បុរសម្នាក់កាន់កាំបិតដេញចាក់សង្សារចាស់មិនបានសម្រេច បែរជាចាក់បងថ្លៃនារីរងគ្រោះ ស្លាប់ទាំង២នាក់

 


ភ្នំពេញ  គំនុំស្នេហាបានក្លាយជាអំពើឃាតកម្មកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ តាមបណ្ដោយមហាវិថី៦០ម៉ែត្រ កាលពីព្រឹកព្រលឹម ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ បន្ទាប់ពីបុរសពីរនាក់បានស្លាប់ភ្លាមៗ ក្រោយការប្រតាយប្រតប់គ្នាដោយកាំបិតមុតស្រួចមួយ ហើយអ្នកដែលរស់រានជីវិតជាស្ត្រីម្នាក់ដែលជាអតីតសង្សាររបស់ជនដៃដល់ 


បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញនារីរងគ្រោះ និងបងប្រុសថ្លៃ បានធ្វើដំណើរតាមម៉ូតូជាមួយគ្នាដើម្បីទៅបំពេញការងារតាមធម្មតា។ លុះមកដល់ចំណុចចិញ្ចើមផ្លូវ៦០ម៉ែត្រ ទល់មុខបុរីសីហា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យដែលត្រូវជាអតីតសង្សារ បានជិះម៉ូតូមកកាត់មុខ រួចយកដុំថ្មគប់ទៅលើនារីរងគ្រោះត្រូវចំភ្លៅ បង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង។


ប្រភពបន្តថា បន្ទាប់ពីគប់រួចជនសង្ស័យមិនបានឈប់ត្រឹមនោះទេ គឺបានបន្តបើកម៉ូតូដេញតាមពីក្រោយយ៉ាងប្រកិត។ដោយមើលឃើញសភាពការណ៍មិនស្រួល បុរសជាបងថ្លៃក៏បានព្យាយាមបើកម៉ូតូអែបខាងដើម្បីការពារសុវត្ថិភាពនៅម្តុំចិញ្ចើមផ្លូវ៦០ម៉ែត្រ ទល់មុខបុរីសីហា មានសន្តិសុខក្រុមហ៊ុនយាមកាម ,ភ្លាមៗនោះ ជនសង្ស័យបានដកកាំបិតបម្រុងនឹងស្ទុះទៅចាក់នារីជាអតីតសង្សារ។


ពេលនោះបុរសជាបងថ្លៃបានសម្រេចចិត្តរុញនារីរងគ្រោះចេញឱ្យផុតពីមុខអាវុធ រួចក៏ចូលទៅប្រតាយប្រតប់ជាមួយជនល្មើស ដើម្បីការពារប្អូនស្រី។ ជាអកុសល ក្នុងអំឡុងពេលតស៊ូគ្នាយ៉ាងសាហាវនោះ ភាគីទាំងសងខាងបានចាក់គ្នាទៅវិញទៅមក បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងររហូតដួលស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់តែម្តង។




ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ..អាយុ២៤ឆ្នាំ ត្រូវជាអតីតមិត្តស្រីជនសង្ស័យ មុខរបរធ្វើការនៅផ្សារទំនើបមួយកន្លែង ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនដៃដល់ដែលជាសង្សាររបស់នាងឈ្មោះឈ្មោះ តុល ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកន្លែងលក់ត្រីសាលម៉ុន ទីលំនៅភូមិជើងកួន ឃុំជើងកួនស្រុកសំរោង ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូ១គ្រឿងម៉ាកHonda dream ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1Y-1596(ស្លាប់នៅក្បែរម៉ូតូ)


ចំណែកជនសង្ស័យជាជនរងគ្រោះឈ្មោះឈ្មោះ សេម បុរី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ សព្វថ្ងៃស្នាក់នៅបុរីពិភពថ្មីគួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ ជិះម៉ូតូ១គ្រឿងម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខតាកែវ1AE-7524(ស្លាប់នៅលើចិញ្ចើមផ្លូវ)


ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យពិច័យបញ្ជាក់ថា «សាកសពទាំងនាក់ស្លាប់ដោយចាក់ដោយកាំបិតចុងស្រួច ជាឃាតកម្ម វាយប្រតាយប្រតប់ និងប្រើកាំបិតចុងស្រួចចាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យស្លាប់» ហើយបានប្រគល់សពទាំង២នាក់ជូនក្រុមគ្រួសាររៀងៗខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ BBN04)




Previous Post Next Post