បរទេស ៖ នៅកន្លែងណាមួយក្នុងផ្ទៃទឹកនៃច្រកសមុទ្រ Hormuz នាវាមុជទឹកខ្នាតតូចប៉ុន្តែមានសមត្ថភាពសម្លាប់ដ៏សាហាវរបស់អ៊ីរ៉ង់ កំពុងសម្ងំរង់ចាំយ៉ាងអត់ធ្មត់ ដោយតម្រង់គោលដៅទៅលើនាវាចម្បាំងរបស់លោក ដូណាល់ ត្រាំ។
តាមរយៈការធ្វើដំណើរឆ្លងកាត់ចំណុចខ្វាក់នៃប្រព័ន្ធរ៉ាដា (Sonar) នាវាមុជទឹកខ្នាតតូចប្រភេទ Ghadir-class បានតាមដានសត្រូវរបស់ពួកគេដោយស្ងាត់ៗ រួចបាញ់មីស៊ីលប្រឆាំងនាវា ឬគ្រាប់ថូផេដូដែលបំពាក់ប្រព័ន្ធនាំផ្លូវ បន្ទាប់មកក៏គេចខ្លួនបាត់ស្រមោលតែម្ដង។
មិនមែនជារឿងចៃដន្យទេ ដែលនាវាមុជទឹកទាំងនេះត្រូវបានគេស្គាល់ថាជា «ខ្មោចលងក្នុងតំបន់ឈូងសមុទ្រពែក្ស»។ មានការលើកឡើងថា នាវាមួយក្នុងចំណោមនោះ ថែមទាំងបានថតរូបនាវាផ្ទុកយន្តហោះក្នុងចម្ងាយយ៉ាងជិតអំឡុងពេលបំពេញបេសកកម្មស៊ើបការណ៍ រួចក៏ដកថយទៅវិញដោយគ្មាននរណាដឹងឡើយ។
រដ្ឋាភិបាលក្រុងតេហេរ៉ង់ធ្លាប់បានអះអាងថា «ក្នុងឱកាសជាច្រើនលើក» នាវាមុជទឹកទាំងនេះបាន «ធ្វើឱ្យនាវាកងទ័ពជើងទឹកអាមេរិកមានការភ្ញាក់ផ្អើល ដោយការងើបឡើងលើផ្ទៃទឹកនៅជិតពួកគេយ៉ាងកៀកបំផុត»។
ដោយត្រូវបានកែច្នៃតាមគំរូរបស់កូរ៉េខាងជើង នាវាប្រភេទ Ghadir គឺជាមោទនភាពរបស់ប្រជាជនអ៊ីរ៉ង់ បើទោះបីជានាវាមុជទឹកទាំងនេះគ្រាន់តែជាផ្នែកមួយនៃឃ្លាំងអាវុធជើងទឹកដ៏សាហាវរបស់ពួកគេក៏ដោយ។
ចាប់ពីទូកល្បឿនលឿនបំពាក់គ្រាប់ថូផេដូ និងដ្រូនអត្តឃាត (Kamikaze) រហូតដល់គ្រាប់មីនគ្រប់ប្រភេទ និងទូកផ្ទុករំសេវផ្ទុះគ្មានមនុស្សបើកដែលក្លែងបន្លំជាទូកនេសាទធ្វើពីឈើ... អាវុធដ៏សាហាវជាច្រើនដូចនៅក្នុងខ្សែភាពយន្ត007 កំពុងរង់ចាំកងទ័ពជើងទឹកអាមេរិក នៅក្នុងច្រកផ្លូវដឹកជញ្ជូនប្រេងដ៏មមាញឹកបំផុតរបស់ពិភពលោកនេះ។
ជាការពិតណាស់ វត្ថុទាំងនេះគឺគ្រប់គ្រាន់ល្មមដើម្បីធ្វើឱ្យទាហានជើងទឹកចំនួន ២.០០០ នាក់នៅលើនាវា USS Tripoli មានការព្រួយបារម្ភ។ នៅសប្តាហ៍ក្រោយ នាវាវាយលុកដែលមានទម្ងន់ ៥០.០០០ តោននេះ ដែលកំពុងធ្វើដំណើរមកពីប្រទេសជប៉ុន នឹងចូលទៅក្នុងតំបន់សង្គ្រាម ហើយត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នា ដែលអាចនឹងកំណត់លទ្ធផលនៃជម្លោះនេះ។
ទោះជាយ៉ាងណា វានៅតែជាសំណួរនៅឡើយថា តើចក្រភពអង់គ្លេសនឹងមានតួនាទីអ្វីខ្លះនៅក្នុងសមរភូមិក្នុងច្រកសមុទ្រ Hormuz នេះ។
កាលពីសប្តាហ៍មុន លោក Sir Keir Starmer បានផ្តល់មូលដ្ឋានទ័ពរបស់ចក្រភពអង់គ្លេស ដើម្បីធ្វើជាទីតាំងសម្រាប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញនៅក្នុងច្រកសមុទ្រនេះ ដែលអ៊ីរ៉ង់បានបិទខ្ទប់យ៉ាងមានប្រសិទ្ធភាព ដែលបណ្តាលឱ្យតម្លៃប្រេង និងហ្គាសហក់ឡើងខ្ពស់។
ប្រភពយោធាបានអះអាងកាលពីយប់ថ្ងៃសៅរ៍ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ HMS Anson កំពុងស្ថិតនៅក្នុងតំបន់នោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ កងទ័ពជើងទឹកភូមិន្ទអង់គ្លេសត្រូវបានគេនិយាយថា មិនទាន់មានបំណងបញ្ជូននាវាចម្បាំងទៅនៅឡើយទេ ព្រោះការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់មានន័យថា ស្ថានភាពនៅទីនោះគឺ «ប្រែប្រួលខ្លាំងពេក»។ នាវាចុងក្រោយបង្អស់របស់យើងនៅក្នុងតំបន់នោះ គឺនាវាប្រមាញ់មីន HMS Middleton បានចូលនិវត្តន៍កាលពីដើមឆ្នាំនេះ។
គេនៅមិនទាន់ច្បាស់ទេថា តើរឿងនេះនឹងទៅជាយ៉ាងណា។ អ៊ីរ៉ង់ត្រូវគេនិយាយថា កំពុង «លិឍមាត់» (រង់ចាំយ៉ាងអន្ទះសារ) ចំពោះលទ្ធភាពនៃការប្រឈមមុខគ្នានៅក្នុងច្រកសមុទ្រនេះ។ សម្រាប់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ពួកគេបានដាក់អន្ទាក់មួយ ដែលប្រធានាធិបតីត្រាំប្រថុយនឹងបើកនាវាចូលទៅចំកណ្តាលអន្ទាក់នោះតែម្តង។
ជាមួយនឹងទទឹងត្រឹមតែ ២៤ ម៉ាយប៉ុណ្ណោះនៅចំណុចដែលតូចបំផុត ច្រកសមុទ្រ Hormuz គឺជាចំណុចតភ្ជាប់រវាងឈូងសមុទ្រពែក្ស និងពិភពលោកទាំងមូល។ ដោយមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ង់នៅភាគខាងជើង និងប្រទេសអូម៉ង់នៅភាគខាងត្បូង វាគឺជាផ្លូវតែមួយគត់ដែលនាវាទាំងឡាយ រួមទាំងនាវាដឹកប្រេង និងហ្គាស អាចធ្វើដំណើរពីកំពង់ផែនៃប្រទេសអ៊ីរ៉ាក់ កូវ៉ែត បារ៉ែន កាតា ឆ្នេរសមុទ្រភាគខាងកើតនៃអារ៉ាប៊ីសាអូឌីត និងផ្នែកភាគច្រើននៃអារ៉ាប់រួមអេមីរ៉ាត ទៅកាន់ទីផ្សារថាមពលពិភពលោក។
ចំពោះរបបអ៊ីស្លាម ច្រកសមុទ្រ Hormuz តំណាងឱ្យឱកាសដ៏ល្អបំផុតរបស់ខ្លួន ក្នុងការបង្កការខូចខាតជានិមិត្តរូបដល់សហរដ្ឋអាមេរិក។ ហើយអ៊ីរ៉ង់មានរឿងជាច្រើនដែលត្រូវសងសឹក។ ជាឧទាហរណ៍ ពួកគេមិនទាន់ភ្លេចការបាត់បង់នាវាចម្បាំង Iris Dena ដែលត្រូវបានវាយប្រហារដោយគ្រាប់ថូផេដូពីនាវាមុជទឹកអាមេរិក នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា កាលពីដើមសង្រ្គាមនោះឡើយ។
ការបាញ់ពន្លិចនាវាអាមេរិកដើម្បីសងសឹក ប្រហែលជាមើលទៅដូចជារឿងដែលមិនគួរឱ្យជឿ ប៉ុន្តែដូចដែលអ្នកជំនាញការពារជាតិម្នាក់បានលើកឡើងថា ទោះបីជាអ៊ីរ៉ង់បាញ់ត្រូវតែមួយគ្រឿង ហើយវាត្រូវការការជួយសង្គ្រោះក៏លទ្ធផលនឹងអាចក្លាយជា «មហន្តរាយយ៉ាងសម្បើមសម្រាប់រូបភាពរបស់លោក ដូណាល់ ត្រាំ នៅក្នុងឆាកនយោបាយអាមេរិក»។
ការបិទខ្ទប់ច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ គឺរួមបញ្ចូលទាំងការគំរាម «ដុតកម្ទេច» រាល់នាវាទាំងឡាយណាដែលហ៊ានឆ្លងកាត់វា។ ជាធម្មតា ប្រហែលមួយភាគប្រាំនៃប្រេង និងហ្គាសទូទាំងពិភពលោក ត្រូវឆ្លងកាត់ច្រករបៀងដ៏តូចដែលតភ្ជាប់ឈូងសមុទ្រពែក្សជាមួយនឹងសមុទ្រអារ៉ាប់មួយនេះ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)






