យោធាអ៊ីរ៉ង់និយាយថា «សង្គ្រាមនឹងបន្ត» បន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោកត្រាំ

 


បរទេស  អ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានកណ្តាលនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសថា «សង្គ្រាមនេះនឹងបន្ត» រហូតទាល់តែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឈមមុខនឹង «ភាពអាម៉ាស់ ការស្តាយក្រោយ និងការចុះចាញ់ជាស្ថាពរ និងច្បាស់លាស់»


អ្នកនាំពាក្យនៃទីស្នាក់ការកណ្តាល Hazrat Khatam al-Anbiya បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការថ្លែងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់។


លោកបានច្រានចោលនូវការអះអាងរបស់លោកត្រាំ ដែលថា «កងទ័ពជើងទឹកអ៊ីរ៉ង់ត្រូវបានកម្ទេចអស់ហើយកងទ័ពអាកាសរបស់ពួកគេស្ថិតក្នុងសភាពខ្ទេចខ្ទាំ» និង «សមត្ថភាពរបស់ពួកគេក្នុងការបង្ហោះមីស៊ីល និងដ្រូន ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង»




អ្នកនាំពាក្យរូបនេះបានលើកឡើងថា៖ «ព័ត៌មានសម្ងាត់របស់អ្នកអំពីអំណាចយោធា និងគ្រឿងបរិក្ខារបស់យើង គឺមិនពេញលេញនោះទេ។ អ្នកមិនដឹងអ្វីទាំងអស់អំពីសមត្ថភាពយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើងឡើយ»


លោកបានបន្ថែមថា «ការផលិតគ្រឿងយោធាយុទ្ធសាស្ត្រ» របស់អ៊ីរ៉ង់ គឺធ្វើឡើងនៅក្នុង «ទីតាំងនានា» ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនដឹង ហើយនឹងមិនអាចទៅដល់បានឡើយ។


លោកបានបញ្ជាក់ទៀតថា ប្រទេសទាំងពីរគួរតែត្រៀមខ្លួនទទួលរងនូវ «សកម្មភាពកម្ទេច កាន់តែទូលំទូលាយ និងកាន់តែបំផ្លិចបំផ្លាញ» បន្ថែមទៀតពីសំណាក់ប្រទេសអ៊ីរ៉ង់៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم