ជនសង្ស័យក្នុងព្រឹត្តិការណ៍ពិធីជប់លៀងអ្នកសារព័ត៌មាន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោកត្រាំ

 


..អា  ជនសង្ស័យក្នុងករណីបាញ់ប្រហារនៅឯពិធីជប់លៀងអាហារពេលល្ងាចរបស់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញខ្លួននៅតុលាការសហព័ន្ធកាលពីថ្ងៃចន្ទ។ រូបគេត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។


បុរសឈ្មោះ Cole Tomas Allen វ័យ ៣១ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា ក៏ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីរករណីផ្សេងទៀតផងដែរ គឺការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវឆ្លងកាត់ព្រំដែនរដ្ឋក្នុងគោលបំណងប្រព្រឹត្តបទឧក្រិដ្ឋ និងការប្រើប្រាស់អាវុធក្នុងអំឡុងពេលប្រព្រឹត្តអំពើហិង្សា។




ជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបាញ់កាំភ្លើងជាច្រើនគ្រាប់ ខណៈព្យាយាមចូលទៅក្នុងពិធីជប់លៀងអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន។ ព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារមួយក្នុងរដ្ឋធានី កាលពីយប់ថ្ងៃសៅរ៍។


អគ្គរដ្ឋអាជ្ញាស្តីទី លោក Todd Blanche បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រសិនបើត្រូវបានកាត់ទោសពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ជននេះអាចនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ 


លោកបានបញ្ជាក់ថា "អំពើហិង្សាមិនមានកន្លែងនៅក្នុងជីវិតស៊ីវិលនោះទេ។ វាមិនអាច និងមិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់ដើម្បីរំខានដល់ស្ថាប័នប្រជាធិបតេយ្យ ឬបំភិតបំភ័យអ្នកដែលបម្រើការងារឱ្យស្ថាប័នទាំងនោះឡើយ។ហើយវាក៏ប្រាកដជាមិនអាចបន្តប្រើប្រាស់ប្រឆាំងនឹងប្រធានាធិបតីនៃសហរដ្ឋអាមេរិកបានដែរ។"




រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ Columbia លោកស្រី Jeanine Pirro បាននិយាយថា ជនសង្ស័យនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត។ លោកស្រីបានបង្ហើបថា នៅពេលកើតហេតុ លោក Allen បានកាន់កាំភ្លើងបាញ់បក្សី ១ដើម កាំភ្លើងខ្លី ១ដើម និងកាំបិតចំនួន ៣។


លោកស្រីក៏បានបន្តទៀតដែរថា តាមរយៈអ៊ីមែលដែលបានសរសេរទុកជាមុនមួយបានបង្ហាញថា គោលដៅរបស់ជននេះគឺមន្ត្រីរដ្ឋាភិបាល ដោយបានរៀបលំដាប់អាទិភាពពីមន្ត្រីជាន់ខ្ពស់បំផុត រហូតដល់ទាបបំផុត។


អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានលើកឡើងថា នេះគឺជា "ការប៉ុនប៉ងធ្វើឃាតធំៗលើកទីបីហើយប្រឆាំងនឹងលោកត្រាំ។




ទោះជាយ៉ាងណា លោកស្រីជឿជាក់ថា មិនមានបញ្ហាខ្វះខាតផ្នែកសន្តិសុខនៅទីតាំងកើតហេតុនោះទេ ដោយបានថ្លែងថា «ភ្នាក់ងារសម្ងាត់បានបំពេញការងាររបស់ពួកគេយ៉ាងល្អ។ ពួកគេបានប្រាស្រ័យទាក់ទងគ្នា ដើម្បីនាំលោកប្រធានាធិបតី និងអនុប្រធានាធិបតីទៅកាន់ទីសុវត្ថិភាពឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ហើយជាក់ស្តែងក៏ដើម្បីបង្ក្រាបខ្មាន់កាំភ្លើងផងដែរ»


លោកស្រី Leavitt ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងពិនិត្យឡើងវិញថាតើត្រូវកែលម្អចំណុចណាខ្លះ ក្នុងការការពារប្រធានាធិបតី និងមន្ត្រីដទៃទៀត៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)



Previous Post Next Post