ឃាត់ខ្លួនជនជាតិវៀតណាម១៧នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

 



ភ្នំពេញ  កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បន្ទាប់ពីមានការសង្ស័យថា លបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ 


សមត្ថកិច្ចនិយាយថា ក្រោមការបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចូលរួមពីអាជ្ញាធរខណ្ឌចំការមន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។


ក្រុមការងារបានពិនិត្យឃើញភាពមិនប្រក្រតីនៅជាន់ទី៧ និងជាន់ទី១០ ដោយបានឃាត់ខ្លួនមនុស្សសរុប១៧នាក់ (ស្រី្ត០២នាក់ជាជនជាតិវៀតណាម ដែលក្នុងនោះមាន ០៧នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។




ជាលទ្ធផលសមត្ថកិច្ចរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានៈ ម៉ូនីទ័រចំនួន៣០ គ្រឿងទូរសព្ទដៃ ចំនួន ៧៣ គ្រឿង , កុំព្យូទ័រ All In One ចំនួន ០៦ គ្រឿង និងCPUចំនួន ២៧ គ្រឿង។


សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រុមនេះ បានធ្វើសកម្មភាពលោងលោមស្នេហា មានគោលដៅច្បាស់លាស់ក្នុងការ«ជំរិតទារប្រាក់ ឬគំរាមកំហែង» ដោយប្រើប្រាស់វីដេអូអាសអាភាសដែលលួចថតបាន ទៅផ្ញើឱ្យក្រុមគ្រួសារ ឬកន្លែងការងាររបស់ជនរងគ្រោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប្រសិនបើមិនធ្វើតាមការទាមទាររបស់ពួកគេ។


បច្ចុប្បន្ន មនុស្សទាំង ១៧នាក់ រួមនិងវត្ថុតាងទាំងអស់  ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់៕(ដោយ BBN04)



أحدث أقدم