កោះកុង ៖ ជនដៃដល់ម្នាក់ និង បក្ខពួក២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបចាប់ខ្លួននៅថ្ងៃទី៥មេសាឆ្នាំ២០២៦ នៅលើទឹកដីខេត្តកោះកុង បន្ទាប់ពីបានធ្វើសកម្មភាពយកកាំភ្លើងអាកាបាញ់ទៅលើមនុស្ស២នាក់ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់និងរងរបួសម្នាក់នាពេលកន្លងទៅ។
សមត្ថកិច្ចនិយាយថា ដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តកោះកុង, កម្លាំងនគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និង នគរបាលក្រុងខេមរភូមិន្ទ បានចុះស្រាវជ្រាវបំបែកសំណុំរឿងឃា.តកម្មបាញ់ស.ម្លាប់បុរសម្នាក់នៅក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនដៃដល់ និងបក្ខពួកសរុប៣នាក់។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣និង៣៥នាទី នៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ២នាក់ រួមមាន ១-ឈ្មោះ សុខ ដារ៉ាភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យស្លាប់ និង ២-ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរបួសធ្ងន់។ ក្រោយពីធ្វើសកម្មភាពរួច សង្ស័យបានរត់គេចខ្លួនបាត់តែម្តង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦វេលាម៉ោង៣និង២៥នាទីរសៀល កម្លាំងនគរបាលចម្រុះបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមមាន ១-ឈ្មោះសាយ សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ , ២-ឈ្មោះ សាយ សៀវហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និង ៣-ឈ្មោះ យុន ស្រីលាភ ភេទស្រីអាយុ២០ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន។
កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន៖ អាវុធ AK ស្វាយបត់ ចំនួន១ដើម , បង់កាំភ្លើងចំនួន១ , គ្រាប់កាំភ្លើងចំនួន២៤គ្រាប់, ម៉ូតូចំនួន២គ្រឿង (Zoomer X ចំនួន១គ្រឿង និង PCX ចំនួន១គ្រឿង)។
យោងតាមចម្លើយសារភាព កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៣ និង៣៥នាទី ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអាវុធម៉ាក AK បាញ់ទៅលើជនរងគ្រោះ០២នាក់ប្រាកដមែន មូលហេតុដោយសារតែក្រុមជនរងគ្រោះបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតបុ័ងតោដេញកាប់រូបខ្លួន ទើបខ្លួនដកអាវុធចេញពីក្នុងកែបម៉ូតូធ្វើសកម្មភាពខាងលើតែម្តង។
ចំពោះករណីខាងលើនេះកម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕(ដោយ BBN04)







