ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះរាជថានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាប ទីតាំងសង្ស័យមួយកន្លែង ដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្លែងបន្លំជានគរបាលប្រទេសជប៉ុន ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយឃាត់ខ្លួនមនុស្ស២១៨នាក់និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។
សមត្ថកិច្ចនិយាយថា កិច្ចប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ជាសា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ក្នុងចំណោមជនបរទេសសរុប ២១៨នាក់នោះ មានស្រី្ត ១០នាក់ មាន ០៦ សញ្ជាតិ គឺជនជាតិចិន៩៣នាក់, បង់ក្លាដេស ៩១ នាក់, វៀតណាម ១៧ នាក់, ជនជាតិឥណ្ឌា ១១ នាក់, ជប៉ុន ៥ នាក់ និងជនជាតិឡាវ ១ នាក់។ ក្នុងនោះមានមនុស្ស ១១៤ នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។
ជាមួយគ្នានេះ ក្រុមការងារបានដកហូតវត្ថុតាងកុំព្យូទ័រ All in one ១៣៣គ្រឿង, កុំព្យូទ័រយូរដៃ៤៤គ្រឿង, ទូរសព្ទដៃ៣៩២ គ្រឿង, Monitor ១៦គ្រឿង, CPU ១៥គ្រឿង, Tablet ៥គ្រឿង, មួកនគរបាលជប៉ុន ២ មួក, អាវនគរបាលជប៉ុន ៥អាវ និង កាតនគរបាលជប៉ុន៤ សន្លឹក។
យោងតាមការធ្វើកោសល្យវិច័យលើវត្ថុតាងឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា ទីតាំងខាងលើមានជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុនគោលដៅឆបោកជនជាតិជប៉ុន, និងការឆបោកក្រោមរូបភាព លួងលោមស្នេហា និងក្រោមរូបភាពវិនិយោគ ដែលមាន គោលដៅទៅប្រទេសចិន, ឥណ្ឌា, ប៉ាគីស្ថាន, បង់ក្លាដេស និង វៀតណាម។
បច្ចុប្បន្ន ជនសង្ស័យបរទេសទាំង ២១៨ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានេះ៕(ដោយ BBN04)








