ពីមានការសង្ស័យថា លបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។
សមត្ថកិច្ចនិយាយថា ក្រោមការបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចូលរួមពីអាជ្ញាធរខណ្ឌចំការមន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមការងារបានពិនិត្យឃើញភាពមិនប្រក្រតីនៅជាន់ទី៧ និងជាន់ទី១០ ដោយបានឃាត់ខ្លួនមនុស្សសរុប១៧នាក់ (ស្រី្ត០២នាក់) ជាជនជាតិវៀតណាម ដែលក្នុងនោះមាន ០៧នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។
ជាលទ្ធផលសមត្ថកិច្ចរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានៈ ម៉ូនីទ័រចំនួន៣០ គ្រឿង, ទូរសព្ទដៃ ចំនួន ៧៣ គ្រឿង , កុំព្យូទ័រ All In One ចំនួន ០៦ គ្រឿង និងCPUចំនួន ២៧ គ្រឿង។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រុមនេះ បានធ្វើសកម្មភាពលោងលោមស្នេហា មានគោលដៅច្បាស់លាស់ក្នុងការ«ជំរិតទារប្រាក់ ឬគំរាមកំហែង» ដោយប្រើប្រាស់វីដេអូអាសអាភាសដែលលួចថតបាន ទៅផ្ញើឱ្យក្រុមគ្រួសារ ឬកន្លែងការងាររបស់ជនរងគ្រោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប្រសិនបើមិនធ្វើតាមការទាមទាររបស់ពួកគេ។
បច្ចុប្បន្ន មនុស្សទាំង ១៧នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់៕(ដោយ BBN04)



