ត្រាំយល់ព្រមផ្អាកការវាយប្រហារលើអ៊ីរ៉ង់រយៈពេល ២ សប្តាហ៍ ខណៈរដ្ឋាភិបាលក្រុងតេហេរ៉ង់ថាកិច្ចចរចានឹងចាប់ផ្តើមនៅថ្ងៃទី១០ មេសា

 


..អា  កាលពីថ្ងៃទី៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងផ្អាកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ប៉ុន្តែរដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាច្រកសមុទ្រដ៏សំខាន់។ ការប្រកាសនេះបានធ្វើឡើងតែមួយម៉ោងប៉ុណ្ណោះ មុនពេលឱសានវាទដ៏រន្ធត់របស់លោកក្នុងការបំផ្លាញប្រទេសអ៊ីរ៉ង់ត្រូវឈានចូលមកដល់។


បន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលអស់រយៈពេលជាងប្រាំសប្តាហ៍លោកត្រាំបាននិយាយថា លោកបានទទួលយកសំណើសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ដើម្បីពន្យារពេលឱសានវាទរបស់លោក ប៉ុន្តែលោកនៅតែបន្តដាក់សម្ពាធលើបញ្ហាច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ប្រេងពិភពលោក។


លោត្រាំបានបញ្ជាក់ថា លោកបានពិភាក្សាជាមួយថ្នាក់ដឹកនាំប៉ាគីស្ថាន ដែលបាន «ស្នើសុំឱ្យរូបលោកបង្អង់កម្លាំងបំផ្លិចបំផ្លាញ ដែលគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់នៅយប់នេះ»


លោកត្រាំបានសរសេរលើបណ្តាញសង្គម Truth Social របស់លោកថា៖ «ដោយយោងតាមការយល់ព្រមរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រ Hormuz ទាំងស្រុង ភ្លាមៗ និងដោយសុវត្ថិភាព ខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍»


លោកបានបន្ថែមថា៖ «មូលហេតុដែលធ្វើបែបនេះ គឺដោយសារតែយើងបានសម្រេច និងលើសពីគោលដៅយោធាទាំងអស់រួចទៅហើយ ហើយយើងក៏កំពុងឈានទៅមុខយ៉ាងខ្លាំងក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងច្បាស់លាស់មួយទាក់ទងនឹងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា»


លោកបាននិយាយថា អ៊ីរ៉ង់បានផ្ញើផែនការ ១០ ចំណុចមកកាន់សហរដ្ឋអាមេរិក ដែលលោកបានហៅថាជាផែនការ«អាចយកមកអនុវត្តបាន» សម្រាប់ការចរចា។




ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយជាមួយបញ្ជី ១០ ចំណុចដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានបញ្ជាក់ថា ផែនការនេះនឹងតម្រូវឱ្យមាន «ការបន្តគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រHormuz ការទទួលយកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងការលុបចោលទណ្ឌកម្មចម្បង និងបន្ទាប់បន្សំទាំងអស់»


នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេបានយល់ព្រមលើបទឈប់បាញ់ «នៅគ្រប់ទីកន្លែង» រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ បន្ទាប់ពីការសម្របសម្រួលដោយរដ្ឋាភិបាលរបស់លោក ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដែលបានអូសបន្លាយជាច្រើនសប្តាហ៍។


លោកបានបង្ហោះលើបណ្តាញសង្គម X ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់នៅគ្រប់ទីកន្លែង រួមទាំងលីបង់ និងកន្លែងផ្សេងទៀត ដោយចូលជាធរមានភ្លាមៗ»


តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងភ្លាមៗ បន្ទាប់ពីការអត្ថាធិប្បាយរបស់លោកត្រាំ។ តម្លៃប្រេងបានហក់ឡើងខ្ពស់តាំងពីសង្គ្រាមបានចាប់ផ្តើម ដែលបានដាក់សម្ពាធនយោបាយយ៉ាងខ្លាំងដល់មេដឹកនាំអាមេរិករូបនេះ។


ជាការឆ្លើយតបទៅនឹងការប្រកាសរបស់លោកត្រាំ អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងធានាការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់ចរាចរណ៍តាមសមុទ្រតាមរយៈច្រកសមុទ្រ Hormuz រយៈពេលពីរសប្តាហ៍ ដោយប្រកាសថាការផ្អាកនេះនឹងត្រូវប្រើសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់សង្គ្រាម ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមេសា ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad)


រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហោះលើបណ្តាញសង្គម X ថា៖ «ក្នុងរយៈពេលពីរសប្តាហ៍ការធ្វើដំណើរដោយសុវត្ថិភាពតាមច្រកសមុទ្រ Hormuz នឹងអាចប្រព្រឹត្តទៅបានតាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងដោយមានការពិចារណាលើកម្រិតបច្ចេកទេស»


ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការចរចាត្រូវបានកំណត់ថានឹងមានរយៈពេលពីរសប្តាហ៍ ប៉ុន្តែអាច «ពន្យារពេលបានតាមការព្រមព្រៀងនៃភាគីទាំងសងខាង»


កន្លងមក អ៊ីរ៉ង់បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់ស្ថានការណ៍ ហើយបានបដិសេធមិនបើកច្រកសមុទ្រឡើងវិញ ដែលខ្លួនបានបិទដើម្បីសងសឹកនឹងការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។




លោកត្រាំបានកំណត់ឱសានវាទត្រឹមម៉ោង  យប់ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោនថ្ងៃទី៧ ខែមេសា (ត្រូវនឹងម៉ោង ព្រឹក ថ្ងៃទី៨ ខែមេសា ម៉ោងនៅប្រទេសកម្ពុជាបន្ទាប់ពីការបន្លាយពេលមុននេះក្នុងការគំរាមបំផ្លាញរោងចក្រអគ្គិសនីនិងស្ពានទាំងអស់នៅទូទាំងប្រទេសដែលមានប្រជាជន ៩០ លាននាក់ ដែលនេះត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងទីតាំងដែលបម្រើដល់ជនស៊ីវិលជាចម្បង។


កាលពីដើមថ្ងៃទី៧ ខែមេសា លោកបានធ្វើការគំរាមកំហែងយ៉ាងរន្ធត់ សូម្បីតែតាមស្តង់ដារបង្កហេតុផ្ទាល់ខ្លួនរបស់លោកក៏ដោយ ដែលវាបាននាំឱ្យមានការព្រមានថា លោកកំពុងជំរុញឱ្យមានការប្រល័យពូជសាសន៍ ដែលអាចឈានទៅដល់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងយោធាអាមេរិកដែលអនុវត្តតាមបញ្ជានេះ។


លោកបានសរសេរថា៖ «អរិយធម៌ទាំងមូលនឹងត្រូវវិនាសនៅយប់នេះ ហើយនឹងមិនអាចត្រឡប់មកវិញបានឡើយ។ ខ្ញុំមិនចង់ឱ្យរឿងនោះកើតឡើងទេ ប៉ុន្តែវាប្រហែលជានឹងកើតឡើង»


វោហារសាស្ត្រនេះគឺជាការបង្កើនកម្រិតពីការបង្ហោះ ដែលពោរពេញដោយពាក្យសម្តីអសុរោះកាលពីពីរថ្ងៃមុន ចំថ្ងៃបុណ្យ Easter Sunday


សម្តេចប៉ាប លីអូ ទី ១៤ (Pope Leo XIV) មានបន្ទូលថា «ការគំរាមកំហែងប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ទាំងអស់នេះ» គឺ«ជារឿងដែលមិនអាចទទួលយកបានឡើយ»៕(ដោយ ពិសិដ្ឋ សំណាង)

أحدث أقدم